នយោបាយ​សង្គ្រោះ​ឆ្នេរសមុទ្រ ខណៈ​ការ​រំលោភ​មាន​គ្រប់កន្លែង

នយោបាយ​សង្គ្រោះ​ឆ្នេរសមុទ្រ ខណៈ​ការ​រំលោភ​មាន​គ្រប់កន្លែង

រាជធានី​ភ្នំពេញ ៖ ថ្មី​ៗ​នេះ​គណៈប្រតិភូ​ក្រសួងទេសចរណ៍ ដឹកនាំ​ដោយ​លោក​រដ្ឋមន្ត្រី ថោ​ង ខុន បាន​ចូលរួម​ឆ្លើយ​បំភ្លឺ​ជូន​គណៈកម្មការ​ទី​៧​នៃ​រដ្ឋសភា ស្តី​ពី​ឆ្នេរ​សាធារណៈ​និង​សហគមន៍​ទេសចរណ៍ ។ លោក ថោ​ង ខុន បាន​បញ្ជាក់​ថា គណៈកម្មការ​ទី​៧​នៃ​រដ្ឋសភា បាន​ផ្តោត​ការ​យកចិត្តទុកដាក់​ទៅ​លើ​បទ​បង្ហាញ​របស់​លោក​អគ្គនាយក​ទេសចរណ៍​ស្តី​ពី​ការ​គ្រប់គ្រង និង​អភិវឌ្ឍ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា ដែល​បច្ចុប្បន្ន​ឆ្នេរសមុទ្រ​នៃ​ខេត្ត​តំបន់ឆ្នេរ​ទាំង​បួន​ដែល​មាន​ប្រវែង​៤៤០​គ​.​ម​. បាន​ក្លាយជា​សមាជិក​ក្លិប​ឆ្នេរសមុទ្រ​ដែល​ស្អាត​បំផុត​លើ​សកលលោក និង​មាន​ចំនួន​ទេសចរ​កើន​ឡើងជា​លំដាប់ ហើយ​ក៏​ជា​ប៉ូ​ល​ទេសចរណ៍​ដ៏​ចម្បង បន្ទាប់​ពី​តំបន់​សៀមរាប​អង្គរ​នា​ពេល​ខាង​មុខ ។

លោក ថោ​ង ខុន បាន​បញ្ជាក់​ឲ្យ​ដឹង​ថា មក​ដល់​ពេល​នេះ​សហគមន៍​ទេសចរណ៍​ក៏​មានការ​រីក​ចម្រើន​ផង​ដែរ ដែល​នៅ​ទូ​ទាំង​ប្រទេស​មាន​ជាង​៥០​កន្លែង ហើយ​កន្លែង​ខ្លះ​មានការ​គ្រប់គ្រង​បាន​ល្អ ដូច​ជា​ជី​ផាត ចំបក់ រុន​តា​អែក ជាដើម ។ ចំណែក​កន្លែង​ខ្លះ​ទៀត​នៅ​មាន​កម្រិត​នៅឡើយ​។

គួរ​បញ្ជាក់​ថា ក្រសួងទេសចរណ៍​បាន​នឹង​កំពុង​រៀបចំ​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ វិស័យ​ឯកជន និង​ស្ថាប័ន​ពាក់ព័ន្ធ មានការ​ទទួលខុសត្រូវ​ថែរក្សា​ចំពោះ​តំបន់ឆ្នេរ​ដ៏​ស្រស់​ស្អាត​របស់​កម្ពុជា ។ ការ​រៀបចំ​សេចក្តីព្រាងច្បាប់​នេះ មានការ​គាំទ្រ​ពី​ក្រសួងបរិស្ថាន ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ រួម​ទាំង​អាជ្ញាធរ​ពាក់ព័ន្ធ​ផង​ដែរ ។ សេចក្តីព្រាងច្បាប់​នេះ​នឹង​ចប់​រួចរាល់​នៅ​ពាក់កណ្តាល​ឆ្នាំ​ក្រោយ ហើយនឹង​ដាក់​ជូន​គណៈរដ្ឋមន្ត្រី​អនុម័ត​នៅ​អំឡុង​ខែមិថុនា ឆ្នាំ​២០១៦ ខាង​មុខ ។

សូម​ជម្រាប​ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​ដាក់​ចេញ​វិធានការ​មួយ ដោយ​សម្រួល​ឱ្យ​វិស័យ​ឯកជន ដែល​ទទួល​បាន​សិទ្ធិ​កាន់កាប់​តំបន់ឆ្នេរ ដកឃ្លា​ចេញពី​មាត់​ឆ្នេរសមុទ្រ​ប្រមាណ​៥០​ម៉ែត្រ ដើម្បី​ឱ្យ​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​រៀបចំ​ឆ្នេរសមុទ្រ​កម្ពុជា​ទាំងអស់ ឱ្យទៅ​ជា​ទ្រព្យសម្បត្តិ​សាធារណៈ ដែល​អាច​ឱ្យ​ប្រជាពលរដ្ឋ​គ្រប់​គ្នា​ទៅ​កម្សាន្ត​បាន ។ ជាង​នេះ​ទៅ​ទៀត ក្រសួងទេសចរណ៍​នឹង​ចាប់ផ្តើម​ធ្វើ​ប្លង់​គំរូ​សម្រាប់​ឆ្នេរ​អូ​ត្រេះ ដែល​ជា​ឆ្នេរ​មួយ​សំបូរ​ដោយ​ជនបរទេស​ទៅ​កម្សាន្ត ហើយ​ឆ្នេរ​ដទៃ​ទៀត​នឹង​ត្រូវធ្វើ​ឱ្យ​មាន​ស្តង់ដារ​ដូច​គ្នា ទាំង​អនាម័យ និង​សណ្តាប់ធ្នាប់ ។

សំណង់​រឹង​មាំ​រំលោភ​ចូល​ក្នុង​សមុទ្រ​៣​កន្លែង​នៅ​កោះកុង​នៅ​ចុងឆ្នាំ​២០១៥​នេះ មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ និង​មន្ត្រីរាជការ​ជា​ច្រើន បាន​រិះគន់​ត្រង់​ៗ​ថា ហេតុ​អ្វី​ក៏​សំណង់​រឹង​មាំ​ដូច​ជា​ផ្ទះ វីឡា ផែ​ថ្ម អាច​លយ​ចូល​ទៅ​ក្នុង​សមុទ្រ ហើយ​គេ​ចេះ​តែ​បន្ត​ការ​សាងសង់​បាន​រហូត ។ ចំណែក​ពលរដ្ឋ​ក្រីក្រ​ដាំ​ម្រេច​ក្នុង​ចម្ការ​នៅ​មាត់​ឆ្នេរ ទទួលផល​ទៅ​ហើយ បែរជា​សមត្ថកិច្ច​ទៅ​កាប់​បំផ្លាញ​ចោល ហើយ​ចោទ​ពួក​គាត់​ថា​រំលោភ​ឆ្នេរ ។

សំណង់ផ្ទះ​វីឡា​មួយ កម្ពស់​៣​ជាន់ ស្ថិត​នៅ​ក្នុងភូមិ​២ សង្កាត់​ដងទង់ ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ម្ចាស់​ឈ្មោះ ដួង ប៊ុ​ន​ធឿ​ន បាន​សាងសង់​រំលោភ​លើ​ដី​មាត់​ឆ្នេរ និង​ចាក់​ផែ លយ​ចូល​ទៅ​ក្នុង​សមុទ្រ​រាប់​សិប​ម៉ែត្រ​ទៀត រហូត​មក​ទល់​ពេល​នេះ​ការ​សាងសង់​ចេះ​តែ​ធ្វើ​បន្ត មិន​ទាន់​បញ្ឈប់​នៅឡើយ​ទេ ។

លោក ហាក់ បូ​រ៉ា នាយការិយាល័យ​ភូមិបាល​ក្រុង​ខេមរភូមិន្ទ បានឱ្យ​កោះសន្តិភាព​ដឹង​តាម​ទូរស័ព្ទ​កាលពី​ព្រឹក​ថ្ងៃ​ទី​២២ វិច្ឆិកា ថា សំណង់​ខាងលើ​នេះ លោក​បាន​ចេញ​លិខិត​ហាមឃាត់​២​លើក​រួច​មក​ហើយ ឱ្យ​បញ្ឈប់​ការ​សាងសង់ ។ ប៉ុន្តែ​ម្ចាស់ផ្ទះ​ពិតជា​រឹងរូស​ខ្លាំង​ណាស់ ហើយ​ធ្វើ​សកម្មភាព​ផ្គើន​នឹង​បម្រាម​ទៀត​ផង មិនតែប៉ុណ្ណោះ លោក​ក៏​បាន​រាយការណ៍​ជូន​លោក​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម​សំណង់​ខេត្ត ហើយ​ដែរ ប៉ុន្តែ​មិនដឹង​លោក​ប្រធាន​មន្ទីរ ចាត់ការ​បែប​ណា​ទេ ឯ​សំណង់​នេះ​ចេះ​តែ​បន្ត​ឥត​ឈប់​ឈរ ។

ប្រភព​ពី​ប្រជាពលរដ្ឋ និង​មន្ត្រី​ដែល​មើលឃើញ​សំណង់​ខុសច្បាប់​នៅ​កន្លែង​ឯទៀត​ៗ បាន​បញ្ជាក់​ថា ក្រៅពី​សំណង់​ខាងលើ នៅ​មាន​សំណង់​រំលោភ​ដី​ឆ្នេរ និង​លយ​ចូល​ទៅ​ក្នុង​សមុទ្រ​មួយ​កន្លែង​ទៀត ដែល​គេ​ស្គាល់​ថា​ម្ចាស់​ឈ្មោះ ថា ប៊ុ​ន​យាំង ហៅ​យាយ​ម៉ៅ ជា​ជនជាតិ​ថៃ រស់នៅ​ឃុំ​ខ្ល​ង​ស្រ៊ុ​ន ស្រុក​ខ្ល​ង​យ៉ៃ ខេត្ត​ត្រា​ត បាន​មក​ជួល​ដី​ពី​ប្រជាពលរដ្ឋ​រស់នៅ ក្នុងភូមិ​១ ឃុំ​ប៉ាក់​ខ្ល​ង ស្រុក​មណ្ឌល​សីមា ។ បន្ទាប់​ពី​ជួល​បាន​ហើយ គាត់​បាន​ចាក់​បេតុង ធ្វើ​របាំង លយ​ចូល​ទៅ​ក្នុង​សមុទ្រ​ប្រវែង​ប្រហែល​៤០​ម៉ែត្រ រួច​ចាក់​ដី​បំពេញ ដើម្បី​ធ្វើ​កំពង់​ផែ សម្រាប់​ទិញ​ផល​នេសាទ ។

ស្ថានភាព​ឆ្នេរ​នៅ​ខេត្ត​ព្រះ​សីហ​នុ​របង​ហ៊ុម​ព័ទ្ធ​ដែល​បិទ​បាំង​ឆ្នេរសមុទ្រ មួយ​កន្លែង​នៅ​មុខ​អង្គភាព​កាំសាប ក្នុង​សង្កាត់​លេខ ៣ ក្នុង​ចំណោម​របង​ហ៊ុម​ព័ទ្ធ​ដី​ឆ្នេរសមុទ្រ ជា​ច្រើន​កន្លែង​ផ្សេង​ទៀត ត្រូវ​បាន​លោក យន្ត មីន អភិបាលខេត្ត​ព្រះ​សីហ​នុ ឱ្យ​រុះរើ និង​ដក​យក​របាំង​ស័ង្កសី​ហ៊ុម​ព័ទ្ធ​យក​ឆ្នេរ​ចេញ​ហើយ ដើម្បី​ទុក​សម្រាប់​ការ​មក​កម្សាន្ត​របស់​ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ នា​ឱកាស​បុណ្យអុំទូក និង​ចូល​ឆ្នាំ​សកល ដែល​ខិត​ជិត​មក​ដល់​នា​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ ។

បើ​តាម​ការ​ឱ្យ​ដឹង​ពី​លោក នូ សុផល ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះ​សីហ​នុ កាលពី​ព្រឹក​ថ្ងៃ​ទី​២៣ វិច្ឆិកា ថា ឆ្នេរសមុទ្រ​ខេត្ត​ព្រះ​សីហ​នុ មាន​ប្រវែង​១៧១​គីឡូម៉ែត្រ ដែល​មាន​សក្តានុពល​ទាក់ទង ដល់​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ អន្តរជាតិ​ឱ្យមក​កម្សាន្ត​ដែល​ក្រសួងទេសចរណ៍ ក៏​ដូច​ជា​ប្រមុខ​រាជរដ្ឋាភិបាល បាន​ចាត់​ទុក​ថា​ខេត្ត​ព្រះ​សីហ​នុ ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​ទី​២ បន្ទាប់​ពី​រាជធានី​ភ្នំពេញ និង​សៀមរាប​អង្គរ ។ យោង​តាម​កិច្ចប្រជុំ​នៅ​រដ្ឋសភា​នា​ថ្ងៃ​ទី​១៩ វិច្ឆិកា កន្លង​មក រវាង​រដ្ឋមន្ត្រី ក្រសួងទេសចរណ៍ និង​គណៈកម្មការ​ទី​៧​នៃ​រដ្ឋសភា លោក ថោ​ង ខុន បាន​បញ្ជាក់​ថា បន្ទាប់​ពី​យក​ឆ្នេរ​នៅ​តាម​បណ្តា​ខេត្ត​ជាប់មាត់​សមុទ្រ រដ្ឋ​នឹង​រៀបចំ​ឱ្យ​មាន​សោភ័ណ​ភាព ដើម្បី​ទុក​សម្រាប់​ឱ្យ​ប្រជាពលរដ្ឋ ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ មក​ដើរ​លេង​កម្សាន្ត ។

មន្ត្រី​សាលាខេត្ត​ព្រះ​សីហ​នុ សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​បង្ហើប​ឱ្យ​ដឹង​ថា នៅ​ក្នុង​តំបន់ឆ្នេរ ដែល​លាតសន្ធឹង​១៧១​គីឡូម៉ែត្រ​នេះ កន្លង​មក ទីតាំង​ឆ្នេរ​ដូច​ជា ឆ្នេរ​ព្រែក​ត្រែង ស្ថិត​ក្នុងស្រុក​ស្ទឹង​ហាវ ឆ្នេរ​ជ័យ​ជំនះ (​ខាង​មុខ​សាលាខេត្ត​ព្រះ​សីហ​នុ​) ឆ្នេរ​លំហែកាយ ឆ្នេរ​ឯករាជ្យ (​ឆ្នេរ​សណ្ឋាគារ ៧​ជាន់​) ឆ្នេរ​សុខា ឆ្នេរ​អូរ​ឈើទាល ឆ្នេរ​អូរ​ត្រេះ ត្រូវ​បាន​ស្ថិត​ក្នុង​ការ​គ្រប់គ្រង​ជា​លក្ខណៈ​ឯកជន​អស់​ទៅ​ហើយ ។ ក្នុង​ចំណោម​ឆ្នេរ​ខាងលើ ត្រូវ​បាន​បណ្តា​ក្រម​ហ៊ុន និង​ឈ្មួញ​ធ្វើ​របង​ហុំ​ព័ទ្ធ​ទុក​ឆ្នេរ​ចោល ជា​ហេតុ​បណ្តាល​ឱ្យ​ឆ្នេរសមុទ្រ​រួម​តូច ធ្វើ​ឱ្យ​មានការ​រិះគន់​ពី​សំណាក់​ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ ទៅ​លើ​អាជ្ញាធរ​ដែនដី ។ នា​ពេល​ថ្មី​ៗ​នេះ លោក យន្ត មីន អភិបាលខេត្ត​ព្រះ​សីហ​នុ បាន​ធ្វើការ​បើករបង​ហ៊ុម​ព័ទ្ធ​ដី​ឆ្នេរ​ជ័យ​ជំនះ នៅ​ខាង​មុខ​អង្គភាព​កាំសាប ដើម្បី​រៀបចំ​ឱ្យ​ភ្ញៀវ​ទេសចរ​ជាតិ អន្តរជាតិ បាន​ចូល​មក​កម្សាន្ត​នៅ​ថ្ងៃ​បុណ្យ​ខាង​មុខ​។ រដ្ឋបាល​សាលាខេត្ត​ព្រះ​សីហ​នុ គ្រោង​នឹង​បើករបង​ហ៊ុម​ព័ទ្ធ​ដី​ឆ្នេរ​មួយ​ចំនួន​បន្ថែម​ទៀត​។ បើ​និយាយ​ពី​វិធានការ​យក​ឆ្នេរ​ជម្រៅ​៥០​ម៉ែត្រ​ពី​ផ្ទៃ​ទឹក​នោះ ការងារ​ស្មុគស្មាញ​មួយ​ចំនួន​នឹង​ត្រូវ​ផ្ទុះ​ឡើង ពិសេស​ការ​សាងសង់​សំណង់​រំលោភ​ចូល​សមុទ្រ​នានា ចាំ​មើល​តើ​អាជ្ញាធរ​ចាត់ការ​ដោយ​របៀប​ណា ? សង្ស័យ​ធ្វើ​បាន​កន្លែង​ខ្លះ ហើយ​កន្លែង​ខ្លះ​អត់​ហ៊ា​ន​ប៉ះ ។ ដល់​ពេល​នោះ​ទើប​ដឹង​ថា «​អយុត្តិធម៌​» នឹង​កើត​មាន​មិន​ខាន ។

ម្ចាស់​សណ្ឋាគារ​ចាក់​ដី​រំលោភ​យក​ឆ្នេរសមុទ្រ​ខេត្ត​កែប​នៅ​ឆ្នេរ​សមុទ្យ​ខេត្ត​កែប កន្លង​មក អ្នកមាន​លុយ​តែងតែ​ឃុបឃិត​គ្នា​ចាក់​ដី​លុប​សមុទ្រ​ជា​ហូរហែ ដែល​កន្លែង​ខ្លះ​ក៏​ត្រូវ​បាន​អាជ្ញាធរ​ហាមឃាត់ តែ​កន្លែង​ខ្លះ​ទៀត អាជ្ញាធរ​ហាក់​បើកភ្លើង​ខៀវ​ឱ្យ​អ្នកមាន​លុយ​ចាក់​រំលោភ​យក​ឆ្នេរសមុទ្រ ដោយ​គ្មាន​ការ​ទប់ស្កាត់​ទៅ​វិញ ។ ជាក់ស្ដែង​ដូច​ជា​នៅ​មុខ​រោង​យាយ​ម៉ៅ ស្ថិត​នៅ​មុខ​សាលាខេត្ត​កែប ។ លោក ថេ​ង គួ​យ ម្ចាស់​សណ្ឋាគារ​រ៉ក់​រ៉ូ​យ៉ា​ល់ បាន​ចាក់​ដី​លយ​ចូល​ទៅ​ក្នុង​សមុទ្រ កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​នេះ បើ​គិត​ពី​ឆ្នេរ​ចាក់​លយ​ចូល​ទៅ​សមុទ្រ​ប្រមាណ​២០០​ម៉ែត្រ រឺ​ឯ​បណ្ដោយ​ឆ្នេរ​ប្រវែង​៣០០​ម៉ែត្រ ។ កាលដែល​លោក ថេ​ង គួ​យ ចាក់​ដី​លុប​សមុទ្រ​នោះ គេ​ឃើញ​ស្ថាប័ន​ពាក់ព័ន្ធ​មួយ​ចំនួន​បាន​ហាមឃាត់ តែ​គេ​នៅ​តែ​បន្ត​ចាក់​ដី​ទៅ​ក្នុង​សមុទ្រ​បន្ត​ទៀត ដោយសារ​តែ​ការ​ហាមឃាត់​គ្មាន​ប្រសិទ្ធិ​ភាព សង្ស័យ​គ្មាន​អ្វី​ធំ​ជាង​លោក​ទេវ​ប្រាក់ ។

ទោះបីជា​បែប​ណា គេ​បាន​មើលឃើញ​ថា កន្លែង​ដែល​លោក ថេ​ង គួ​យ ចាក់​ដី​រំលោភ​យក​ដី​សមុទ្រ​ធ្វើ​ជា​ដី​កម្មសិទ្ធិ​នោះ មិន​ទាន់​បាន​អភិវឌ្ឍន៍​អ្វី​ទេ ធ្វើ​បាន​ត្រឹមតែ​អាង​ហែល​ទឹក​មួយ​ប៉ុណ្ណោះ ទុក​សម្រាប់​ឱ្យ​ភ្ញៀវ​ស្នាក់​នៅ​សណ្ឋាគារ​រ៉ក​រ៉ូ​យ៉ា​ល់ ចុះ​ទៅ​លេង​ទឹក ។

តាម​ប្រភព​ព័ត៌មាន​មួយ​បានឱ្យ​ដឹង​ថា លោក ថេ​ង គួ​យ គ្រោង​នឹង​ធ្វើ​របង​បិត​មិន​ឱ្យ​ភ្ញៀវ​ណា​ដែល​មិន​បាន​ស្នាក់​នៅ​សណ្ឋាគារ​របស់​ខ្លួន​ចុះ​ទៅ​ឆ្នេរសមុទ្រ​ដែល​លោក​បាន​គ្រប់គ្រង​នោះ​ទេ ដែល​អ្នកខ្លះ​និយាយ​ថា អាងខ្នង​នៅ​ក្រសួងមហាផ្ទៃ ។

ដោយឡែក ឆ្នេរសមុទ្រ​នៅ​ខាងក្រោយ​សាលា​ក្រុងកែប ក៏​មាន​អ្នក​លួច​ចាក់​ដី​លយ​ចូល​ទៅ​ក្នុង​សមុទ្រ​ដែរ ប៉ុន្ដែ​លោក ងឹ​ន ងឹ​ន ដា​អភិបាលក្រុង បាន​បញ្ជា​ឱ្យ​ម្ចាស់​ដី​ឈប់ និង​ហាម​មិន​ឱ្យ​ចាក់​ដី​ហើយ​កាលពី​ប៉ុន្មាន​ខែ​មុន​នេះ​។ បើ​ត្រឹមតែ​ហាម​បែប​នេះ មិន​មាន​ប្រសិទ្ធភាព​ទេ យក​ល្អ​ត្រូវ​តែ​ឱ្យ​អ្នក​ណា​ដែល​ចាក់​ដី​លុប​សមុទ្រ​ត្រូវ​ឱ្យ​កាយ​ចេញ​វិញ ។ បើ​ពុំ​ដូច្នោះ​ទេ សង្ស័យ​ចាញ់​ទេវ​ប្រាក់​ថ្ងៃ​ណាមួយ​មិន​ខាន ៕