ស្ត្រី​ចំណាស់​អាយុ​71​ឆ្នាំ មាន​ជម្លោះដីធ្លី​6​ឆ្នាំ​ហើយ ត្រូវ​ឃាតករ​វាយ​សម្លាប់

ស្ត្រី​ចំណាស់​អាយុ​71​ឆ្នាំ មាន​ជម្លោះដីធ្លី​6​ឆ្នាំ​ហើយ ត្រូវ​ឃាតករ​វាយ​សម្លាប់

ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន បន្ទាប់​ពី​រត់គេច​ចេញពី​ភូមិ​ក្រោយ​ពេល​មានការ​ឆោឡោ​ថា ស្ដ្រី​ចំណាស់​ម្នាក់​ត្រូវ​ឃាតករ​សម្លាប់ រួច​អូស​សព​ចូល​ក្នុង​វាលស្រែ​ក្រោយ​ភូមិ ។ ការ​ឃាត់ខ្លួន​នេះ​ធ្វើ​ឡើង​កាល ពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃទី​២៣ វិច្ឆិកា គឺ​បន្ទាប់​ពី​មាន​ព័ត៌មាន​បាត់​ខ្លួន​ស្ដ្រី​ចំណាស់ ។

ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​នេះ​ឈ្មោះ ប៉ូ​ញ ចាន់​រិ​ទ្ធ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ​ធ្វើស្រែ មាន​ទីលំនៅ​ភូមិ​ព្រៃ​នារាយណ៍ ឃុំ​ក្ទម្ព​ក្រាំង ស្រុក​សំរោង​ទង ។ ការ​ចាប់ខ្លួន​នេះ ត្រូវ​បាន​សង្ស័យ​ថា​ពាក់ព័ន្ធ​នឹង​ករណី​ឃាតកម្ម​គិត​ទុកជា​មុន ដោយ​សម្លាប់​ស្ដ្រី​ចំណាស់ នៅ​ចម្ងាយ​ប្រមាណ​៨០០​ម៉ែត្រ ខាងលិច​ភូមិ​ព្រ​នារាយណ៍ ឃុំ​ក្ទម្ព​ក្រាំង ស្រុក​សំរោង​ទង ។

លោក​វរសេនីយ៍ត្រី សម សាក់ នាយការិយាល័យ​ព្រហ្មទណ្ឌ​បានឱ្យ​ដឹង​ថា យោង​តាម​ការ​ស្រាវជ្រាវ និង​សាកសួរ​សាក្សី គឺ​រវាង​ជន​រង​គ្រោះ​និង​ជនសង្ស័យ មាន​ជម្លោះ​គ្នា​រឿង​ដីធ្លី​៦​ឆ្នាំ​មក​ហើយ ។ ពេល​នេះ​មន្ត្រី​ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទៅ​ចៅក្រម​សើ​ុ​ប​សួរ​សាលាដំបូង​ខេត្ត ដើម្បី​បន្ត​នីតិវិធី ។ស្ត្រី​ចំណាស់​រង​គ្រោះ​ឈ្មោះ ទូច ញឹក អាយុ ៧១​ឆ្នាំ ត្រូវ​បាន​អ្នក​ភូមិ​និង​ក្រុម​គ្រួសារ​ប្រទះ​ឃើញ​ស្លាប់​នៅ​ក្នុង​វាលស្រែ​ក្រោយ​ភូមិ ដោយ​មាន​ស្ថានភាព​ជាន់ពន្លិច​ក្បាល​នៅ​ក្នុង​ភក់ ។

មន្ត្រី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ករណី​សម្លាប់​នេះ​បាន​កើតឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ហើយ​ក្រុម​គ្រួសារ​នាំ​គ្នា​ដើរ​រក​ក៏​ប្រទះ​ឃើញ​សព នៅ​វេលា​ម៉ោង​៦​និង​១៦​នាទី​ព្រឹក​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា នៅ​ភូមិ​នារាយណ៍ ឃុំ​ក្ទម្ព​ក្រាំង ស្រុក​សំរោង​ទង ។

តាម​ការ​សាកសួរ​និង​ស្រាវជ្រាវ​ពី​ក្រុម​គ្រួសារ​សព​បាន​ឲ្យ​ដឹង​ថា នា​រសៀល​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា គាត់​បាន​ដឹកគោ​ទៅ​ចងឱ្យ​ស៊ី​ស្មៅ​នៅ​ក្រោយ​ភូមិ ហើយ​ក៏​បាត់​ខ្លួន​រហូត​មក បើ​ទោះជា​ក្រុម​គ្រួសារ​កូនចៅ​នាំ​គ្នា​ដើរ​រក​ក៏​មិន​ប្រទះ​ឃើញ​ឡើយ ។ រហូត​ដល់​ព្រឹក​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ក៏​ប្រទះ​ឃើញ​ស្លាប់​នៅ​ក្នុង​វាលស្រែ​ក្នុង​ស្ថានភាព​ក្បាល​កប់​ក្នុង​ភក់ ។
ជន​រង​គ្រោះ​មាន​ស្នាម​បែក​ចំនួន​៣​កន្លែង​នៅ​ក្បាល ហើយ​ក្បាល​កប់​ក្នុង​ភក់​ទៀ​ផង​។ ក្រោយ​ពី​ពិនិត្យ​ចប់ សមត្ថកិច្ច​បាន​ប្រគល់​សព​ឱ្យ​ក្រុម​គ្រួសារ​ទទួលយក​ទៅ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕