យន្តហោះ​ចម្បាំង​របស់​រុស្ស៊ី​ត្រូវ​បាន​បាញ់​ទម្លាក់​នៅ​តាម​បណ្តោយ​ព្រំដែន​រវាង​តួកគី​និង​ស៊ីរី

យន្តហោះ​ចម្បាំង​របស់​រុស្ស៊ី​ត្រូវ​បាន​បាញ់​ទម្លាក់​នៅ​តាម​បណ្តោយ​ព្រំដែន​រវាង​តួកគី​និង​ស៊ីរី

រូបថត​​ដែលថត​ចេញ​ពី​វីដេអូ​ឃ្លីប​របស់​ទូរទស្សន៍ Haberturk TV បង្ហាញ​ឲ្យ​ឃើញ​យន្តហោះចម្បាំង​របស់​រុស្ស៊ី​កំពុង​ឆេះ មុនពេល​វាផ្ទុះ​ឆេះ​នៅ​លើ​ភ្នំ​មួយ​ដែល​គេ​អាចមើល​ឃើញ​ពី​ខេត្ត​ Hatay ប្រទេស​តួកគី កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៥។

ប្រទេស​រុស្ស៊ី​បាន​និយាយ​នៅថ្ងៃ​អង្គារ​នេះ​ថា យន្តហោះ​ចម្បាំង​របស់​ខ្លួន​មួយ​គ្រឿង​ម៉ាក ​Su-24​ ត្រូវ​បាន​បាញ់​ទម្លាក់​នៅ​តាម​បណ្តោយ​ព្រំដែន​រវាង​ប្រទេស​តួកគី​និង​ស៊ីរី។ រុស្ស៊ី​និយាយ​ថា ការ​បាញ់​ទម្លាក់​យន្តហោះ​នេះ​ គឺ​បាញ់​ចេញ​ពី​ដី​ទៅ។

ក៏ប៉ុន្តែ មន្ត្រី​យោធា​តួកគី​បាន​និយាយ​ថា​ យន្តហោះ​ចម្បាំង​ F-16 ​របស់​ខ្លួន​បាន​បាញ់​ទម្លាក់​យន្តហោះ​នោះ ​ក្រោយ​ពី​យន្តហោះ​នោះ​បាន​រំលោភ​ដែន​អាកាស​របស់​តួកគី ​និង​ធ្វើ​ព្រងើយ​កន្តើយ​ចំពោះ​ការ​ព្រមាន​របស់​តួកគី ដែល​បាន​ឲ្យ​យន្ត​ហោះ​នោះ​ចាក​ចេញ​ពី​ដែន​អាកាស​របស់​ប្រទេស​នោះ។

ក្រសួង​ការពារ​ជាតិ​របស់​រុស្ស៊ី​បាន​និយាយ​ថា យន្តហោះ​នោះ​មិន​បាន​ចាក​ចេញ​ពី​ដែន​អាកាស​ស៊ីរីទេ។ រុស្ស៊ី​ក៏​បាន​និយាយ​ដែរ​ថា អ្នកបើក​យន្ត​ហោះ​របស់ខ្លួន​នោះ បាន​ហក់​ចេញ​ពី​យន្តហោះ​នោះ ប៉ុន្តែ គេ​នៅ​មិន​ទាន់​ដឹង​ពី​ស្ថានភាព​របស់​អ្នកបើក​យន្តហោះ​នោះ​នៅឡើយ​ទេ។ វីដេអូ​ដែល​គេ​បង្ហោះ​ចេញ​ពី​តំបន់​នោះ បាន​បង្ហាញ​ឲ្យ​ឃើញ​អ្នក​បើក​យន្តហោះ​ពីរនាក់ បាន​ទម្លាក់​ខ្លួន​តាម​ឆ័ត្រ​យោង ចុះ​ពី​លើ​អាកាស​មក។

អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​អាមេរិក​និយាយ​ថា ពួក​គេ​មិន​អាច​បញ្ជាក់​ពី​របាយការណ៍​សារព័ត៌មាន​ដែល​និយាយ​ថា យន្តហោះ​របស់​តួកទី​បាន​បាញ់​ទម្លាក់​យន្តហោះ​ចម្បាំង​ដែល​គេមិន​ដឹង​ពី​ប្រភព​ច្បាស់​លាស់​នោះ​បាន​ទេ ប៉ុន្តែ​ក្រសួង​ការ​បរទេស​អាមេរិក​កំពុង​តែ​តាម​ដាន​ស្ថានការណ៍​នេះ​យ៉ាង​ហ្មត់​ចត់។

មន្ត្រី​តួកគី​ បាន​ធ្វើការ​ព្រមាន​ជាច្រើន​ដង​អំពី​យន្ត​ហោះ​ដែល​រំលោភ​ដែន​អាកាស​របស់ខ្លួន ក្នុង​អំឡុង​សង្ក្រាម​ស៊ីវិល​រយៈពេល​៤ឆ្នាំ​កន្លះ​នៅស៊ីរី។ កង​កម្លាំង​តួក​គី​ បាន​បាញ់​ទម្លាក់​ឧទ្ធម្ភាគចក្រ​ស៊ីរី​មួយ​គ្រឿង​កាលពី​ឆ្នាំ​២០១៣ ហើយ​កាលពី​ខែ​មុន ក៏​បាន​បាញ់​ទម្លាក់​យន្តហោះ​គ្មាន​មនុស្ស​បើក​មួយ​គ្រឿង​ទៀត ដែល​គេ​មិន​ស្គាល់​ភិនភាគ​ដែល​បាន​ឆ្លង​ចូល​ក្នុង​ដែន​អាកាស​របស់​ខ្លួន។ ប្រទេស​តួកគី​ ក៏​បាន​តវ៉ា​អំពី​ការ​ដែល​យន្តហោះ​រុស្ស៊ី​បាន​ហោះ​ចូល​ក្នុ​ងដែន​អាកាស​របស់​ខ្លួន​យ៉ាង​តិច​ក៏​ពីរ​ដង ដែរ។

ប្រទេស​រុស្ស៊ី បាន​ចាប់​ផ្តើម​យុទ្ធនាការ​យោធា​នៅក្នុង​ប្រទេស​ស៊ីរី កាល​ពី​ខែ​កញ្ញា។ នៅ​ខែ​តុលា រុស្ស៊ី​បាន​សម្រេចកិច្ចព្រមព្រៀង​មួយ​ជាមួយ​សហរដ្ឋ​អាមេរិក ដែល​កំពុង​ដឹកនាំ​ក្រុម​ប្រទេស​ចម្រុះ ក្នុង​ការ​ទម្លាក់​គ្រាប់បែក​លើ​ក្រុម​សកម្មប្រយុទ្ធ​នៅក្នុង​ប្រទេស​ស៊ីរី ដើម្បី​ស្ថិត​នៅ​ក្នុង​ចម្ងាយ​ដែល​មាន​សុវត្ថិភាព ហើយ​ធ្វើ​ការ​ទាក់ទង​ជា​មួយ​សហរដ្ឋ​អាមេរិក​ ដើម្បីបញ្ជៀស​ឧបទ្ទវហេតុ​នៅ​លើ អាកាស​ណា​មួយ៕