លក់​ទំនិញ​​ចាក់​ភ្លេង​កន្ត្រាក់​អារម្មណ៍ និង​អត់​ចាក់​ភ្លេង​តើ​អ្នក​ចូល​ទិញ​កន្លែង​ណា?

លក់​ទំនិញ​​ចាក់​ភ្លេង​កន្ត្រាក់​អារម្មណ៍ និង​អត់​ចាក់​ភ្លេង​តើ​អ្នក​ចូល​ទិញ​កន្លែង​ណា?

 

ការ​ចាក់​ភ្លេង​ ញ័រញាក់​កន្ត្រាក់​អារម្មណ៍ ក្លាយ​ជា​វិធីសាស្ត្រ​មួយ​ដើម្បី​ទាក់​ទាញ​ចំណាប់​អារម្មណ៍​របស់​អតិថិជន​ ដែល​ដើរ​កាត់​ឱ្យ​ងាក​មក​មើល​ទំនិញ​របស់​គេ។ ដោយ​ឡែក​មាន​អាជីវករ​មួយ​ចំនួន​ មិន​បាន​ចាក់​ភ្លេង​កំដរ​អារម្មណ៍​ទេ។ ចុះ​ចំណែក​អតិថិជន​វិញ តើ​ពួក​គេ​ចូល​ទិញ​កន្លែង​មួយ​ណា?

 

កញ្ញា​គុយ​ សុវណ្ណ​សិលា ​និស្សិត​នៅ​មហាវិទ្យាល័យ​បូរ៉ាផា ព្រះ​រាជា​ណា​ចក្រ​ថៃ បាន​ប្រាប់​ថា​កញ្ញា​នឹង​ចូល​ទិញ​កន្លែង​មិន​ចាក់​ភ្លេង​ ព្រោះ​ថា​វា​ស្ងាត់​ មិន​ប៉ះ​ពាល់​អារម្មណ៍​ក្នុង​ការ​ដើរ​មើល​ទំនិញ​។ តែ​បើ​មាន​ភ្លេង​ដែរ​ ប៉ុន្តែ​ឮ​សូរ​តិចៗ​ ជាមួយ​នឹង​បទ​​រ៉ូមែនទិក​ កញ្ញា​ចូល​ចិត្ត​ទិញ​វិញ។

 

«កន្លែង​ណា​ដែល​ចាក់​ភ្លេង​ញាក់​ៗ  ​​​​ឮៗ​ ខ្ញុំ​មិន​ចូល​ចិត្ត​ទេ​ព្រោះ​ វា​ថ្លង់​ ហើយ​មាន​អារម្មណ៍​ថា​រំខាន!»។ សិលា​បាន​បញ្ជាក់។

 

ងាក​មក​កញ្ញា​ លី ស្រី​ពៅ និស្សិត​នៅ​សាកលវិទ្យាល័យ​អន្តរជាតិ​បាន​ឱ្យ​ដឹង​ថា​ កញ្ញា​ចូល​ចិត្ត​ទិញ​កន្លែង​ណា​ដែល​ចាក់​ភ្លេង​ឮៗ ព្រោះ​ថា​វា​ទាក់​ទាញ​អារម្មណ៍​ ចំណែក​កន្លែង​ដែល​អត់​ចាក់​ភ្លេង​វិញ កញ្ញា​គិត​ថា​វា​សាមញ្ញ​មិន​ទាក់​ទាញ​ ពោល​គឺ​គ្មាន​អ្វី​ដែល​ប្លែក។

 

 

លក់​ទំនិញ​​ចាក់​ភ្លេង​កន្ត្រាក់​អារម្មណ៍ និង​អត់​ចាក់​ភ្លេង​តើ​អ្នក​ចូល​ទិញ​កន្លែង​ណា?

 

(រូបតំណាង)

 

ស្រដៀង​គ្នា​នេះ​ដែរ យុវជន លាង សិលា​​សិស្ស​វិទ្យាល័យ​បាក់​ទូក​បាន​ប្រាប់​ថា រូប​គេ​ចូល​ចិត្ត​ទិញ​ទំនិញ​កន្លែង​ណា​ដែល​មាន​ចាក់​ភ្លេង​ ញាក់​ៗ​កន្ត្រាក់​អារម្មណ៍​ ព្រោះ​ថា​ភ្លេង​បែប​នេះ​ស្ដាប់​ទៅ​ធ្វើ​ឱ្យ​សិលា​មាន​អារម្មណ៍​ថា​រស់​រវើក​ ហើយ​សប្បាយ​ចិត្ត​នឹង​មើល​ទំនិញ។ «កន្លែង​ណា​ស្ងាត់​ឈឹង​ដូច​បុណ្យ​សព ខ្ញុំ​មិន​ចេះ​ទិញ​ទេ​បង! ព្រោះ​ស្ងាត់​ឈឹង​អញ្ចឹង​​ និយាយ​ទៅ​វា​អត់​ទាក់​ទាញ!»។

 

ផ្ទុយ​ទៅ​វិញ​ កញ្ញា​រស់​ណាលី គ្រូ​បង្រៀន​នៃ​សាលា​ឯកជន​មួយ​កន្លែង​បាន​ប្រាប់​ថា​ កញ្ញា​ចង់​ទិញ​កន្លែង​ណា​ដែល​មិន​មាន​ចាក់​ភ្លេង ព្រោះ​វា​ស្ងាត់​ល្អ​ ​មិន​រំខាន​អារម្មណ៍​ ងាយ​ស្រួល​ដើរ​មើល​ទំនិញ​ហើយ​បើ​ចង់​ពិភាក្សា​ជាមួយ​អ្នក​ផ្ទះ​​ថា​គួរ​ទិញ​ឬ​អត់ គឺ​អាច​ស្ដាប់​គ្នា​ឮ។ ណា​លី​បាន​បន្ថែម​ទៀត​ថា​ «កាន់​តែ​មិន​ចូល​ចិត្ត​ទៀត​គឺ​កន្លែង​ណា ដែល​មាន​ដាក់​ភ្លេងឮៗ ហើយ​មាន​ឌីជេ​និយាយ! ខ្ញុំ​មាន​អារម្មណ៍​ថា​ថ្លង់​ហើយ​ចង់​តែ​​ដើរ​ចេញ​ពី​ម្ដុំ​ហ្នឹង អោយ​បាត់ៗ!»៕

 

ចុចអាន៖ ទូក​តែង​មាន​អ្នក​រាំ​ក្បាល​ទូក មក​ពី​មូល​ហេតុ​អ្វី?

 

ចុះ​ចំណែក​ប្រិយមិត្ត​វិញ​យល់​យ៉ាង​ណា​វិញ?

 

 

អត្ថបទ៖ ណេង ណេង​​​​​​​