ពលរដ្ឋ​៤៣​គ្រួសារ​នៅ​ក្រុង​ប៉ោយប៉ែត​អះអាង​ថា​តុលាការ​បង្ខំ​ឲ្យ​រុះរើ​ផ្ទះ​ចេញ​ពី​ដី

ប្រជាពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ចំនួន ៤៣​គ្រួសារ​នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ បារម្ភ​ពុំ​មាន​ដី​សង់​លំនៅឋាន​ស្នាក់​អាស្រ័យ បន្ទាប់​ពី​ចៅក្រម​អម​សាលា​ដំបូង​ខេត្ត បង្ខំ​ឲ្យ​ពួក​គេ​ចាក​ចេញ​ពី​ដី ហើយ​ទៅ​តាំង​ទី​លំនៅ​ថ្មី​ឲ្យ​បាន​ឆាប់​រហ័ស។ ប្រជាពលរដ្ឋ​បញ្ជាក់​ថា អាជ្ញាធរ​ពុំ​ទាន់​បែង​ចែក​ដី​នៅ​ទីតាំង​ថ្មី​នោះ​ឲ្យ​បាន​ច្បាស់លាស់​នៅ​ឡើយ។

ប្រជាពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត អំពាវនាវ​អភិបាល​ខេត្ត​បន្ទាយមានជ័យ និង​មន្ត្រី​ពាក់ព័ន្ធ ឲ្យ​ជួយ​អន្តរាគមន៍​បញ្ឈប់​ការ​បណ្ដេញ​ពួក​គាត់​ចេញ​ពី​ដី​ស្នាក់នៅ​បន្ត​ទៀត លុះ​ណា​អាជ្ញាធរ​បែង​ចែក​ដី​នៅ​ទីតាំង​ថ្មី​នោះ​ឲ្យ​បាន​ច្បាស់លាស់​ជា​មុន​សិន។

តំណាង​ប្រជាពលរដ្ឋ​ម្នាក់ គឺ​លោក អ៊ិត ស៊ីម រស់នៅ​ភូមិ​ក្បាលស្ពាន១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ថ្លែង​នៅ​ថ្ងៃ​ទី​២៤ វិច្ឆិកា ថា ចៅក្រម​អម​សាលា​ដំបូង​ខេត្ត​បន្ទាយមានជ័យ បង្ខំ​ពួក​គាត់​ចំនួន ៤៣​គ្រួសារ ឲ្យ​ផ្ដិត​មេដៃ​រុះរើ​ផ្ទះ​ចេញ​ពី​ដី​ស្នាក់នៅ​ឲ្យ​បាន​ឆាប់​រហ័ស ក្រោម​ហេតុផល​ថា ពួក​គាត់​រស់នៅ​លើ​ដី​ផ្លូវ​សាធារណៈ នៅ​ចំណុច​ភូមិ​ក្បាលស្ពាន១ សង្កាត់​ប៉ោយប៉ែត។ លោក​អះអាង​ថា ពួក​គាត់​បាន​រស់នៅ​លើ​ដី​នោះ​តាំង​ពី​ឆ្នាំ​២០០០ រហូត​មក ដោយ​ពុំ​ដឹង​ថា ដី​នោះ​ជា​ដី​ផ្លូវ​សាធារណៈ​ឡើយ។ លោក​បញ្ជាក់​ថា ពួក​គាត់​មាន​ទំនាស់​ជាមួយ​ប្រជាពលរដ្ឋ​អ្នក​មាន​ទ្រព្យធន​មួយ​ក្រុម​នៅ​ក្រុង​ប៉ោយប៉ែត ដឹក​នាំ​ដោយ អ្នកស្រី ស្វាយ សុខា និង​បាន​ប្ដឹង​ពួក​គាត់​ទៅ​តុលាការ​ឲ្យ​ចុះ​ចេញ​ពី​ដី​ជិត​មួយ​ឆ្នាំ​មក​ហើយ។ លោក​ថា ប្រជាពលរដ្ឋ​មិន​អាច​រុះរើ​ផ្ទះ​ចេញ​ពី​ដី​នោះ​បាន​ឡើយ ប្រសិន​បើ​អាជ្ញាធរ​មិន​ផ្ដល់​សំណង​សមរម្យ​ជូន​នោះ៖ «បាទ! ចៅក្រម​អម​សាលា​ដំបូង​ខេត្ត បាន​បង្ខំ​ថា បើ​មិន​ផ្ដិត​មេដៃ​ក៏​ត្រូវ​តែ​ចេញ បើ​មិន​ផ្ដិត​មេដៃ​ក៏​ត្រូវ​តែ​ចេញ​ពី​ដី​ដែរ។ តែ​ខ្ញុំ​មិន​បាន​ផ្ដិត​មេដៃ​តាម​បញ្ជា​របស់​តុលាការ​នោះ​ទេ»

វិទ្យុ​អាស៊ីសេរី ពុំ​អាច​ទាក់ទង​មន្ត្រី​សាលា​ដំបូង​ខេត្ត​បន្ទាយមានជ័យ ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​២៤ វិច្ឆិកា។

រីឯ​អភិបាល​ក្រុង​ប៉ោយប៉ែត លោក ង៉ោ ម៉េងជ្រួន មាន​ប្រសាសន៍​ថា អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត ពុំ​មាន​លទ្ធភាព​ផ្ដល់​សំណង​ជូន​ប្រជាពលរដ្ឋ​នោះ​ទេ ពីព្រោះ​ថា ពួក​គាត់​រស់នៅ​លើ​ដី​សាធារណៈ។ ម្យ៉ាង​ទៀត​លោក​ថា តុលាការ​បាន​សម្រេច​ឲ្យ​ប្រជាពលរដ្ឋ​ទាំង​នោះ​រុះរើ​ផ្ទះ​ចេញ​ពី​ដី កាល​ពី​ចុង​ខែ​កញ្ញា កន្លង​ទៅ​នោះ គឺ​ជា​សិទ្ធិ​របស់​តុលាការ ហើយ​អាជ្ញាធរ​ពុំ​មាន​អំណាច​ទៅ​ហាម​ឃាត់​តុលាការ​បាន​នោះ​ទេ៖ «បាទ! រឿង​នេះ​យើង​បាន​ត្រឹម​តែ​ស្នើសុំ​ទៅ​ខាង​តុលាការ ក្នុង​ការ​សម្រេច​រុះរើ​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ពី​រដូវ​វស្សា​ទៅ​រដូវ​ប្រាំង​វិញ​ប៉ុណ្ណោះ​ទេ»

មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា មាន​ប្រសាសន៍​ថា ដីកា​របស់​សាលា​ដំបូង​ខេត្ត​នោះ គឺ​ជា​ដីកា​រក្សា​ការពារ​ដី​ទំនាស់​បណ្ដោះអាសន្ន​ទេ ហើយ​ថា តុលាការ​គ្មាន​សិទ្ធិ​អំណាច​បញ្ជា​ឲ្យ​ប្រជាពលរដ្ឋ​រុះរើ​ផ្ទះ​សម្បែង​ចេញ​ពី​ដី​រស់នៅ​ឡើយ៖ «រឿង​នេះ​ក្នុង​នាម​មន្ត្រី​សង្គម​ស៊ីវិល ខ្ញុំ​ស្នើ​ឲ្យ​តុលាការ​កុំ​ទាន់​រុះរើ​ផ្ទះ​ប្រជាពលរដ្ឋ​ដោយ​បង្ខំ​អី ព្រោះ​តុលាការ​ក៏​ជា​មន្ត្រី​សិទ្ធិ​មនុស្ស​ក្នុង​ការ​អនុវត្ត​ច្បាប់​ដែរ»

លោក ស៊ុំ ច័ន្ទគា បញ្ជាក់​ទៀត​ថា កន្លង​មក អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ បាន​ចេញ​លិខិត​សុំ​ពន្យារ​ពេល​ទៅ​លើ​លិខិត​សម្រេច​ដីកា​ការពារ​របស់​តុលាការ ឲ្យ​ផ្អាក​ការ​បណ្ដេញ​ប្រជាពលរដ្ឋ​ចេញ​ពី​ដី​បណ្ដោះអាសន្ន ដើម្បី​ទុក​ពេល​ឲ្យ​អាជ្ញាធរ​ខេត្ត រក​ដី​ជូន​ប្រជាពលរដ្ឋ​ទៅ​តាំង​ទីលំនៅ​ថ្មី​ជា​មុន​សិន។ ប្រជាពលរដ្ឋ​អះអាង​ថា ថ្មីៗ​នេះ តុលាការ​បាន​ព្យាយាម​ម្ដង​ជា​ពីរ​ដង បង្ខំ​ឲ្យ​ពួក​គេ​ចាក​ចេញ​ពី​ដី​ឲ្យ​បាន​ឆាប់​រហ័ស ប៉ុន្តែ​ប្រជាពលរដ្ឋ​មិន​ព្រម​ចាក​ចេញ​ពី​ដី​កំពុង​រស់នៅ ដោយសារ​ពុំ​ទាន់​ទទួល​បាន​សំណង​នោះ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។