តើ «​មុន​» ក្រាប​បាន​ដោយ​ថ្នាំ​ពន្យារកំណើត​ពិត ឬ យ៉ាងណា ?

Sanofi

ករណីនេះ​ជា​ចរន្ត​ពេញនិយម​មួយ​ដែល​ជំរុញ​ឱ្យ​ក្រុម​ស្ត្រី​នាំគ្នា​ទិញ​ថ្នាំ​ពន្យារកំណើត​មក​លេប​ភ្លូកទឹកភ្លូកដី ។ សង្ឃឹមថា​លទ្ធផល​ចេញមក​នឹងធ្វើ​ឱ្យ​ស្បែក​ភ្លឺ​ថ្លា គ្មាន​«​មុន​» មុខ​ថ្លា​ផូរផង់ រលោង​ស្អាត ថែមទាំង​ដើមទ្រូង​ហាប់​ណែន ត្រគាក​ធំ​ណែន​ក្បំ ។ ប៉ុន្តែ​សំណួរ​សួរថា តើ​ថ្នាំ​ពន្យារកំណើត​ផ្តល់​ផល​ល្អ​ពិតមែន​ដែរ​ឬ​អត់ ? ឬ​មាន​ផលប៉ះពាល់​អ្វីខ្លះ ?

*​វ័យ​សិក្សា​ជាមួយនឹង​ថ្នាំ​ពន្យារកំណើត​
​យុវតី​ភាគច្រើន​អាច​មិនមែន​គ្រាន់តែ​ប្រើ​ថ្នាំ​ពន្យារកំណើត​ដើម្បី​ការពារ​កំណើត​តែមួយ​មុខ​នោះទេ ព្រោះ​ជា​ញឹកញាប់​ពេលដែល​នាង​បារម្ភ​ខ្លាច​បាត់បង់​សម្រស់ ពោលគឺ​គ្រាន់តែ​កើត​«​មុន​»​តិចតួច​ក៏​ទៅ​ទិញ​ថ្នាំ​ពន្យារកំណើត​មក​លេប ដោយ​យល់ថា​ជួយ​ធ្វើឱ្យ​«​មុន​»​ឆាប់​ក្រាប​ទៅវិញ ។ ប៉ុន្តែ​គួរតែ​ពិចារណា​ជាមុន​ថា តើ​«​មុន​»​ដែល​កើត​នោះ​បណ្តាលមកពី​មូលហេតុ​អ្វី ? «​មុន​»​កើត​បាន​ច្រើន​មូលហេតុ ដូចជា​កើត​ពី​ក្រពេញ​ខ្លាញ់​ធ្វើការ​ច្រើន ដោយសារតែ​ឥទ្ធិពល​របស់​អ័រម៉ូន​ក្រុម​អេ​ន ដ្រូ​ជេន​មក​ភ្ញោ​ច និង មានការ​កកស្ទះ​នៅ​ស្បែក​ធ្វើឱ្យ​បាក់តេរី​កើន​ចំនួន ហើយ​ចូលទៅ​បង្ក​ឱ្យ​រលាក ។

ចំណុច កត់សម្គាល់​គឺ​«​មុន​»​ច្រើនតែ​ឡើង​រៀងរាល់​មក​វដ្ត​រដូវ ។ លុះដល់​រដូវ​អស់ «​មុន​»​ក៏​ក្រាប​ទៅវិញ ពួកនេះ​នឹង​ប្រតិកម្ម​តប​ថ្នាំ​ពន្យារកំណើត​បានល្អ ឬ អ្នក​ដែលមាន​លក្ខណៈ​អ័រម៉ូន​ភេទ​ប្រុស​ច្រើន ដូចជា​មាន​ពុកមាត់ពុកចង្កា មាន​ដុះ រោម​វែងៗ​នោះ​«​មុន​»​មិនសូវ​ប្រតិកម្ម​តប​ចំពោះ​ការព្យាបាល​បែប​ទូទៅ​ទេ រដូវ​មិន​ទៀង ក្រុម​នេះ​ក៏​ប្រតិកម្ម​តប​ចំពោះ​ថ្នាំ​ពន្យារកំណើត​ល្អ​ដូចគ្នា ។ នេះ​បើតាម​ការ​ឱ្យដឹងពី​លោកស្រី​វេជ្ជបណ្ឌិត ស៊ុ​វិ​រ៉ា​កន ។

*​ថ្នាំ​ពន្យារកំណើត​មាន​ច្រើន​ប្រភេទ​
​ថ្នាំ​ពន្យារកំណើត​មួយ​ប្រភេទៗ​មាន​សមាសធាតុ​ផ្សំ​ខុសៗ​គ្នា​ទើប​វា​មិន​អាចជួយ​ស្បែក​បាន​ទាំងអស់ ដូចជា ថ្នាំ​ពន្យារកំណើត​ប្រភេទ​ចម្រុះ​គឺ​ថ្នាំ​គ្រប់​គ្រាប់​មាន​សមាសធាតុ​របស់​អេ​ស្ត្រូ​ជេន និង ប្រូ​ជេ​ស្តឺ​រ៉ូ​ន ក្នុង​បរិមាណ​ស្មើគ្នា​គ្រប់​គ្រាប់ ដោយមាន ២១ គ្រាប់់ ។ ចំណែកឯ​ថ្នាំ​ពន្យារកំណើត​ប្រភេទ ២៨ គ្រាប់ ៧ គ្រាប់​ទៀត​ជា​វីតាមីន ម្សៅ ឬ ធាតុដែក ដែលជា​ថ្នាំ​ពន្យារកំណើត​ត្រូវ បាន​គេ​និយម​ប្រើ​ច្រើនជាងគេ​បំផុត ។

ចំណែកឯ Mini Pills ថ្នាំ​គ្រប់​គ្រាប់​ប្រកបដោយ​ប្រូ​ជេ​ស្តឺ​រ៉ូ​ន​តែមួយ​មុខ​ក្នុង​បរិមាណ​តិច​ណាស់ ភាគច្រើន​ប្រើ​ព្យា​- បាល​ដំណើរ​ខុស​ប្រក្រតី​នៃ​វដ្ត​រដូវ ឬ លេប​នៅពេល​ត្រូវការ​រំកិល​វដ្ត​រដូវ និង Postcoital or Morning After Pills ជា​ថ្នាំ​ពន្យារកំណើត​បន្ទាន់​ដែល​ប្រើ​រយៈ ពេល​ខ្លី ក្រោយពី​រួមភេទ និង ការពារ​មិនឱ្យ​មានកូន ។ ថ្នាំ​ប្រភេទ​នេះ​មាន អ័រម៉ូន​ខ្ពស់ មិន​គួរប្រើ​ញឹកញាប់​ទេ ។ ដូច្នេះ​មុននឹង​ប្រើ​គួរតែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជាមុន​ថា​បញ្ហា​ស្បែក​នោះ​កើត​ពីអ្វី ?



Related