ហេតុអ្វី​នៅតាម​ខេត្ត​ ឬស្រុក​កំណើត​ឥលូវ ​ហាក់ក្លាយ​ជាទីនិយម​ជាងនៅ​ភ្នំពេញ ?​

ការគិត​ស្រម៉ៃថា​នឹងបាន ​ឬបានទៅ​កាន់ខេត្ត​ណាមួយ ​ឬស្រុកកំណើត​របស់ខ្លួន​ឯងផ្ទាល់​ វាបានក្លាយ​ទៅជាគោល​ដៅ ​និងចំណង់​ចំណូលចិត្ត​របស់អ្នក​រស់នៅក្នុងទីក្រុង​ភ្នំពេញទៅ​ហើយនាពេល​សព្វថ្ងៃនេះ ។ ​ជាការគួរឱ្យ​កត់សម្គាល់​ មិនថាជានៅ​ថ្ងៃធម្មតា ​ឬថ្ងៃបុណ្យ​ជាតិធំៗ​ដូចជា ​ទិវាបុណ្យ​ចូលឆ្នាំ​ប្រពៃណីជាតិខ្មែរ ​បុណ្យភ្ជុំបិណ្ឌ​ ឬបុណ្យ​អ៊ុំទូកជាដើម​នោះឡើយ​ មនុស្សភាគ​ច្រើនដែល​មានទីលំ​នៅអចិន្ត្រៃយ៍​ ឬមកស្នាក់​នៅក្នុងរយៈ​ពេលយូរ​ក្នុងរាជធានី​ភ្នំពេញតែង​តែប្រាថ្នា​ និងមានគម្រោង​ថា​នឹងទៅកម្សាន្ត​នៅតាមទីរមណីយដ្ឋាន​ក្នុងខេត្តណាមួយ​ ឬទៅកាន់​ស្រុកកំណើត​របស់ខ្លួន​ ជាជាង​សម្ងំនៅ​ក្នុងទី​ក្រុងភ្នំពេញ ។​
ហេតុអ្វី​នៅតាម​ខេត្ត​ ឬស្រុក​កំណើត​ឥលូវ ​ហាក់ក្លាយ​ជាទីនិយម​ជាងនៅ​ភ្នំពេញ ?​ជាក់ស្ដែង​ជារៀងរាល់ឆ្នាំ ​មិនមែនមាន​តែប្រជាពលរដ្ឋ​ នាយោជិក-នាយោជក​នៅតាម​ក្រុមហ៊ុន​ សហគ្រាស​តូច​-ធំនានា​នោះទេ ​សូម្បីតែមន្រ្តីរាជការ​ទូទៅក៏​មមាញឹកណាស់​ដែរ ​ក្នុងការរៀប​ចំខ្លួន ​និងសមាជិក​គ្រួសារ​ទៅកាន់ទីតំបន់​នៅក្នុង​ខេត្តណា​មួយ​ ដើម្បី​សម្រាក​ និងលំហែក​ម្សាន្ត ។​ ជារឿយៗ ​កាលពីជាង១០​ឆ្នាំមុន ​ប្រជាជនខ្មែរ​តែងតែ​សម្គាល់​យ៉ាងនេះថា “​ពេលថ្ងៃបុណ្យភ្ជុំបិណ្ឌ ​ឬចូលឆ្នាំខ្មែរ​មកដល់​ គឺអ្នកភ្នំពេញ​នឹងទៅលេង​ស្រុក​ ឯពេលបុណ្យ​អ៊ុំទូកវិញ​ គឺអ្នកជនបទ​នឹងឡើង​មកលេង​ក្រុងភ្នំពេញ​វិញ​ម្ដង”​ ប៉ុន្តែ​ក្នុងរយៈពេល​ប៉ុន្មានឆ្នាំ​ចុងក្រោយ​នេះ ​យើងកត់​សម្គាល់​ឃើញថា​ ទម្លាប់​ដែលមានដូច​កាលពីជាង​១០ឆ្នាំមុននោះ​បានប្រែប្រួល​បន្តិចម្ដងៗហើយ ​ពោលគឺសូម្បីតែ​បុណ្យអ៊ុំទូក​ដែលគេចំណាំថា​ ប្រជាជនខ្មែរ​គ្រប់ខេត្ត-​ក្រុងនឹង​មកជួប​ជុំកម្សាន្ត​ជាមួយគ្នា​ នៅឯរាជធានីភ្នំពេញនោះ ​បែរទៅ​ត្រឡប់​សោះកក្រោះ ។​ ផ្ទុយទៅវិញ​ វាបែរជានាំឱ្យ​អ្នកភ្នំពេញឯណេះ ​បានដាក់គ​ម្រោងធ្វើ​ដំណើរ​ទៅតាមខេត្តនានា​ដើម្បីកម្សាន្ត​ទៅវិញ ។ ​លើសពីនេះ​ទៅទៀត ​មានគ្រួសារខ្លះ​ ក៏បានធ្លាយក​ម្រោងរហូតទៅធ្វើ​ដំណើរកម្សាន្ត​នៅឯបរទេស ​ឬនៅតាម​ប្រទេសជិត​ខាងមួយចំនួន​ដូចជា៖ ​ប្រទេសថៃ ​វៀតណាម​ ភូមា ​សឹង្ហបូរី​ ម៉ាឡេស៊ី ​ឡាវជាដើម​ ព្រោះនៅក្នុងប្រទេសមួយ​ចំនួនទាំងនេះ ​គេក៏មានប្រពៃណី​ប្រហាក់ប្រហែល ​ឬដូចនឹងខ្មែរ​យើងដែរ​ គឺគេមានការ​ប្រារព្ធពិធីបុណ្យ​អ៊ុំទូកដូច​គ្នា ដែល​របត់ថ្មីនេះ ​វាបានធ្វើឱ្យយើង​គ្រប់គ្នា​មើលឃើ​ញថា​ ការចង់​ដឹងចង់ឃើញ​ និងចង់​ទៅកម្សាន្ត​ជាមួយវប្បធម៌​របស់បរទេស ​វាបានក្លាយ​ជាទម្លាប់ថ្មី​របស់ប្រជាជនខ្មែរ​មួយចំនួនធំ ​ក្នុងឱកាស​ពិធីបុណ្យជាតិ​របស់ខ្លួន ។ ​ប៉ុន្តែទោះជាយ៉ាងណា​ ក៏នៅមាន​គ្រួសារខ្លះ ​មិនមានគម្រោង​ទៅកម្សាន្តនៅ​ទីណាដែរ ​ព្រោះពួកគេគិតថា​ ដើម្បីសន្សំ​ប្រាក់ផង ​មិនចង់ប្រឈម​នឹងគ្រោះថ្នាក់ច្រើន​ផង ឬ​មកពីលក្ខណ្ឌ​ផ្សេងៗ​ទៀត​ជាដើមផង ​ដែល​តម្រូវឱ្យពួកគេ​ត្រូវនៅសម្ងំ​ក្នុងរាជធានីភ្នំពេញ ។​

ហេតុអ្វី​នៅតាម​ខេត្ត​ ឬស្រុក​កំណើត​ឥលូវ ​ហាក់ក្លាយ​ជាទីនិយម​ជាងនៅ​ភ្នំពេញ ?​តើមកពី​មូលហេតុ​អ្វីខ្លះ​ បានជាទីក្រុងភ្នំ​ពេញកាន់តែ​ហាក់ខ្សត់​ប្រជាប្រិយភាព​យ៉ាងដូច្នេះ ?​
ចំពោះបញ្ហាធំៗ​គឺមានច្រើនណាស់​ ដែលបណ្ដាល​ឱ្យរាជធានីភ្នំពេញ​កាន់តែខ្សត់​ប្រជាប្រិយភាព ​ប៉ុន្តែបើតាមការកត់​សម្គាល់ ​ភាពធុញទ្រាន់​នឹងការបំពុល​បរិយាកាស​ ភាពនឿយហត់-ស្មុគស្មាញ​នឹងជីវភាពរស់​នៅប្រចាំថ្ងៃក្នុងទីក្រុង​ កង្វះខ្យល់​បរិសុទ្ធ ​ភាពអ៊ូអរ ​ការកកស្ទះចរាចរណ៍ ​បញ្ហាសុវត្ថិភាព​ អនាម័យសាធារណៈ​ រូបភាពច្រំដែលៗ ​និងការអាក់ខានការ​ប្រារព្ធពិធីបុណ្យណា​មួយតាម​ទម្លាប់ដើម​ ជាដើម​នោះ​ ក៏វាជាមូល​ហេតុចម្បង​ដែលជម្រុញ​ឱ្យអ្នកទី​ក្រុងភ្នំពេញ ​សម្រេចចិត្ត​ធ្វើដំណើរទៅកម្សាន្ត​នៅតាមរមណីយ​ដ្ឋានក្នុងខេត្តនានា ​ឬទៅកាន់​ស្រុកកំណើត​របស់​ខ្លួនវិញដែរ ។ ​
បើយើងមើលឃើញ​តែមួយជ្រុង​ នោះយើងនឹង​និយាយថា​ នេះជារឿង​ធម្មតារបស់​មនុស្ស ​ប៉ុន្តែបើយើង​ពិចារណាឱ្យ​ជ្រៅជាងនេះ​បន្តិចទៀត ​នោះយើងនឹង​ឃើញថា​ មនោសញ្ចេតនា​របស់មនុស្សខ្មែរ​នឹងអត្តសញ្ញាណ​ជាតិឯង ​កាន់តែមានលក្ខណៈខើចទៅៗប​ន្តិចម្ដងៗ ។​ ដូចពាក្យចាស់​បុរាណរបស់ខ្មែរ​មួយឃ្លាបាន​ពោលថា “​វប្បធម៌ខ្មែររលត់ ​ជាតិខ្មែររលាយ​ វប្បធម៌ខ្មែរពណ្ណារាយ​ ជាតិខ្មែរថ្កើងថ្កាន” ​សុភាសិតខ្មែរ​មួយឃ្លានេះ ​ចាស់ខ្មែរបុរាណ​បានកំណត់ពិត​ជាមិនខុសឡើយ ​បើយើងពិចារណា​ឱ្យបានស៊ីជម្រៅនោះ ។ ​
ដូច្នេះអ្វីដែល​យើងជាខ្មែរត្រូវ​រួមគ្នាជួយគិត​ រួមគ្នាជួយធ្វើនោះ​ គឺត្រូវធ្វើយ៉ាងណា​ដើម្បីអភិវឌ្ឍជាតិ​របស់យើង​នៅគ្រប់វិស័យ​ឱ្យមានតុល្យភាព​ដូចៗគ្នា ​ហើយវិស័យណា​ដែលចាំបាច់មុន​ និងវិស័យណា​ដែលបន្ទាប់បន្សំ ​។ បើខ្មែរ​៨០%នៃខ្មែរ​ទាំងអស់ ​មិនរស់ត្រឹម​តែសម្ងំយក​សុខខ្លួនឯង ​នោះជាតិខ្មែរ​ដ៏រុងរឿង​នឹងងើប​ស្រឡះ រុងរឿង ​រីកត្រដែត​ជាងជាតិណាៗ​ទាំងអស់ ។​
ចូរខ្មែរទាំង​ឡាយចងចាំថា៖​ “ការរស់នៅដោយ​បើកភ្នែកមើល​ឃើញដូច​ជាមនុស្សខ្វាក់ ​ការស្ដាប់ឮសូរសម្លេង​ដូចជាមនុស្សថ្លង់​ ការពិចារណាដឹង​យល់ច្បាស់​ដូចជាមនុស្សស​តិមិនគ្រប់​ ឬរស់នៅ​ត្រឹមតែរង់​ចាំការមកដល់មរណៈ ​នោះអ្នកប្រៀប​បានទៅនឹងសត្វ​ដែលកើត​ច្រឡំភពយ៉ាង​ដូច្នោះឯង” ៕​
ដោយ៖ ឈូក ស
រក្សាសិទ្ធិដោយ៖ ស្ថានីយ៍វិទ្យុ Cool FM 100.7