លោក កឹ​ម សុខា និង​តំណាងរាស្ត្រ​ដែល​របួស​វិល​វិញ

រាជធានី​ភ្នំពេញ ៖ ដូច​ការ​គ្រោងទុក​លោក កឹ​ម សុខា ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក ញ៉​យ ចំរើន និង​លោក គង់ សភា តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​ជន​១​ក្រុម​វាយ​ឱ្យ​របួសធ្ងន់ ហើយ​ទៅ​សម្រាក​ព្យាបាល​នៅ​ប្រទេស​ថៃ បាន​វិល​មក​កម្ពុជា​វិញ​ហើយ នា​រសៀល​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ។
ថ្លែងប្រាប់​ក្រុម​អ្នក​សារព័ត៌​មាននៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ លោក កឹ​ម សុខា បាន​លើក​ទ្បើ​ង​ថា តំណាងរាស្ត្រ​ដែល​ត្រូវ​គេ​វាយ​បាន​ត្រ​ទ្ប​ប់​មក​កម្ពុជា​វិញ​ហើយ ។ សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ ចង់បាន​អ្វី​ដែល​យុត្តិធម៌​សម្រាប់​អ្នកតំណាង​រាស្ត្រ ដើម្បី​ឱ្យ​អ្នកតំណាង​រាស្ត្រ​មាន​សុវត្ថិភាព​ក្នុង​ការ​បំពេញការងារ​របស់​ខ្លួន នៅ​ពេល​ខាង​មុខ​ទៀត ។
លោក កឹ​ម សុខា បញ្ជាក់​ថា «​អ្វី​ដែល​យើង​ចង់បាន​ជាងគេ គឺ​ចង់ឱ្យ​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​វិល​ទៅ​រក​ភាព​ដូច​ដើម​វិញ ដើម្បី​បន្ត​ការ​បម្រើ​ជាតិ​ជាមួយ​គ្នា​ទៀត ។ យើង​ដឹង​ហើយ​ថា ស្ថានភាព​នា​ពេល​បច្ចុប្បន្ន​គឺ​អាក្រក់់ ប៉ុន្តែ​យើង​ត្រូវ​តែ​នាំ​គ្នា​វិល​ទៅ​រក​ស្ថាន​ភាពល្អ​វិញ ហើយ​ស្ថាន​ភាពល្អ​នោះ​ទាល់តែ​យើង​អង្គុយ​ជជែក​គ្នា​បាន ។ ផ្ទុយ​ទៅ​វិញ អ្វី​ដែល​ជា​យុត្តិធម៌​សម្រាប់​អ្នកតំណាង​រាស្ត្រ​នោះ យើង​ត្រូវ​តែ​ស្វែងរក​យុត្តិធម៌​ជូន​ពួក​គាត់​ឱ្យ​បាន​» ។
ជាមួយ​គ្នា​នេះ លោក កឹ​ម សុខា ចង់ឱ្យ​មានការ​ចរចា​គ្នា​រវាង​គណបក្ស​សង្គ្រោះ​ជាតិ ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ដោះស្រាយ​បញ្ហា​ទាំង​អស់នេះ ហើយ​ការ​ចរចា​នោះ​ទាល់តែ​ភាគី​ទាំង​២​មាន​ឆន្ទៈ​ដូច​គ្នា ។
បន្ទាប់​ពី​វិល​ត្រ​ទ្ប​ប់​មក​មាតុប្រទេស​វិញ​នេះ លោក កឹ​ម សុខា ថ្លែង​ថា គណបក្ស​សង្គ្រោះ​ជាតិ​នឹង​កោះ​អញ្ជើញ​អ្នកតំណាង​រាស្ត្រ​ទាំងអស់ ដើម្បី​ប្រជុំ រួម​ទាំង​ថ្នាក់​ជាតិ​និង​ថ្នាក់​ខេត្ត ហើយ​កិច្ចប្រជុំ​នោះ ដើម្បី​ផ្តល់​ពី​គោលនយោបាយ ក៏​ដូច​ជា​យុទ្ធសាស្ត្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​រយៈពេល​ខ្លី រយៈពេល​មធ្យម និង​រយៈពេល​វែង​ថា តើ​យើង​ត្រូវធ្វើ​អី្វ ? កិច្ចប្រជុំ​នេះ គឺ​គោល​ជំហរ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​ការ​សម្រេច​អ្វីមួយ ដើម្បី​ជាក់​ជូន​ថ្នាក់ដឹកនាំ​គណបក្ស ។
លោក កឹ​ម សុខា មិន​បាន​និយាយ​ពី​បញ្ហា​រដ្ឋសភា​ដក​តំណែង​លោក និង​រឿង​ពាក់ព័ន្ធ​នឹង​លោក សម រ​ង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ទេ ។ លោក​ថ្លែង​ថា គណបក្ស​សង្គ្រោះ​ជាតិ​គិត​អ្វី​ដែល​ជា​យុត្តិធម៌ អ្វី​ដែល​ជា​ស្ថិរភាព​នយោបាយ និង​អ្វី​ដែល​ខ្មែរ​ធ្វើការ​ជាមួយ​គ្នា បន្ត​ទៅ​មុខជា​មួយ​គ្នា​ទៀត ។ ជាមួយ​គ្នា​នេះ​ដែរ លោក កឹ​ម សុខា ឱ្យ​ដឹង​ថា លោក​មាន​បំណង​ជួប​ចរចា​ជាមួយ​ភាគី​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ពេល​ឆាប់​ៗ​នេះ ។
ចំណែក​លោក ញ៉​យ ចំរើន តំណាងរាស្ត្រ ដែល​ត្រូវ​គេ​វាយ​ឱ្យ​របួស​កាលពី​ពេល​កន្លង​មក ថ្លែង​ថា លោក​មិន​ទាន់​ជា​នៅ​ទ្បើ​យ​ទេ ក្នុង​ក្បាល​មិន​ទាន់​ស្រ​ទ្បះ ច្រមុះ​បាក់ ដៃ​បាក់ ដែល​នឹង​ត្រូវ​ទៅ​ពិនិត្យ​នៅ​ប្រទេស​ថៃ​តាម​ការ​កំណត់​របស់​ក្រុម​គ្រូពេទ្យ​ទៀត ។ ចំណែក​លោក គង់ សភា ថ្លែង​ថា របួស​លោក​ក៏​មិន​ទាន់​ជា​សះស្បើយ​ដែរ តែ​មាន​ស្ថានភាព​ធូរស្រាល ហើយនឹង​ត្រូវ​ពិនិត្យ​តាម​ការ​កំណត់​របស់​គ្រូពេទ្យ ។
លោក ញ៉​យ ចំរើន និង​លោក គង់ សភា បាន​រង​គ្រោះ​ក្នុង​ព្រឹត្តិការណ៍​ហិង្សា​យ៉ាង​ឃោរឃៅ​មួយ ដោយ​មនុស្ស​មួយ​ក្រុម​ចោមរោម​វាយដំ កាលពី​ថ្ងៃ​ទី​២៦ ខែតុលា​កន្លង​មក ហើយ​បាន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ Phyathia II នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ អស់​រយៈពេល​២៨​ថ្ងៃ​មក​ហើយ ។
សូម​បញ្ជាក់​ថា ចំពោះ​ការ​លើក​ទ្បើ​ង​របស់​លោក កឹ​ម សុខា ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​ការ​ចរចា​នោះ មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា ធ្លាប់​បាន​លើក​ទ្បើ​ង​ថា គណបក្ស​ប្រជាជន​កម្ពុជា​ចរចា​ជា​និច្ច ដើម្បី​ដោះស្រាយ​បញ្ហា​របស់​ជាតិ​រួម​គ្នា ៕