អាថ៌កំបាំង​នៃ​ភាព​ល្បីឈ្មោះ​របស់លោក ជេ​ម ជី​រ៉ា​យុ ដែល​អ្នក​មិន​ឆ្លា​ប់​បានដឹង​

Sanofi

​លោក ជេ​ម ជី​រ៉ា​យុ (Jame  Jirayu) ត្រូវបាន​ទស្សនិកជន​ស្គាល់​យ៉ាងច្បាស់​ថា ជា​តួឯក​ប្រុស​ក្នុង​រឿង «​ក្លិន​ស្នេហ៍​ជាប់​ទ្រូង​» (Neang Nai Suang) ។ លោក​មិនមែនជា​តារា​ថៃ​កូនកាត់ ដូច​តារា​ល្បីៗ​ឯទៀត​នោះទេដោយ​ស្រុកកំណើត​របស់លោក គឺ​នៅ​ខេត្ត​ភី​ជី​ត (Pi chit) លោក​មាន​កម្ពស់ ១៨៤ សង់ទីម៉ែត្រ ទម្ងន់ ៧០ គីឡូក្រាម ហើយ​បច្ចុប្បន្ន​លោក​មាន​អាយុ ២២ ឆ្នាំ (​កើត​ថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ១៩៩៣) ។​




​តាមពិតទៅ លោក ជេ​ម មិន​ឆ្លា​ប់​គិត​សោះឡើយ​ថា នឹង​ចង់​មក​ចាប់​អាជីព​ជាតា​រា​សម្តែង តែ​អ្វីៗ​គឺ​ដូចជា​វាសនា​បានកំណត់ ដោយ​អ្នកគ្រប់គ្រង​បច្ចុប្បន្ន​របស់លោក ជេ​ម គឺ​លោក ណាន​ឆៈ​ឡា​ត គ្រាន់តែ​ឃើញ​រូបថត​លោក ជេ​ម តាមរយៈ​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​ភ្លាម លោក​ក៏​ខ្នះខ្នែង​ស្រាវជ្រាវ​តាមរក​។ ពេល​ដឹងថា លោក ជេ​ម ជា​អ្នកស្រុក​រស់នៅក្នុង​ខេត្ត​ភី​ផី​ត អ្នកគ្រប់គ្រង​រូបនេះ​បាន​ចុះ​មកដល់​ខេត្ត សួរនាំ​តាម​មិត្តភក្តិ និង គ្រូបង្រៀន​របស់លោក ជេ​ម ទើបបាន​ជួប​សុំ​ការអនុញ្ញាត​ពី​ឪពុក​របស់លោក ជេ​ម ដើម្បី​ឲ្យ​លោក ជេ​ម ចូលប្រឡូក​ក្នុង​អាជីព​ជា​អ្នកសិល្បៈ ដោយ​អះអាងថា លោក​នឹង​ធ្វើឱ្យ​លោក ជេ​ម បាន​ល្បីឈ្មោះ​ក្នុងពេល​ដ៏​ខ្លី​។​




​ស្របពេល​ជាមួយគ្នា​នោះ ប៉ុស្តិ៍​លេខ ៣ ក៏​កំពុង​ត្រៀម​ថត​រឿង «​សុភាពបុរស​ជូ​ថា​ថេប​» (Suparburoot Jutathep) ហើយ​កំពុងតែ​ស្វែងរក​តួ​សម្តែង​ជា «​អ្នកអង្គម្ចាស់​ទី ៣»​។ ប៉ុន្តែ ដើម្បី​ចូលខ្លួន​មក​សម្តែង​ជា​តារា​របស់​ប៉ុស្តិ៍​លេខ ៣ លោក ជេ​ម ត្រូវតែ​ចុះកិច្ចសន្យា​រយៈពេល ៥ ឆ្នាំ ទើប​ប៉ុស្តិ៍​លេខ ៣ ព្រម​ទទួល​។ ដំបូង​ឡើយ​មាន​ព័ត៌មាន​រិះគន់ថា ជ្រើសរើស​លោក ជេ​ម សម្តែង​ជា «​អ្នកអង្គម្ចាស់​ទី ៣» គឺ​មិន​ស័ក្តិសម​ទេ ព្រោះ​តួអង្គ «​អ្នកអង្គម្ចាស់​ទី ៣» ជា​គ្រូពេទ្យ​ជំនាញ​ឯកទេស ដូចនេះ​គួរ​មាន​អាយុ​ច្រើនជាង​នេះ​គឺ​មិនតិចជាង​៣០ ឆ្នាំ​នោះទេ ហើយ​ពេលនោះ លោក ជេ​ម ទើបតែ​មាន​អាយុ ២០ ឆ្នាំ ប៉ុណ្ណោះ​។​




​ភាព​សំណាង​របស់លោក ជេ​ម គឺមាន​ច្រើន ព្រោះ​លោក​មិន​ឆ្លា​ប់​មាន​បទពិសោធ​សម្តែង​សោះ ហើយ​ពេលនោះ​ក៏​មិនបាន​រៀន​ទាក់ទង​នឹង​មុខវិជ្ជា​សិល្បៈ​អ្វី​ឡើយ តែដោយសារ​រឿង «​សុភាពបុរស​ជុ​ថា​ថេប​» មាន​ចំនួន ៥ វគ្គ ហើយ​វគ្គ​ដែល​លោក ជេ​ម ត្រូវ​សម្តែង ជា​តួឯក​ប្រុស​ក្នុង​វគ្គ​ទី ៣ ដូចនេះ​សម្រាប់​វគ្គ​ទី ១ និង វគ្គ​ទី ២ លោក ជេ​ម មាន​ពេលវេលា​គ្រប់គ្រង​រៀន​មើល​បទពិសោធ​ពី​អ្នក​សម្តែង​ជុំវិញ ហើយក៏​ត្រៀម​ហាត់​ត្រៀម​អត្តចរិត​ឱ្យ​ត្រូវ​ជាមួយ​តួអង្គ​ក្នុង​សាច់រឿង ហើយ​ថែមទាំង​អ្នកគ្រប់គ្រង​របស់លោក​មាន​បទពិសោធ​ផ្នែក​បង្វឹក​តារា​ថ្មីៗ បាន​ឲ្យ​លោក ជេ​ម ចូលរៀន​ហាត់​រាំ រៀន​ភាសា​របស់​អ្នក​វាំង និង ជ្រើសរើស​ស្ទីល​ម៉ូដ​សក់ រួមទាំង​សម្លៀកបំពាក់​ដែល​ប្រែ​រូបលោក ជេ​ម ពី​យុ​វ័យ​មកជា​បុរស​វ័យ​កណ្តាល ពោល​ពេញ​ដោយ​ភាពស្រស់​សង្ហារ និង មន្ត​ស្នេហ៍​។​



​ទីបំផុត ក្នុងចំណោម​រឿង​ទាំង ៥ របស់ « សុភាពបុរស​ជុ​ថា​ថេប​» គឺ​រឿង​វគ្គ​ទី ៣ ដែលមាន​ចំណងជើង​ថា «​ស្នេហ៍​ជ្រែក​វណ្ណៈ​» (Khun Chai Puttipat) ដែល​លោក ជេ​ម សម្តែង​ជា​តួឯក​ប្រុស និង ចាប់​គូ​សម្តែង​ជាមួយ​អ្នកនាង បេឡា វ៉ា​នី​តា (Bella Vanita) មាន​អត្រា​ទស្សនា​ខ្ពស់ជាង​វគ្គ​ផ្សេងៗ ហើយ​តាមរយៈ​អ៊ី​ស្តា​ហ្គា​ម (Instagram) ក៏មាន​ទស្សនិកជន​ចុច LIKE កោតសរសើរ​ថា រឿង «​ស្នេហ៍​ជ្រែក​វណ្ណៈ​»  ពិតជា​ល្អមើល ជាពិសេស​គឺ​ចូលចិត្ត​ការសម្តែង​រប​ស់លោក ជេ​ម​។



​ត្រឹមតែ​ការចេញមុខ​ចំពោះ​រឿង​ដំបូង​សោះ ក្រុមហ៊ុន​ប្រព័ន្ធ​ទូរស័ព្ទ​ដ៏​ល្បី​របស់​ប្រទេស​ថៃ ហ៊ាន​ចំណាយ​ប្រាក់ ១៤ លាន​បាត (​ប្រហែល ៣៩ ម៉ឺន​ដុល្លារ​អាមេរិក​) ជ្រើសរើស​លោក ជេ​ម ឱ្យធ្វើជា​អ្នកតំណាង​ផលិតផល ដោយ​អ្នកគ្រប់គ្រង​របស់លោក ជេ​ម​បាន​បង្ហើប​ថា តម្លៃ​ត្រឹម​ប៉ុណ្ណឹង មិនជា​ថ្លៃ​នោះទេ ព្រោះ​ក្នុង ១ ឆ្នាំ យ៉ាងហោចណាស់ លោក ជេ​ម ក៏ត្រូវ​ចូលរួម​សកម្មភាព​របស់​ក្រុមហ៊ុន​ជាង ៣០ ថ្ងៃ​។​



​មិន​ត្រឹមតែ​ប៉ុណ្ណោះ គ្រាន់តែ​ទទួល​ថត​ផ្សាយពាណិជ្ជកម្ម​ឱ្យ​ម៉ាក​ទឹកដោះគោ​ជូរ​ភ្លាម ម៉ាក​នោះ​ក៏​លក់ដាច់​ក្នុង​មួយថ្ងៃ​អស់​ជាង ១ សែន​កែវ រហូត​ធ្វើឱ្យ​ក្រុមហ៊ុន​ល្បីៗ​ជាច្រើន​ដណ្តើម​គ្នា​អញ្ជើញលោក ជេ​ម ឱ្យធ្វើជា​អ្នកតំណាង​របស់​ផលិតផល ។ ម្ល៉ោះហើយ នៅ​ឆ្នាំ ២០១៤ លោក ជេ​ម ត្រូវបាន​ចាត់​ចូល​ជាតា​រា​ដែលមាន​តម្លៃ​ខ្លួន​ខ្ពស់​លំដាប់​លេខ ២ របស់​ប្រទេស​ថៃ​។ បច្ចុប្បន្ននេះ ក្រៅពី​ការសម្តែង លោក ជេ​ម ត្រូវ​បន្ថែម​ការសិក្សា​វគ្គ​ខ្លីៗ​ជាច្រើន និង បន្ត​ការសិក្សា​នៅ​មហាវិទ្យាល័យ​ផ្នែក​សិល្បៈ ព្រោះ​អ្នកគ្រប់គ្រង​របស់លោក​មាន​ម​ហិ​ច្ឆិ​តា​ចង់ឱ្យ​លោក ជេ​ម ដណ្តើម​តំណែង​ជា​កំពូល​តារា​ប្រុស​លេខ​មួយ​របស់​ប្រទេស​ថៃ​៕ ខេ​រី​
(​ប្រភព​៖  ផូ​ស៊ី​សឹង​នី​ង​)







Related