​ផ្ដល់​ស្ត្រី​​អ្នក​​បម្រើ​​លើ​យន្ដហោះ​ម្នាក់​ជូន​អ្នក​ដំណើរ ដើម្បី​សុំ​ទោស​ការ​យឺតយ៉ាវ

ហេតុការណ៍ដ៏ហួសចិត្តមួយ បានបង្អើលអស់សារព័ត៌មាន នៅក្នុងប្រទេសឥណ្ឌូនេស៊ី ព្រោះដើម្បី​សុំ​ការ​អភ័យ​ទោស ដល់​ការ​យឺតយ៉ាវ នៃការហោះហើររបស់ខ្លួន ពីកោះជ្វា មកកាន់កោះបាលី អ្នកបើកបរយន្ដហោះ បាន​ស្នើ​ប្រគល់​ស្ត្រី​អ្នក​បម្រើ នៅលើយន្ដហោះម្នាក់ ទៅឲ្យអ្នកដំណើរ។
​ផ្ដល់​ស្ត្រី​​អ្នក​​បម្រើ​​លើ​យន្ដហោះ​ម្នាក់​ជូន​អ្នក​ដំណើរ ដើម្បី​សុំ​ទោស​ការ​យឺតយ៉ាវ
យន្ដហោះរបស់ក្រុមហ៊ុន បម្រើសេវាកម្មធូរថ្លៃ «» របស់ប្រទេសឥណ្ឌូនេស៊ី។ (រូបថតក្រុមហ៊ុន)

ក្រុមហ៊ុនបម្រើសេវាកម្មធូរថ្លៃ «Lion Air» របស់ប្រទេសឥណ្ឌូនេស៊ី បានធ្វើការហាមអ្នក​បើកបរ​យន្ដហោះ​មួយ​រូប មិនឲ្យធ្វើការហោះហើរ បន្ទាប់ពីអ្នកបើកបររូបនេះ ទំនងជាបានប្រកាសផ្ដល់ស្ត្រីអ្នកបម្រើ នៅលើ​យន្ដហោះ​ម្នាក់ ទៅឲ្យបណ្ដាអ្នកបម្រើ ដើម្បីជាការលួងចិត្ត ជំនួសឲ្យការយឺតយ៉ាវ នៃការហោះហើររបស់ខ្លួន ទៅ​កាន់​កោះបាលី ដែលជាកោះទេសចរណ៍ ដ៏ល្បីល្បាញរបស់ប្រទេស។

ហេតុការណ៍ដ៏ហួសចិត្ត ត្រូវបានអ្នកដំណើរម្នាក់ ទម្លាយឲ្យដឹង និងបង្កឲ្យមានភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ។ អ្នកដំណើររូបនោះ លោក «Lambertus Maengkom» បានសរសេរសំបុត្រមួយច្បាប់ ទៅ​ឲ្យ​ក្រសួងដឹកជញ្ជូនឥណ្ឌូនេស៊ី ដើម្បីបរិហារ ពីការប្រកាសដ៏ចម្លែក តែពោរពេញដោយភាព​«អាប់អោន» របស់​ជំនួយការបើកបរ​យន្ដហោះ​ម្នាក់ ដែលបាននិយាយតាមមីក្រូ នៅក្នុងយន្ដហោះ។

នៅបន្ទាប់ពីយន្ដហោះ បានប្រើពេលបន្ថែមជាច្រើននាទី ដើម្បីងើបខ្លួនពីក្រុង «Surabaya» នៃកោះជ្វា ជំនួយ​ការបើកបរយន្ដហោះ បានប្រកាសតាមមីក្រូ ដោយនិយាយលេង បែបកំប្លែងថា ខ្លួននឹងផ្ដល់ស្ត្រី​អ្នក​បម្រើ លើ​យន្ដហោះម្នាក់ ដែលទើបលែងលះពីស្វាមី ទៅឲ្យអ្នកដំណើរទាំងអស់គ្នា ដើម្បី​សុំ​ការ​«យោគយល់» នូវ​ការ​យឺត​យ៉ាវនេះ។

លិខិតរបស់លោក «Lambertus Maengkom» បានសរសេរថា៖ «ដូចជាមិនគួរឲ្យសើច ទាល់តែសោះ។ (...) យើងចង់ដឹងថា តើវាជារឿងធម្មតា របស់ក្រុមហ៊ុនអាកាសចរណ៍ Lion Air ឬ ដែលតែងប្រកាស​តាម​មីក្រូ ផ្ដល់​ស្ត្រីអ្នកបម្រើលើយន្ដហោះម្នាក់ ទៅឲ្យអ្នកដំណើរ?»

ជំនួយការអ្នកបើកបរយន្ដហោះ ដែលអត្តសញ្ញាណមិនត្រូវបង្ហើបឲ្យដឹងនោះ ថែមទាំងបានជូនពរ «បុណ្យ​ខួបកំណើត» តាមមីក្រូដដែលនេះ ទៅកាន់សមាជិកបម្រើការម្នាក់ នៅលើយន្ដហោះនេះទៀតផង។ លិខិត​អ្នកដំណើរ បានឲ្យដឹងថា៖ «មិនត្រឹមតែមិនធ្វើឲ្យសើចនោះទេ តែជាគ្រោះថ្នាក់មួយ ព្រោះអ្នកដំណើរ​ទាំង​អស់ បានដំណ្ដឹងសួរខ្លួនឯងថា តើជំនួយការបើកបរ​យន្ដហោះម្នាក់នេះ មានរោគ"ចិត្ត"ក្នុងខ្លួនឬ?»

លោក «Lambertus Maengkom» បានឲ្យដឹងថា លោកចង់ជួបម្ចាស់អ្នកនិយាយតាមមីក្រូនោះ នៅពេល​យន្ដហោះបានចុះចតនៅលើកោះបាលី តែមិនបានជោគជ័យ។ ដោយឡែក សម្រាប់ក្រុមហ៊ុន​អាកាសចរណ៍​វិញ បានប្រកាស​ក្នុងសេចក្ដីប្រកាសព័ត៌មាន​របស់ខ្លួនថា បានបើកការស៊ើបអង្កេតផ្ទៃក្នុងមួយឡើង និង​បាន​ហាមឃាត់ អ្នកបើកបរយន្ដហោះម្នាក់នោះ មិនឲ្យកាន់ចង្កូតយន្ដហោះ សម្រាប់រយៈពេល«មិន»កំណត់៕