ស្ត្រី​ម្នាក់​ស្លាប់​ក្រោយ​ពេល​សម្រាល​កូន​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​កំពង់ឆ្នាំង

ស្ត្រី​វ័យ ៣២​ឆ្នាំ​ម្នាក់​បាន​ស្លាប់ ក្រោយ​ពេល​សម្រាល​កូន​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​កំពង់ឆ្នាំង កាល​ពី​ល្ងាច​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា។ មន្ត្រី​សុខាភិបាល​ឲ្យ​ដឹង​ថា ក្រុម​គ្រូពេទ្យ​កំពុង​វិភាគ​ធ្វើ​កោសល្យវិច័យ​រក​មូលហេតុ​ពិត​ប្រាកដ នៃ​ការ​ស្លាប់​របស់​ស្ត្រី​រូប​នេះ ដើម្បី​ជៀសវាង និង​បង្ការ​កុំ​ឲ្យ​មាន​ករណី​ដូច​គ្នា​នេះ​កើត​មាន​ទៅ​ថ្ងៃ​ក្រោយ​ទៀត។

ក្រុម​គ្រួសារ​ស្ត្រី​សម្រាល​កូន​ស្លាប់​ឈ្មោះ ផាន់ សុអ៊ីម នៅ​ភូមិ​ក្បាលថ្នល់ ឃុំ​ផ្សារ ស្រុក​បរិបូរណ៍ សម្រេច​មិន​ប្ដឹង​ផ្ដល់​ក្រុម​គ្រូពេទ្យ​ពី​ករណី​ស្លាប់​នេះ​ទេ ប៉ុន្តែ​ស្នើ​ឲ្យ​គ្រូពេទ្យ​ប្រកាន់​ខ្ជាប់​នូវ​ក្រម​សីលធម៌ វិជ្ជាជីវៈ និង​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក​ជំងឺ។

ប្ដី​របស់​ស្ត្រី​រងគ្រោះ ចោទ​គ្រូពេទ្យ​នៃ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​កំពង់ឆ្នាំង ថា​មាន​ការ​ធ្វេសប្រហែស និង​ចាក់​ថ្នាំ​ខុស​បច្ចេកទេស ទើប​បណ្ដាល​ឲ្យ​ប្រពន្ធ​របស់​គាត់​ស្លាប់។ លោក​ថា បើ​ទោះ​បី​ប្ដឹង​រឿង​នេះ​ទៅ​តុលាការ ក៏​មិន​សង្ឃឹម​ឈ្នះ​ដែរ ដោយ​គ្រួសារ​លោក​មាន​ជីវភាព​ក្រីក្រ ហើយ​លោក​មិន​សូវ​យល់​ដឹង​ពី​ច្បាប់ ឬ​ឡើង​ចុះ​តុលាការ។

ប្ដី​របស់​ស្ត្រី​រងគ្រោះ និង​ជា​ឪពុក​កូន​កំព្រា​ម្ដាយ​ចំនួន ៤​នាក់ លោក តាត់ សាវ៉ុន រៀបរាប់​នៅ​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា ថា នៅ​មុន​ពេល​សម្រាល និង​ក្រោយ​ពេល​សម្រាល​កូន​ភ្លាម សុខភាព​របស់​ប្រពន្ធ​លោក​នៅ​ធម្មតា ប៉ុន្តែ​ក្រោយ​ពី​គ្រូពេទ្យ​ក្មេងៗ​បី​នាក់​ចាក់​ថ្នាំ​បី​ម្ជុល និង​ដាក់​សេរ៉ូម​ជាប់ៗ​គ្នា ហើយ​បន្តិច​ក្រោយ​មក​មាន​ពេទ្យ​វ័យ​ចំណាស់​ម្នាក់​ទៀត បាន​បូម​ថ្នាំ​ចាក់​មួយ​ម្ជុល​ទៀត ស្រាប់​តែ​អាការៈ​ប្រពន្ធ​គាត់​កាន់​តែ​ចុះ​ខ្សោយ។ លោក​ថា ប្រពន្ធ​របស់​លោក​ទំនង​ជា​ប្រតិកម្ម​ថ្នាំ និង​ចាប់​ផ្ដើម​ធ្វើ​ទុក្ខ​ក្នុង​ខ្លួន​ខ្លាំង​តាំង​ពី​ម៉ោង​ជិត ១២​ថ្ងៃ​ត្រង់ រហូត​ដល់​ម៉ោង​ជាង ៤​ល្ងាច​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ទើប​ដាច់​ខ្យល់​ស្លាប់៖ «យើង​មិន​ចង់​ថា​អី​ទេ! គ្រាន់​ថា​ធ្វើ​អ៊ីចឹង បើ​អ្នក​ក្រោយ​ទៀត​ទៅ​ពេល​មាន​ទម្ងន់ (មាន​ផ្ទៃពោះ) ហើយ​ទៅ​សម្រាល​កូន ការ​ពិត​ដល់​ពេល​យើង​សម្រាល​កូន​រត់​ទៅ​រក​ពេទ្យ​ណា​ដែល​ល្អ យើង​ទៅ​ពេទ្យ​ហ្នឹង។ ជីវិត​មនុស្ស​ទាំង​មូល កើត​កូន​មិន​លំបាក ហើយ​ដូច​យក​គ្នា​ទៅ​សម្លាប់​អ៊ីចឹង ខ្ញុំ​វា​ហួស​ចិត្ដ​ត្រង់​ហ្នឹង»

ឆ្លើយ​តប​បញ្ហា​នេះ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​កំពង់ឆ្នាំង លោក ប្រាក់ វ៉ុន បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ដែល​ថា​ការ​ស្លាប់​របស់​ស្ត្រី​ឈ្មោះ ផាន់ សុអ៊ីម បណ្ដាល​មក​ពី​ប្រតិកម្ម​ថ្នាំ ឬ​ក្រុម​គ្រូពេទ្យ​មិន​យក​ចិត្ត​ទុក​ដាក់​នោះ។ លោក​បញ្ជាក់​ថា បន្ទប់​នាង​សម្រាក​នៅ​ទល់​មុខ​បន្ទប់​ប្រចាំ​ការ​របស់​គ្រូពេទ្យ ហើយ​មាន​ការ​យក​ចិត្ដ​ទុក​ដាក់​ពី​គ្រូពេទ្យ។ លោក​ស្ទាក់ស្ទើរ​ក្នុង​ការ​វិនិច្ឆ័យ​នៃ​ការ​ស្លាប់​នេះ ប៉ុន្តែ​លោក​ពន្យល់​តាម​របៀប​វេជ្ជសាស្ត្រ​ថា បើ​មាន​ប្រតិកម្ម​ថ្នាំ​មែន​នោះ រោគ​សញ្ញា​អាច​ស្ដែង​ចេញ​ភ្លាមៗ ដូចជា សន្លប់ សម្ពាធ​ឈាម​ធ្លាក់​ចុះ និង​ជីពចរ​យក​មិន​បាន ជាដើម៖ «តាម​ពិត​ដូចជា​គាត់​បាន​ជជែក​គ្នា​រួច​ហើយ​នៅ​ក្នុង​ក្របខ័ណ្ឌ​នៃ​មន្ទីរពេទ្យ ព្រោះ​ខ្ញុំ​បាន​ដឹង​ព័ត៌មាន​ហ្នឹង​ភ្លាម យើង​បាន​ចាត់​ចែង​ទៅ​លោក​ប្រធាន​មន្ទីរពេទ្យ ដើម្បី​ឲ្យ​គាត់​ជួយ​ពិនិត្យ​ករណី​ហ្នឹង ហើយ​ក្រុម​តាម​ដាន​ការ​ស្លាប់​របស់​មាតា​របស់​ខេត្ត ក៏​បាន​សាកសួរ​ព័ត៌មាន​ហ្នឹង​ដែរ»

លោក​បញ្ជាក់​ថា ក្រោយ​ពេល​សម្រាល​កូន​ហើយ ស្ត្រី​រូប​នោះ​មាន​សុខភាព​ល្អ​ធម្មតា ប៉ុន្តែ​មាន​បញ្ហា​ថប់​ដង្ហើម​ភ្លាមៗ ដែល​អាច​កើត​ចេញ​ពី​មូលហេតុ​ជាច្រើន។ លោក​ថា មូលហេតុ​ទាំង​នោះ​អាច​មក​ពី​កត្តា​ដុំ​ឈាម​កក​តូចៗ​ទៅ​ស្ទះ​នៅ​ត្រង់​សួត ដែល​បណ្ដាល​ឲ្យ​ស្លាប់។ បញ្ហា​នេះ ទាមទារ​ឲ្យ​ក្រុម​ការងារ​បច្ចេកទេស​នៃ​មន្ទីរពេទ្យ សិក្សា​បន្ថែម ដើម្បី​ជៀសវាង និង​បង្ការ​ករណី​ដូច​គ្នា​នេះ​ទៅ​ថ្ងៃ​ក្រោយ​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។