សាលារៀន​និង​ស្ថានីយ៍​រថភ្លើង​នៅ​រដ្ឋធានីព្រុចសែលប្រទេស​បែលហ្ស៊ិកនៅបន្ត​បិទទ្វារ

សាលារៀន​និង​ស្ថានីយ៍​រថភ្លើង​នៅ​រដ្ឋធានីព្រុចសែលប្រទេស​បែលហ្ស៊ិកនៅបន្ត​បិទទ្វារ

ទាហាន​បែលហ្ស៊ិក​ដើរ​ល្បាត​នៅ​កណ្តាល​ក្រុង​ព្រុចសែល នៅ​ខណៈ​ពេល​ដែល​ប៉ូលិស​កំពុង​បន្ត​ឆែកឆេរ​តំបន់​នោះ​ ដែល​ត្រូវ​បាន​ដាក់​ក្នុង​ការ​ប្រុងប្រយ័ត្នខ្ពស់​ ក្រោយ​ពេល​មាន​ការ​វាយប្រហារ​នៅ​ទីក្រុង​ប៉ារីស។

សាលារៀន​និង​ស្ថានីយ៍​រថភ្លើង​នៅ​តែ​បិទទ្វារ​នៅ​ថ្ងៃ​អង្គារ៍​នេះ ​ខណៈ​ដែល​សន្តិសុខ​នៅ​ក្នុង​រដ្ឋធានី​ព្រុចសែល​នៃ​ប្រទេស​បែលហ្ស៊ិក​នៅ​តែ​មាន​ភាព​តានតឹង​ ដោយសារ​តែ​អាជ្ញាធរ​នៅ​តែ​ព្យាយាម​ស្វែង​រក​ជនសង្ស័យ​សំខាន់​នៅ​ក្នុង​វាយ​ប្រហារ​ភេរវកម្ម​នៅ​ក្នុង​ទីក្រុង​ប៉ារីស​កាល​ពី​ថ្ងៃ​ទី​១៣​ខែ​វិច្ឆិកា​នោះ។

នាយករដ្ឋមន្រ្តី​នៃ​ប្រទេស​បែលហ្ស៊ិក​គឺ​លោក​ Charles Michel ​បាន​ថ្លែង​កាល​ពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញថា ដោយ​សារ​តែ​ការគំរាម​កំហែង​ធ្ងន់ធ្ងរ​នៅ​តែ​មាន រដ្ឋធានី​ព្រុចសែល​នឹង​ធ្វើការ​ប្រុងប្រយ័ត្ន​ខ្ពស់​បំផុត​រហូត​ដល់​យ៉ាង​ហោច​ណាស់​ក៏​សប្តាហ៍​ក្រោយ​ដែរ។ ក៏ប៉ុន្តែ​ លោក​បាន​មាន​ប្រសាសន៍​ថា ប្រទេស​បែលហ្ស៊ិក​មាន​បំណង​ចង់​វិល​ត្រឡប់​ទៅ​សភាព​ធម្មតា​វិញ​ ហើយ​លោក​បាន​បន្ត​ថា ​នៅ​ថ្ងៃ​ពុធ​នេះ​កូនសិស្ស​សាលា​នឹង​ចូល​រៀន​នៅ​តាម​សាលា​វិញ ​ហើយ​រថភ្លើង​នៅ​ក្នុង​រដ្ឋធានី​ព្រុចសែល​នឹង​ចាប់ផ្តើម​ដំណើរការ​ធម្មតា​ឡើងវិញ។

ខណៈពេល​ជាមួយគ្នា​នេះ​ដែរ​ អាជ្ញាធរ​ម៉ារ៉ុក​បានថ្លែង​ថា ប្រទេស​បែលហ្ស៊ិក​បាន​ស្នើ​ឲ្យ​មាន​កិច្ច​សហប្រតិបត្តិ​ជិតស្និទ្ធ​និង​ខ្លាំងក្លា​ក្នុង​ការ​តាម​ដាន​ជនសង្ស័យ​នៅ​ក្នុង​ការ​វាយ​ប្រហារ​ដែល​មាន​ឈ្មោះ​ថា Salah Abdeslam ដែល​បាន​រួចផុត​ពី​ការ​ចាប់ខ្លួន​ចាប់​តាំង​ពី​បាន​ឆ្លង​កាត់​ប្រទេស​បែលហ្ស៊ិក​ រយៈពេល​ប៉ុន្មាន​ម៉ោង​ ក្រោយពី​មាន​ការវាយ​ប្រហារ​នៅ​ក្នុង​ទីក្រុង​ប៉ារីស​ដែល​បាន​សម្លាប់​មនុស្ស​អស់​១៣០​នាក់​នោះ៕