អគ្គិភ័យ​លេប​ត្របាក់​អស់​ផ្ទះ​១៥​ខ្នង​ ​តាម​បណ្ដោយ​ផ្លូវ​រថភ្លើង​ក្នុង​សង្កាត់​បឹង​កក់​ទី​១កាល​ពី​ល្ងាច​មិញ

រាជធានី​ភ្នំពេញ ៖ ផ្ទះ​ធ្វើ​ពី​ឈើ​ប្រក់​ស័ង្កសី​ជា​ច្រើន​ខ្នង​នៅ​តាមបណ្ដោយ​​ផ្លូវ​រថភ្លើង ស្ថិត​ក្នុង​សង្កាត់​បឹង​កក់​ទី​១ ខណ្ឌទួលគោក ត្រូវ​បាន​អគ្គិ​ភ័យ​ឆាបឆេះ​កាលពី​វេលា​ម៉ោង​៤ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២៤ វិច្ឆិកា ​២០១៥​នេះ ដែល​ការ​ឆាបឆេះ​នេះ​ផ្សែងហុយ​ខ្មួលខ្មាញ់​ទៅ​លើ​អាកាស​អស់​រយៈពេល​ប្រមាណ​ជិត​១​ម៉ោង ។ ទាក់​ទិ​ក​ទិន​ការ​កើត​មាន​អគ្គិភ័យ​នេះ​ពុំ​ត្រូវ​បាន​គេ​ដឹង​ពី​មូលហេតុ​ពិតប្រាកដ​ឡើយ ។

តាម​សាក្សី​​នៅ​កន្លែង​កើត​ហេតុ​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​ភ្លើង​បាន​ចេញពីផ្ទះ​លក់​កាហ្វេ ដែល​មាន​ម្ចាស់​ឈ្មោះ យ៉ៅ យ៉េ​ត ភេទ​ប្រុស​ អាយុ​៤៦​ឆ្នាំ ជា​អ្នក​រត់​ម៉ូតូ​កង់​៣ និង​ប្រពន្ធ​ឈ្មោះ ថន ធី អាយុ​៤៤​ឆ្នាំ ជា​អ្នកលក់​កាហ្វេ ហើយ​បាន​ឆេះ​រាលដាល​យ៉ាង​ឆាប់រហ័ស ។

តាម​ស្ត្រី​ឈ្មោះ ថន ធី ដែល​ជា​ម្ចាស់ផ្ទះ​ដើម​ភ្លើង បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គាត់​កំពុង​នៅ​មុខ​ផ្ទះ​ស្រាប់តែ​ភ្លើង​បាន​ឆេះ​ចេញពី​បន្ទប់​របស់​កូន​គាត់​នៅ​ខាងក្រោម ហើយ​ឆេះ​រាលដាល​យ៉ាង​ឆាប់រហ័ស​តែ​ម្តង ។ ស្ត្រី​រូប​នោះ​បានអោយ​ដឹង​ទៀត​ថា គាត់​ពុំ​បានដឹង​ពី​មូលហេតុ​នេះ​ការ​ឆេះ​នេះ​ឡើយ ។

តាម​មន្ត្រី​នគរបាល​មូលដ្ឋាន​បានអោយ​ដឹង​ថា នៅ​ពេល​កើត​មាន​អគ្គិភ័យ រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​១៤​គ្រឿង​ទៅ​អន្តរាគមន៍​បាញ់​ពន្លត់​អស់​រយៈពេល​ប្រមាណ​១​ម៉ោង​ទើប​រលត់ ។ មន្ត្រី​ន​របាល​រូប​នោះ​បានអោយ​ដឹង​ទៀត​ថា ផ្ទះ​ធ្វើ​ពី​ឈើ​ប្រក់​ស័ង្កសី​ដែល​សង់​ជាប់​គ្នា​ចំនួន​១៥​ខ្នង ជា​សំណង់​មិន​រៀបរយ​ត្រូវ​ភ្លើង​ឆេះ​អស់​គ្មាន​សល់ រូ​ម​ជាមួយ​ទ្រព្យសម្បត្តិ​មួយ​ចំនួន​ធំ ។ នៅ​ក្នុង​ហេតុការណ៍​នេះ​ដែរ​ពុំ​បណ្តាល​អោយ​មនុស្ស​រង​របួស​ឡើយ ។

មន្ត្រី​នគរបាល​រូប​នោះ​មានការ​សង្ស័យ​ថា អាច​បង្ក​មក​ពី​ទុ​ស្សេ​ចរន្តអគ្គិសនី​ទើប​កើត​មាន​អគ្គី​ភ័យ​នេះ ៕