១៦ថ្ងៃ​បញ្ចប់​អំពើហិង្សា ចាប់ពីការរាំចង្វាក់ម៉ាឌីហ្សុន ​ដល់​ការ​ជជែក​ពិភាក្សា​ នៅ​តាម​សកលវិទ្យាល័យ

ភ្នំពេញ: ចាប់​ពី​ថ្ងៃទី ២៥ ខែ វិច្ឆិកា ដែល​ជា​ទិវា​អន្តរជាតិ​លុបបំបាត់​អំពើ​ហិង្សា​លើ​ស្ត្រី និង​ក្មេងស្រី រហូតដល់​ថ្ងៃទី ១០ ខែ​ ធ្នូ ដែលជា​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ ប្រទេស​កម្ពុជា​កំពុង​ប្រកាន់​ជំហរ​សាធារណៈ ដើម្បី​បញ្ចប់​អំពើ​ហិង្សា​លើ​ស្ត្រី។

តាមរយៈ​យុទ្ធនាការ​សកម្មភាព ១៦ ថ្ងៃ​ ដើម្បី​បញ្ចប់​អំពើ​ហិង្សា​ពាក់ព័ន្ធ​នឹង​យេនឌ័រ​ជា​សកល  UN Women នឹង​រៀបចំ​សកម្មភាព​ជា​ច្រើន​រួម​គ្នា​ជាមួយនឹង​សង្គមស៊ីវិល និង​រដ្ឋាភិបាល។

ប្រធានបទ សម្រាប់​យុទ្ធនាការ ១៦ ថ្ងៃ ក្នុង​ប្រទេស​កម្ពុជា ក្នុង​ឆ្នាំ ២០១៥ នេះ គឺ​ការ​បង្វែរ​ការ​បន្ទោស។ តំណាង​ UN Women ប្រចាំប្រទេស​កម្ពុជា លោកស្រី Wenny Kusuma ពន្យល់ថា៖ “មាន​ស្ត្រី​ជា​ច្រើន​នាក់ ដែល​ជា​ជន​រង​គ្រោះ​ដោយសារ​អំពើហិង្សា ទទួលរង​ការ​បន្ទោស​ពី​សង្គម ចំពោះ​អំពើ​ឃោឃៅ​ដែល​ត្រូវ​បាន​ប្រព្រឹត្ត​មកលើ​ពួកគេ។ អំពើហិង្សាមិនមែនជាកំហុសរបស់ជនរងគ្រោះទេ។ ជំនួសមកវិញ ជនល្មើសត្រូវតែទទួលខុសត្រូវចំពោះទង្វើរបស់ពួកគេ។

ជាមួយនឹង​យុទ្ធនាការ ១៦ ថ្ងៃ​ ឆ្នាំនេះ គោលបំណង​របស់​យើង​ គឺ​ត្រូវ​បង្វែរ​ការ​បន្ទោស​លើអ្នកដែលប្រព្រឹត្តអំពើហិង្សាលើស្រ្តី”។ បើ​ទោះ​បីជា​មាន​កិច្ច​ខិតខំ​ប្រឹងប្រែង​ នៅ​ក្នុង​គ្រប់​សង្គម​ជាតិ​ទាំងអស់ ដើម្បី​បន្ត​ទប់ស្កាត់​អំពើ​ហិង្សា​លើ​ស្ត្រី​ នៅ​ទូទាំង​ពិភពលោក​ យ៉ាង​ណា​ក៏ដោយ របាយការណ៍ថ្មី​មួយ​បង្ហាញថា ក្នុង​ចំណោម​ស្ត្រី​ខ្មែរ ៥ នាក់ មាន ១ នាក់ បាន​ទទួលរង​អំពើ​ហិង្សា​ផ្លូវ​កាយ និង/ឬ​ផ្លូវភេទ ក្នុង​ជីវិត​របស់​ពួកគេ។ មាន​ស្ត្រី​ជិត​ពាក់​កណ្តាល (៤៩%) ក្នុង​ការ​សិក្សានេះ យល់​ស្របថា ក្រោម​កាលៈមួយចំនួន ប្តី​មាន​ហេតុផល​សមស្រប ក្នុង​ការ​វាយ​ប្រពន្ធ​របស់ខ្លួន។ ស្ត្រី ៤០ ភាគរយ ដែល​ទទួល​រង​អំពើហិង្សា​ បាន​លើកឡើងថា ពួកគេ​ពុំ​បាន​ស្វែង​រក​ជំនួយ​អ្វីឡើយ ដោយសារតែ​ពួកគេ​ជឿថា អំពើហិង្សា​គឺជា “រឿង​ធម្មតា” ហើយ​មិន​មែន​ជា​អ្វីដែឡ “ធ្ងន់​ធ្ងរ” ឡើយ។

លោកស្រី​ Kusuma មាន​ប្រសាសន៍ថា “វា​គឺជា​ការ​សំខាន់​ខ្លាំងណាស់ ដែល​យើង​ត្រូវ ​ធ្វើ​ការ​ផ្លាស់​ប្តូរ​ការ​យល់​ឃើញ ដែល​ថា អំពើហិង្សា​ កើត​មាន​ឡើង ​ដោយសារ​តែ​មាន​ហេតុផល​សមស្រប។ ស្ត្រីត្រូវ​តែ​ដឹង​ពី​សិទ្ធិ​របស់​ខ្លួន ហើយ​សិទ្ធិ​របស់​ពួកគេ ត្រូវ​ទទួល​បាន​ការការពារ​ពី​យើង​ទាំងអស់គ្នា។ យុទ្ធនាការ ១៦ ថ្ងៃ ក្នុង​ប្រទេស​កម្ពុជា​ នឹង​ជម្រុញ​ឲ្យមាន​សកម្មភាព ដើម្បី​គាំទ្រ​ដល់​ការ​សម្រេច​គោលដៅនេះ។”

យុទ្ធនាការ ១៦ ថ្ងៃនេះ មាន​ប្រពៃណី​ជាយូរ​មក​ហើយ ដោយ​សង្គមស៊ីវិល​ពួតដៃគ្នា​រឹងមាំ ដើម្បី​ដឹកនាំ​កិច្ច​ខិតខំ​ប្រឹងប្រែង​បង្កើន​ការ​យល់ដឹង​ ក្នុង​ប្រទេស​កម្ពុជា។ ការ​កៀងគរ​សង្គម​ជា​ទ្រង់​ទ្រាយ​ធំ នឹង​ធ្វើ​ឡើង​ទូទាំង​ប្រទេស ហើយ​អង្គការនានា​កំពុង​ធ្វើការ​សម្របសម្រួល ជាមួយនឹង​ទីភ្នាក់ងារ​សហប្រជាជាតិ និង​រដ្ឋាភិបាល ដើម្បី​ពង្រឹង​សកម្មភាព ក្នុង​ការ​ឈាន​ទៅ​បញ្ឈប់​អំពើ​ហិង្សា​លើ​ស្ត្រី។ នៅ​ឆ្នាំនេះ  UN Women រួមជាមួយនឹង​ក្រសួង​កិច្ចការនារី នឹង​រៀបចំ​ព្រឹត្តិការណ៍​ធំៗចំនួន ៤ នៅ​ទូទាំង​ប្រទេស។ តាមរយៈ​ព្រឹត្តិការណ៍​ជា​ច្រើន ដែល​មាន​ចាប់ពី​ការ​រត់​ម៉ារ៉ាតុង ជុំវិញ​ប្រាង្គប្រសាទ​អង្គរវត្ត​ដ៏​ស្រស់​ស្អាត រហូតដល់​ការ​ពិភាក្សា​ជាមួយនឹង​និស្សិត​តាម​សកលវិទ្យាល័យនានា ប្រទេស​កម្ពុជា​កំពុង​ធ្វើ​សកម្មភាព ដើម្បី​បញ្ចប់​អំពើ​ហិង្សា​ពាក់​ព័ន្ធ​នឹង​យេនឌ័រ៕