ទិដ្ឋភាព​ថ្ងៃ​ទី​១​នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក នៅ​ខេត្តសៀមរាប

ខេត្តសៀមរាប ៖ នៅ​រសៀល​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​ដងស្ទឹង​ប្រវត្តិសាស្ត្រ​ខេត្តសៀមរាប មាន​រៀបចំ​ពិធី​ប្រកួត​ប្រណាំងទូក ដើម្បី​អបអរសាទរ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប អកអំបុក និង សំពះ​ព្រះ​ខែ ដែល​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព​របស់​លោក ឃឹម ប៊ុ​ន​សុង អភិបាល នៃ​គណៈ​អភិបាលខេត្ត​, លោក នូ ផល្លា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​លោក លោក​ឧកញ៉ា លោក​ជំទាវ អ្នកតំណាង​រាស្ត្រ គណៈ​អភិបាលខេត្ត សមាជិក​ក្រុមប្រឹក្សា​ខេត្ត មេបញ្ជាការ​កងកម្លាំងប្រដាប់អាវុធ និង​វត្តមាន​ចូលរួម​របស់​ប្រធាន​ក្រុមប្រឹក្សា អភិបាលខេត្ត​ឧត្តរមានជ័យ និង​ខេត្តបន្ទាយមានជ័យ ព្រមទាំង​ថ្នាក់ដឹកនាំ​មន្ទីរ មន្ត្រីរាជការ អាជ្ញាធរ​ក្រុង ស្រុក អង្គការ​សង្គម​ស៊ី​វិល ភ្ញៀវ​ជាតិ អន្តរជាតិ និង​ប្រជាពលរដ្ឋ បាន​ចូលរួម​ទស្សនា​កម្សាន្ត​យ៉ាងច្រើន​កុះករ​ផង​ដែរ ។

មាន​ប្រសាសន៍​បើក​ការ​ប្រកួត​ប្រណាំងទូក​(​ង​)​នា​ឱកាស​នោះ លោក ឃឹម ប៊ុ​ន​សុង ក៏​បាន​លើក​ឡើង​ថា ជា​រៀង​រាល់​ឆ្នាំ​នៅ​ថ្ងៃ​១៤-១៥​កើត ខែកត្តិក នៅ​ក្នុង​តំបន់​អង្គរ​ក្រុង​សៀមរាប ហើយ​ប្រព្រឹត្ត​ទៅ​ក្នុង​លក្ខខណ្ឌ សន្តិសុខ សណ្តាប់ធ្នាប់ និង​សុវត្ថិភាព​សង្គម​ល្អ​ប្រសើរ ដែល​កត្តា​ចម្បង​នេះ​បាន​និង​កំពុង​មាន​ឥទ្ធិពល​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ អន្តរជាតិ​ឲ្យ​ចូល​មក​ទស្សនា​កំសាន្ត​ខេត្តសៀមរាប​កាន់តែ​ច្រើន​ឡើង​ៗ​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ។ លើស​ពី​នេះ​ទៀត​ការ​រៀបចំ​ព្រឹត្តិការណ៍​វប្បធម៌​នេះ ក៏​ជា​ការ​ឧទ្ទិស​ដល់​អតីតកាល នៃ​អធិរាជ នៃ​អាណាចក្រ​ខ្មែរ ក្រោម​ព្រះរាជកិច្ច​ដឹកនាំ​របស់​ព្រះបាទ​សម្តេច​ជ័យ​វ​រ័​ន្ម​ទី​៧ ព្រះ​មហា​វីរក្សត្រ​ជំនាន់​នោះ ដែល​ព្រះ​អង្គ​ទ្រង់​បាន​ដឹកនាំ​កងទ័ពជើងទឹក​ដ៏​ក្លាហាន​ប្រកបដោយ​វីរៈភាព​អង់អាច និង​ពោរពេញ​ដោយ​សមត្ថភាព​ប្រយុទ្ធ បាន​រំដោះជាតិ​មាតុភូមិ​ចេញ​ផុត​ពី​ការ​ឈ្លានពាន​របស់​បច្ចាមិត្ត ហើយ​សម្រេច​បាន​នូវ​ការ​បង្រួបបង្រួម​ជាតិ និង​កសាង​សង្គម​ជាតិ​ឲ្យ​រីក​ចម្រើន​ថ្កុំថ្កើង​រហូត​ដល់​ក្លាយជា​អច្ឆរិយៈ​ប្រទេស​ដ៏​កំពូល​នា​សម័យ​នោះ ។

លោក ឃឹម ប៊ុ​ន​សុង បាន​បន្ត​ទៀត​ថា ម្យ៉ាងវិញទៀត​យើង​ទាំងអស់​គ្នា​ប្រាកដជា​យល់​ដឹង​ហើយ​ថា ព្រះរាជ​ពិធីបុណ្យ​នេះ គឺជា​បុណ្យប្រពៃណី​ជាតិ​ដ៏​ធំ​ពាក់ព័ន្ធ​និង​ជំនឿ​យ៉ាង​ជ្រាលជ្រៅ ក្នុង​មនោសញ្ចេតនា​របស់​យើង​ដែល​បុព្វបុរស​ខែ្ម​របា​ន​ប្រារ​ព្វ​ធ្វើ​តាំងពី​យូរយា​ណាស់​មក​ហើយ ដើម្បី​ជា​កា​រំលឹក​ដឹងគុណ​ដល់​ព្រះ​គង្គារ ដែល​ហូរ​នាំ​ដីល្បាប់​ដ៏​មាន​ជីជាតិ​សម្រាប់​បង្កបង្កើន​ផល នៃ​ប្រជា​កសិករ​យើង​ហើយ​ក៏​ជា​រំលឹក​ដឹងគុណ​ដល់​ព្រះ​បរមគ្រូ ដែល​យកកំណើត​ជា​សត្វ​ទន្សាយ​ព្រះ​ពោធិសត្វ ហើយ​ឧទ្ទិស​ថ្វាយខ្លួន ដើម្បី​សម្រេច​នូវ​ព្រះ​សម្មា​សម្ពោធិញ្ញាណ ។ ជាមួយ​គ្នា​នេះ​ដែរ ព្រះរាជ​ពិធីបុណ្យ​បណ្តែតប្រទីប គឺជា​ការ​ឧទ្ទិស​ដល់​អា​រុក្ខ​អារក្សអ្នកតា បារមី​ថែរក្សា​ទឹកដី ដើម្បី​សុំ​សេចក្តីសុខ​ក្សេមក្សាន្ត​ដល់​កូនចៅ ដែល​រស់នៅ​ឲ្យ​ទទួល​បាន​សុខ​សុភមង្គល​ចម្រើន​រុងរឿង និង​ដើម្បី​ព្យាករណ៍​អាកាសធាតុ​សម្រាប់​បង្កបង្កើន​ផល​នៅ​ឆ្នាំ​បន្ទាប់​ផង​ដែរ ។

លោក ឃឹម ប៊ុ​ន​សុង ក៏​លើក​ឡើង​ផង​ដែរ​ថា ក្នុង​រយៈពេល​កន្លង​មក រដ្ឋបាល​ខេត្ត ក្រុង​បាន​យកចិត្តទុកដាក់​ខ្ពស់​បំផុត​ក្នុង​ការ​រៀបចំ​កែ​លម្អ​សោភ័ណ​ភាព និង​ប្រមូលផ្តុំ​ធនធាន​ក្នុង​ការ​រៀបចំ​កែសម្រួល ជួសជុល ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ក្រុង គួប​ផ្សំ​ជាមួយនឹង​ការ​ជួយ​ជ្រោមជ្រែង​ពី​រាជរដ្ឋាភិបាល ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ដៃគូ​អភិវឌ្ឍន៍​ផ្នែក​ឯកជន និង​បណ្តា​ខេត្ត ក្រុង​ជា​សម្ព័ន្ធមេត្រីភាព ដើម្បី​រៀបចំ​ផែនការមេ​អភិវឌ្ឍន៍​ទីក្រុង​សៀមរាប​ឲ្យ​បាន​សម​ស្រប​ទៅ​នឹង​ស្ថានភាព ភូមិសាស្ត្រ ធម្មជាតិ​បៃតង ។  ក្នុង​ន័យ​នេះ យើង​ក៏​មាន​មោទនភាព ដោយ​ក្រុង​សៀមរាប​យើង​ទទួល​បាន​នូវ​កិត្តិនាម​ដ៏​ល្បី​ខ្ទរខ្ទារ​នៅ​លើ​ពិភពលោក ក្លាយជា​គោលដៅ​របស់​ភ្ញៀវ​ទេសចរណ៍​លើ​ពិភពលោក  ចូល​មក​ទស្សនា​កម្សាន្ត ។

លោក​ក៏​បាន​ធ្វើការ​ផ្តាំផ្ញើ​ដល់​ជនរួមជាតិ​ទាំងអស់ ដែល​ចូលរួម​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​នេះ សូម​ចូលរួម​ថែរក្សា​នូវ​អនាម័យ បរិស្ថាន ក្នុង​ការ​លើក​ស្ទួយ​វប្បធម៌  សោ​ភ័​ណ្ឌ​ភាព​ក្រុង​ប្រវត្តិសាស្ត្រ​អង្គរ ព្រមទាំង​រក្សា​ការពារ​នូវ​ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន សំខាន់​កុមារ​តូច​ៗ នៅ​ក្នុង​ពិធីបុណ្យ​ផង​ដែរ ។

តាម​សេចក្តីរាយការណ៍​របស់ លោក សោម សារ៉ូ  អនុប្រធាន​អនុ​គណៈកម្មការ​បច្ចេកទេស បាន​ឲ្យ​ដឹង​ថា ក្នុង​ឆ្នាំ​២០១៥​នេះ ការ​ប្រណាំងទូក​(​ង​)​មាន​ទូក​ចូលរួម​ចំនួន​៣០​ទូក មាន​ទូក​នារី​៨​ទូក ដែល​មាន​ចំណុះ​២២​នាក់​(​ក្នុង​១​ទូក​) ហើយ​មាន​កីឡាករ កីឡា​ការី សរុប​៩០០​នាក់ នារី​២១០​នាក់ តាម​ប្រភេទ​ទូក​ខ្នាត​អន្តរជាតិ ដែល​បាន​កំណត់​ដោយ​គណៈកម្មាធិការ​ជាតិ​កីឡា​អូ​ឡាំ​ពិ​ក ដើម្បី​សម្រាប់​ប្រ​គួ​ត​ជា​លក្ខណៈ​ជាតិ អន្តរជាតិ ។ ក្នុង​ពិធី​ប្រណាំងទូក​(​ង​)​នេះ​ក៏​មាន​ទូក​មក​ពី​ខេត្តឧត្តរមានជ័យ​ចំនួន​មួយ និង​កងពល​ឆ​ត្រ័​យោង លេខ​៩១១ ចំនួន​១​ទូក បាន​ចូលរួម​ផង​ដែរ ព្រមទាំង​ការ​ប្រកួតប្រណាំង​នូវ​ក្រឡោ ដែល​ជា​សម្បត្តិ​វប្បធម៌​ប្រពៃណី​ខ្មែរ​យើង​នៅ​ខេត្តសៀមរាប ៕