ឈ្មួញ​គាស់​ដើម​ត្នោត​នៅ​ស្រុក​រមាស​ហែក​លក់​ឲ្យ​វៀតណាម អាជ្ញាធរ​មាន​សមត្ថកិច្ច​ថា​អត់ដឹង

ខេត្តស្វាយរៀង ៖ ក្រុម​ឈ្មួញ​នាំ​គ្នា​ដើរ​ប្រមូល​ទិញ​ដើម​ត្នោត​រាប់រយ​ដើម​លក់​ឲ្យ​វៀតណាម​អស់​រយៈពេល​ជាង​មួយ​ខែ​មក​ហើយ​ ពុំ​ទាន់​មាន​អាជ្ញា​ធរមាន​សមត្ថកិច្ច​ណា​អើពើ​ឡើយ​រហូត​មក​ដល់​​ម៉ោ​៤​រសៀល​ថ្ងៃ​ទី​២៤ វិច្ឆិកា​ ២០១៥នេះ ។

ប្រជាពលរដ្ឋ​​នៅ​ស្រុក​រមាស​ហែក ខេត្ត​ស្វាយ​រៀង ក៏​ដូច​ជា​ប្រជា​ពលរដ្ឋ​ទូទៅ​បាន​រិះគន់​យ៉ាង​ចាស់ដៃ​ថា បើ​សមត្ថកិច្ច​បើកដៃ​ឲ្យ​វៀតណាម​ចូល​មក​គាស់​ដើម​ត្នោត​យក​ទៅ​បែប​នេះ មិនយូរ​ទេ​ពិតជា​អស់​ដើម​ត្នោត​ដែល​ជា​អត្តសញ្ញាណ​នៃ​វប្បធម៌​ជាតិខ្មែរ​អស់​ជា​មិន​ខាន ។ ម្យ៉ាងទៀត​ព្រះមហាក្សត្រ​ធ្លាប់​បាន​ចេញ​ព្រះរាជ​ក្រិ​ត្យ​ហាម​មិន​ឲ្យ​កាប់​បំផ្លាញ​ទេ ត្រូវ​រួម​គ្នា​អភិរក្ស​រក្សា​ទុកជា​អត្តសញ្ញាណ​ជាតិខ្មែរ ។

សូម​បញ្ជាក់​ថា ករណី​វៀតណាម​មក​ប្រមូល​ទិញ និង​គាស់​ដើម​ត្នោត​នេះ​កើតឡើង​ជាង​១​ខែ​ហើយ​នៅ​ទួល​យាយ​ជរ​ស្ថិត​នៅ​ភូមិ​បែក​ចាន ឃុំ​អង្គ​ប្រ​ស្រែ ស្រុក​រមាស​ហែក ខេត្ត​ស្វាយ​រៀង ។

ទាក់ទិន​ករណី​ខាងលើ​នេះ​ដែរ​ប្រជាពលរដ្ឋ​នៅ​ភូមិ​បែក​ចាន​បាន​ឲ្យ​ដឹង​ថា វៀតណាម​មក​គាស់​ដើម​ត្នោត​នៅ​ទួល​យាយ​ជរ ភូមិ​បែក​ចាន​នេះ​តាំងពី​ថ្ងៃ​ទី​១៨ វិច្ឆិកា ២០១៥ រហូត​មក​ថ្ងៃ​ទី​២៤ វិច្ឆិកា ២០១៥​នេះ គាស់​បាន​ជាង​២០​ដើម បម្រុង​ដឹក​ចេញ​ទៅ​ប្រទេស​វៀតណាម​ហើយ ។ ប្រភព​ដដែល​បន្ត​ទៀត​ថា វៀតណាម​មក​ទិញ​ដើម​ត្នោត​នេះ​តាម​រយៈ​ឈ្មោះ វន នៅ​ភូមិ​អង្គ​ប្រ​ស្រែ​មក​ទិញ​ពី​ប្រជាពលរដ្ឋ​ឈ្មោះ ប្រឹង កាន ភេទ​ស្រី អាយុ​៥០​ឆ្នាំ នៅ​ភូមិ​បែក​ចាន ឃុំ​អង្គ​ប្រ​ស្រែ ហើយ​ដើម​ត្នោត​នេះ​ជា​របស់​ម្តាយ​គាត់​ឈ្មោះ​យាយ កូយ អាយុ​៧៧​ឆ្នាំ ។

ទាក់ទិន​ករណី​វៀតណាម​គាស់​ដើម​ត្នោត​នេះ​ដែរ សមត្ថកិច្ច​ម្នាក់​បង្ហើប​ឲ្យ​ដឹង​ថា មន្ត្រី​នគ​បាល​ប៉ុស្តិ៍​វរៈ​ការពារ​ព្រំដែន​ច្រករបៀង​ថ្នា​ធ្នង់​ជា​អ្នក​ឲ្យ​ជនជាតិ​វៀតណាម​យក​អេ​ស្កា​វ៉ា​ទ័​រ​ពី​ប្រទេស​វៀតណាម​ចូល​ក្នុងស្រុក​រមាស​ហែក មក​គាស់​ដើម​ត្នោត​យក​ទៅ​ប្រទេស​វៀតណាម​រយៈពេល​ជាង​មួយ​ខែ​ហើយ និង​ដឹក​ដើម​ត្នោត​អស់​រាប់រយ​ដើម​ចូល​ប្រទេស​វៀតណាម​ទៀត​ផង ។

ពាក់​ព​ន្ធ័​ករណី​ខាងលើ​នេះ លោក ពេញ ជា អភិបាលស្រុក​រមាស​ហែក បាន​មាន​ប្រសាសន៍​តាម​ទូរ​សព្ទ័​ថា ពិតជា​មាន​វៀតណាម​ចូល​មក​ទិញ​ដើម​ត្នោត​នៅ​ស្រុក​រមាស​ហែក​មែន​កាលពី​មួយ​ខែ​មុន លោក​ក៏​បាន​ឲ្យ​មន្ត្រី​នគ​បាល​ចុះ​បង្ក្រាប​ហើយ​ដែរ ។ តែ​ចំពោះ​វៀតណាម​ចូល​មក​គាស់​ដើម​ត្នោត​នៅ​ភូមិ​បែក​ចាន​នោះ​លោក​មិន​បានដឹង​ទេ ចាំ​លោក​ឲ្យ​នគ​បាល​ចុះ​ទៅ​ពិនិត្យ​មើល ។

រីឯ​លោក​អធិការ​នគ​បាល​ស្រុក​រមាស​ហែក​បាន​ឲ្យ​ដឹង​ថា លោក​នឹង​ចាត់​មន្ត្រី​នគ​បាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​អង្គ​ប្រ​ស្រែ​ចុះ​ទៅ​បង្ក្រាប និង​ចាប់​អេ​ស្កា​វ៉ា​ទ័​រដែ​ល​គាស់​ដើម​ត្នោត​នោះ ។ រីឯ​មន្ត្រី​នគ​បាល​ប៉ុស្តិ៍​ច្រករបៀង​ថ្នា​ធ្នង់​មិន​អាច​ទាក់​ទង​​សុំ​ការ​បំភ្លឺ​បាន​ទេ ។

ចំណែក​អ្នក​ប្រមូល​ទិញ​ដើម​ត្នោត​លក់​ឲ្យ​វៀតណាម​វិញ​និយាយ​ថា ពួក​គេ​បាន​បង់ប្រាក់​ឲ្យ​លោក​អភិបាលស្រុក និង​មន្ត្រី​នគ​បាល ទាហាន​វរៈ​ការពារ​ព្រំដែន​អស់ហើយ ទើប​ពួក​គេ​អាច​យក​អេ​ស្កា​វ៉ា​ទ័​រ​ និង​រថយន្ត​មក​ដឹក​ដើម​ត្នោត​ទៅ​បាន ព្រោះ​គេ​ទិញ​ពី​ប្រជាពលរដ្ឋ​ម្ចាស់​ដើម​ត្នោត​អស់ហើយ ហើយ​បើ​ពួក​គេ​មិន​បង់លុយ​ឲ្យ​សមត្ថកិច្ច​ស្មានថា​ដឹក​ចេញ​បាន​ឬ ?

ប្រជាពលរដ្ឋ​នៅ​ស្រុក​រមាស​ហែក ក៏​ដូច​ជា​ប្រជាពលរដ្ឋ​ទូ​ទាំង​ប្រទេស រង់ចាំ​មើល​ចំណាត់ការ​អាជ្ញាធរ​​ និង​សមត្ថកិច្ចពាក់​ព័ន្ធ​ ថា​តើ​មាន​វិធានការ​បែប​ណា​ចំពោះ​បញ្ហា​នេះ ៕