ប្រជា​នេសាទ​មួយ​ចំនួន​នៅ​ខេត្ត​កំពង់ឆ្នាំង​នេសាទ​ត្រី​ដោយ​ប្រើ​សំណាញ់​បង់​ត្រី

កំពង់ឆ្នាំង គឺ​ជា​ខេត្ត​មួយ​ជាប់​បឹង​ទន្លេសាប​ក្នុង​ចំណោម​ខេត្ត​ចំនួន​៦ របស់​កម្ពុជា។ ប្រជាពលរដ្ឋ​ដែល​រស់នៅ​លើ​ផ្ទៃ​ទឹក ឬ​ក្បែរ​ទន្លេ ភាគ​ច្រើន​បាន​ប្រកប​មុខ​របរ​នេសាទ​ដោយ​ប្រើ​ឧបករណ៍​ទំនើបៗ ខណៈ​ទិន្នផល​ត្រី​កាន់​តែ​ខ្សត់។ ប្រជា​នេសាទ​មួយ​ចំនួន នៅ​តែ​និយម​ប្រើ​សំណាញ់ ឬ​សន្ទូច ដើម្បី​នេសាទ​ត្រី​ជា​លក្ខណៈ​គ្រួសារ ហើយ​ឧបករណ៍​នេសាទ​ទាំង​នេះ និយម​ប្រើ​នៅ​រដូវ​ទឹក​ស្រក។

ទឹក​បឹង និង​ព្រែក​ត្រពាំង​នានា​បាន​ស្រក ឬ​ហូរ​ចូល​ក្នុង​បឹង​ទន្លេសាប​វិញ​រយៈពេល​ជិត​មួយ​ខែ​ហើយ។ រយៈ​ពេល​នៃ​រដូវ​ទឹក​ស្រក​នេះ ជា​ឱកាស​របស់​ប្រជា​នេសាទ ឬ​កសិករ ក្នុង​ការ​នេសាទ​ត្រី​នៅ​តាម​មាត់​ត្រពាំង ឬ​មាត់​ព្រែក​ដែល​មាន​ទឹក​ហូរ​ចូល​ទៅ​ទន្លេ​សម្រាប់​លក់​ដូរ និង​ការ​ហូប​ចុក​ប្រចាំ​ថ្ងៃ។

ជាក់ស្ដែង នៅ​មាត់​ព្រែក ឬ​ទំនប់​បារាំង​ផ្សារ​ក្រោម មាន​មនុស្ស​ស្ទើរ​ពី​គ្រប់​ទិសទី​ក្នុង​ខេត្ត​កំពង់ឆ្នាំង ចន្លោះ​ពី ៥០​នាក់​ទៅ​ជាង ១០០​នាក់​ក្នុង​មួយ​ថ្ងៃ កំពុង​ធ្វើ​សកម្មភាព​បង់​សំណាញ់​បណ្ដាក់​គ្នា​នៅ​តាម​ខ្នង​ទំនប់។ ប្រជាពលរដ្ឋ​ខ្លះ បាន​ចំណាយ​ពេល​ទាំង​យប់​ទាំង​ថ្ងៃ ដើម្បី​បង់​សំណាញ់​យក​ត្រី​លក់ និង​ខ្លះ​ទៀត គ្រាន់​តែ​បាន​សម្រាប់​ធ្វើ​ជា​ម្ហូប ឬ​បង់​កម្សាន្ត​សប្បាយ​នៅ​ពេល​ទំនេរ​ពី​ការងារ​របស់​ពួក​គេ។

ប្រជា​នេសាទ​ម្នាក់​មក​ពី​ឃុំ​ជ្រៃបាក់ ស្រុក​រលាប្អៀរ លោក ប៊ុត សាវិន មាន​ប្រសាសន៍​ថា លោក​បាន​ផ្អាក​ដាក់​មង​ចំនួន ២០​ខ្សែ និង​សន្ទូច​ចំនួន ៦០០​ផ្លែ ហើយ​ឆ្លៀត​មក​បង់​សំណាញ់​វិញ​ម្ដង ដោយ​ល្បី​ថា​នៅ​ទំនប់​បារាំង​ផ្សារ​ក្រោម​នេះ​បង់​ត្រូវ ឬ​បង់​បាន​ត្រី​ច្រើន។ លោក​ថា ត្បិត​ត្រី​មិន​សូវ​សម្បូរ​ដូច​គេ​ថា តែ​លោក​នឹង​បបួល​ប្រពន្ធ​កូន​មក​ជាមួយ ដើម្បី​រង់ចាំ​បង់​ទាំង​យប់​ថ្ងៃ ក្រែង​បាន​លក់​ខ្លះ៖ «មក​បង់​លើក​ដំបូង​ហើយ​បង ទើប​បាន​បី​សំណាញ់​បាន​ត្រី​ព្រួល​កន្លង់ និង​ត្រី​រៀល​បី​បួន​ដែរ​បង។ អូ! ឆ្នាំ​នេះ​ខុស​ពី​ឆ្នាំ​ទៅ​ឆ្ងាយ​ណាស់​បង ព្រោះ​អី​ទឹក​វា​តូច ដល់​ទឹក​តូច​ទៅ​ត្រី​វា​យ៉ាប់​ដែរ»

លោក​បង្ហើប​ថា គ្រួសារ​លោក​ពុំ​មាន​ដី​ស្រែ​ចម្ការ ឬ​មាន​មុខ​របរ​ធំ​ដុំ​នោះ​ទេ ក្រៅ​តែ​ពី​ការ​នេសាទ​ត្រី និង​ពេល​ទំនេរ រូប​លោក​ទៅ​ធ្វើ​ការ​សំណង់។ ដូច្នេះ រដូវ​ទឹក​ស្រក​ម្ដងៗ ជា​ឱកាស​ល្អ​សម្រាប់​ការ​រក​ត្រី​របស់​លោក។

រីឯ​បុរស​វ័យ​ប្រមាណ ៥០​ឆ្នាំ កំពុង​ឱន​ដោះ​ត្រី និង​សំរាម​ចេញ​ពី​សំណាញ់​ទើប​អូស​ចេញ​ពី​ទឹក លោក គឹម សុន រៀបរាប់​បណ្ដើរ​ថា ពេល​ទំនេរ​ពី​ការងារ​ស្រែ​ចម្ការ លោក​តែង​តែ​បង់​សំណាញ់ ហើយ​លោក​បាន​មក​បង់​នៅ​ទំនប់​បារាំង​នេះ​ពីរ ឬ​បី​ថ្ងៃ​ហើយ បាន​ត្រី​ត្រឹម​តែ​ធ្វើ​ម្ហូប មិន​ដែល​បាន​លក់​ដូរ​នឹង​គេ​នោះ​ទេ។ លោក​ថា ត្រី​បង់​បាន​ភាគ​ច្រើន គឺ​ជា​ប្រភេទ​កូន​ត្រី​រៀល ត្រី​កន្លង់ និង​ត្រី​ខ្មាន់ ជាដើម៖ «ខ្ញុំ​ធ្វើ​ស្រែ ប៉ុន្តែ​ពេល​ទំនេរ​មក​រក​ម្ហូប​អ៊ីចឹង​ទៅ។ ម្សិលមិញ​អត់​សូវ​ត្រូវ តែ​ថ្ងៃ​នេះ​គ្រាន់​ត្រូវ។ លោក ជិន ជេដ្ឋា៖ សម្រាប់​ពូ​ផ្ទាល់ មាន​សំណាញ់​ខ្លួន​ឯង ឬ​យ៉ាង​ម៉េច? សំណាញ់​ខ្លួន​ឯង​មួយ​តម្លៃ ១៥​ម៉ឺន ឬ ១០​ម៉ឺន​អ៊ីចឹង​ទៅ»

ចំណែក​បុរស​វ័យ​ប្រមាណ ៣០​ឆ្នាំ​ម្នាក់​ទៀត​រស់នៅ​ក្រុង​កំពង់ឆ្នាំង គឺ​លោក ឈុន បារាំង ឲ្យ​ដឹង​ថា រូប​លោក​ចូល​ចិត្ត​បង់​សំណាញ់ ព្រោះ​ធ្វើ​ឲ្យ​លោក​រីករាយ​ផង និង​អាច​រក​ម្ហូប​ឲ្យ​គ្រួសារ​ម្ដងម្កាល​ផង។

សកម្មភាព​នេសាទ​ត្រី​ដោយ​ចង​សន្ទូច ដាក់​មង និង​បង់​សំណាញ់ មិន​សូវ​មាន​ទៀត​ឡើយ​នៅ​តាម​ដង​ទន្លេសាប ហើយ​ជំនួស​មក​វិញ​ដោយ​ឧបករណ៍​ឆក់ និង​របាំង​ស្បៃ​មុង ឬ​អួន ជាដើម។ ប្រជាពលរដ្ឋ និង​តំណាង​បណ្ដាញ​អ្នក​នេសាទ​បឹង​ទន្លេសាប​ខេត្ត​កំពង់ឆ្នាំង អះអាង​ថា បច្ចុប្បន្ន​ការ​នេសាទ​ត្រី​ដោយ​ប្រើ​ឧបករណ៍​ជា​លក្ខណៈ​គ្រួសារ មិន​អាច​ចាប់​ត្រី​បាន​លក់​ដូរ​នោះ​ទេ គឺ​គ្រាន់​តែ​បាន​ចិញ្ចឹម​ឆ្នាំង​ប្រចាំ​ថ្ងៃ​ប៉ុណ្ណោះ។

បង់​សំណាញ់​ខេត្ត​កំពង់ឆ្នាំង ៦២០
ប្រជា​នេសាទ​បង់​សំណាញ់​នៅ​ខ្នង​ទំនប់​បារាំង​ផ្សារ​ក្រោម ឋិត​នៅ​សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ខេត្ត​កំពង់ឆ្នាំង កាល​ពី​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។ RFA/Chin Chetha

 

តំណាង​បណ្ដាញ​អ្នក​នេសាទ​ខេត្ត​កំពង់ឆ្នាំង លោក ស៊ិន សុបញ្ញា ថ្លែង​ថា ពលរដ្ឋ​អាច​រក​ត្រី​បាន​តាម​រយៈ​បង់​សំណាញ់ ឬ​ចង​សន្ទូច​ទៅ​តាម​រដូវ​កាល និង​មាន​រយៈពេល​ខ្លី ប៉ុន្តែ​ការ​នេសាទ​បែប​នេះ មិន​មាន​លទ្ធភាព​លក់​ដូរ​ទេ ខណៈ​ផល​ត្រី​ក្នុង​ទន្លេ​កាន់​តែ​ថយ​ចុះ។ លោក​ថា ដោយ​កម្ពស់​ទឹក​ទន្លេ​ទាប​នៅ​ឆ្នាំ​នេះ ធ្វើ​ឲ្យ​ពលរដ្ឋ​កាន់​តែ​លំបាក​រក​ត្រី តែ​មាន​អ្នក​ខ្លះ​អាច​ចាប់​ត្រី​បាន​ដោយ​ប្រើ​ឧបករណ៍​ល្មើស​ច្បាប់៖ «កត្តា​ដែល​ធ្វើ​ឲ្យ​ធនធាន​ជលផល ជាពិសេស​មច្ឆា​ខាង​ទឹក​សាប​ថយ​ចុះ ទី​មួយ​ទាក់ទង​នឹង​ការ​កាប់​បំផ្លាញ​ព្រៃ​លិច​ទឹក។ ទី​ពីរ ការ​បង្ក្រាប​បទល្មើស​នេសាទ យើង​បង្ក្រាប​អត់​ទាន់​បាន​ល្អ។ ទី​បី យើង​ការពារ​តំបន់​អភិរក្ស​ត្រី​មេ​ពូជ​អត់​បាន​ល្អ ហើយ​ទី​បួន មាន​ការ​រាំង​ខ្ទប់​ដូច​ទំនប់​វារីអគ្គិសនី ជាដើម»

តំណាង និង​ប្រជា​នេសាទ​នៅ​តាម​ស្រុក​មួយ​ចំនួន​នៃ​ខេត្ត​កំពង់ឆ្នាំង ឲ្យ​ដឹង​ថា បទល្មើស​ស្បៃ​មុង និង​ឆក់​ជាដើម នៅ​តែ​បន្ត​កើត​មាន ដោយ​បទល្មើស​ខ្លះ ជនល្មើស​បាន​ប្រព្រឹត្ត​ដោយ​លួច​លាក់ និង​បទល្មើស​ខ្លះ​ទៀត ជនល្មើស​ត្រូវរ៉ូវ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ឬ​ជំនាញ​រដ្ឋបាល​ជលផល។ បទល្មើស​ខ្លះ​ទៀត កើត​ចេញ​ពី​ការ​អនុវត្ដ​ច្បាប់​នៅ​មាន​ភាព​ធូរ​រលុង និង​ការ​ផ្សព្វផ្សាយ​មិន​ទាន់​បាន​ទូលំទូលាយ​នៅ​ឡើយ។

ទាក់ទង​បញ្ហា​នេះ នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ឆ្នាំង លោក សោម ភិរុណ ធ្លាប់​បញ្ជាក់​ថា រាល់​បេសកកម្ម​ចុះ​បង្ក្រាប​បទល្មើស​នេសាទ ធ្វើ​ឡើង​ដោយ​ក្រុម​ការងារ​ចម្រុះ និង​អនុវត្ត​ទៅ​តាម​ជំហាន​នីមួយៗ​ច្បាស់លាស់​ផ្អែក​លើ​បច្ចេកទេស និង​ច្បាប់។ លោក​ថា មន្ត្រី​ជំនាញ​បាន​ចុះ​ផ្សព្វផ្សាយ​ពី​ច្បាប់​ជលផល​ញឹកញាប់ ដោយ​យល់​ថា ការ​អប់រំ​ដល់​ពលរដ្ឋ និង​ការ​ចុះ​បង្ក្រាប​បទល្មើស​ជា​ប្រចាំ បាន​ធ្វើ​ឲ្យ​បទល្មើស​នេសាទ​គ្រប់​ប្រភេទ​ថយ​ចុះ​ច្រើន ដោយ​កាល​ពី​ឆ្នាំ​២០១៤ បទល្មើស​មាន​រហូត​ដល់​ជាង ៧០០​ករណី ហើយ​ឆ្នាំ​នេះ​មាន​ប្រមាណ ៣៧០​ករណី​ប៉ុណ្ណោះ។

យ៉ាង​ណា ពលរដ្ឋ​រិះគន់​ថា នៅ​គ្រា​អ្នក​មាន​លុយ និង​មាន​អំណាច​មួយ​ចំនួន លួច​ប្រើ​ឧបករណ៍​នេសាទ​ខុស​ច្បាប់ ដើម្បី​ចាប់​ត្រី​ទាំង​តូច​ទាំង​ធំ​យក​ទៅ​លក់​នោះ ប្រជា​នេសាទ​មួយ​ចំនួន​នៅ​តែ​ប្រកាន់​ខ្ជាប់​នូវ​ការ​ប្រើ​ឧបករណ៍​ជា​លក្ខណៈ​គ្រួសារ បើ​ទោះ​បី​ជា​ដឹង​ថា ការ​នេសាទ​បែប​នេះ​មិន​អាច​ចាប់​ត្រី​បាន​ច្រើន ដោយ​ពួក​គាត់​ខ្លាច​ការ​ផ្ដន្ទាទោស​ដែល​ផ្ទុយ​ពី​អ្នក​មាន​លុយ ឬ​មាន​អំណាច​ទាំង​នោះ​ទៅ​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។