នាយក​រដ្ឋមន្ត្រី​រុ​ស្ស៊ី​ឯកភាព​បន្ត​ពិភាក្សា​បំណុល​ដែល​សេសសល់​៣០%​ក្រោយ​ការ​លុប​ចោល​៧០%

នាយក​រដ្ឋមន្ត្រី​រុ​ស្ស៊ី​ឯកភាព​បន្ត​ពិភាក្សា​បំណុល​ដែល​សេសសល់​៣០%​ក្រោយ​ការ​លុប​ចោល​៧០%

រាជធានី​ភ្នំពេញ ៖ រុ​ស្សុ​ី​បាន​ឯកភាព​ថា នឹង​បន្ត​ពិភាក្សា​លើ​បញ្ហា​បំណុល​ដែល​កម្ពុជា​នៅ​ជំពាក់​៣០​ភាគរយ​ក្នុង​រង្វង់​ទឹកប្រាក់​១.៥០០​លាន​ដុល្លារ​ជា​បន្ត​ទៀត ។ ទោះបីជា​បែប​ណា កម្ពុជា​រំពឹង​ពី​ភាព​វិជ្ជមាន​នៃ​ការ​ដោះស្រាយ​បញ្ហា​បំណុល​នេះ បន្ទាប់​ពី​ដំណើរ​ទស្សនកិច្ច​រយៈពេល​៣​ថ្ងៃ​របស់​នាយក​រដ្ឋមន្ត្រី​រុ​ស្ស៊ី លោក​ឌី​មី​ទ្រី មេ​ដ​វេ​ដេ​វ នៅ​កម្ពុជា ។ នេះ​បើ​យោង​តាម​វិទ្យុ​បារាំង​អន្តរជាតិ បាន​ផ្សាយ ។

ក្នុង​ជំនួប​រវាង​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី និង​សម​ភាគី​រុ​ស្ស៊ី លោក​ឌី​មី​ទ្រី មេ​ដ​វេ​ដេ​វ នាយក​រដ្ឋមន្ត្រី​រុ​ស្ស៊ី នៅ​វិមាន​សន្តិភាព កាលពី​ព្រឹក​ថ្ងៃ​ទី​២៤ វិច្ឆិកា លោក​អ៊ា​ង សុ​ផល្លែ​ត  ជំនួយការ​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ឱ្យ​ដឹង​ថា ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​លើកយក​បញ្ហា​ប្រាក់​បំណុល​សេសសល់​ដែល​កម្ពុជា​បាន​ជំពាក់​រុ​ស្ស៊ីតាំងពី​អំឡុង​ទស​វត្ស​ទី​៨០​មក​ពិភាក្សា​ផង​ដែរ ។ ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​បន្ត​ពិភាក្សា ថា​តើ​ត្រូវធ្វើ​យ៉ាងណា​ដើម្បី​អាច​ទទួលយក​បាន​ទាំង​សងខាង ។ តែបើ​តាម​លោក​អ៊ា​ង សុ​ផល្លែ​ត ថា ការ​ពិភាក្សា​ពី​បញ្ហា​បំណុល​នេះ​មាន​ផល​វិជ្ជមាន​ច្រើន ។

គួរ​រំឭក​ថា កាលពី​ឆ្នាំ​២០០៨ ប្រធាន​គណៈកម្មការ​ហិរញ្ញវត្ថុ​របស់​រដ្ឋសភា បាន​ប្រកាស​ថា រដ្ឋាភិបាល​រុ​ស្ស៊ី​យល់ព្រម​លុប​បំណុល​របស់​ខ្លួន​៧០​ភាគរយ​ដែល​កម្ពុជា​បាន​ជំពាក់​កាលពី​ទស​វត្ស​ទី​៨០​ដែល​បំណុល​សរុប​មាន​ចំនួន​១.៥០០​លាន​ដុល្លារ ។ មក​ដល់​ពេល​នេះ កម្ពុជា​នៅ​ជំពាក់​បំណុល​រុ​ស្ស៊ី​ចំនួន​៣០​ភាគរយ​ទៀត​។

ក្នុង​ឱកាស​នោះ​ដែរ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ប្រសាសន៍​ជម្រាប​ជូន​លោក ឌី​មី​ទ្រី មេ​ដ​វេ​ដេ​វ នាយក​រដ្ឋមន្ត្រី​នៃ​សហព័ន្ធ​រុ​ស្ស៊ី​ថា រាជរដ្ឋាភិបាល​និង​ប្រជាជន​កម្ពុជា សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ដល់​សហព័ន្ធ​រុ​ស្ស៊ី ដែល​កន្លង​មក​បាន​ជួយ​ដល់​កម្ពុជា​។ ជា​ពិសេស​បន្ទាប់​ពី​របប​ប្រល័យពូជសាសន៍ ប៉ុ​ល ពត រុ​ស្ស៊ី​បាន​ជួយ​កម្ពុជា​ឱ្យ​រស់រាន​មានជីវិត​ទ្បើ​ង​វិញ បន្ទាប់​ពី​ការ​រំដោះ​ចេញពី​របប​ប្រល័យពូជសាសន៍ ហើយ​បាន​ជួយ​បណ្តុះបណ្តាល​ធនធានមនុស្ស​នៅ​កម្ពុជា​ផង​ដែរ ។

លោក អ៊ា​ង សុ​ផល្លែ​ត ជំនួយការ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​ប្រាប់​ឱ្យ​ដឹង​ថា សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី មាន​ប្រសាសន៍​បែប​នេះ នា​ព្រឹក​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា នៅ​វិមាន​សន្តិភាព ក្នុង​ជំនួប​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី​សហព័ន្ធ​រុ​ស្ស៊ី ឌី​មី​ទ្រី មេ​ដ​វេ​ដេ​វ ក្នុង​ឱកាស​ដែល​លោកនាយក​រដ្ឋមន្ត្រី អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ពី​ថ្ងៃ​ទី​២២ ដល់​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ដើម្បី​ពង្រឹង​ថែម​ទៀត​នូវ​ចំណងមិត្តភាព​ជា​ប្រពៃណី​ដែល​មាន​ស្រាប់ និង​កិច្ច​សហប្រតិបត្តិការ​ល្អ​រវាង​ប្រទេស​ទាំង​២ ។

នៅ​ក្នុង​ឱកាស​នោះ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី បាន​ស្នើ​សុំ​ភាគី​រុ​ស្ស៊ី​ថា គួរ​លើកទឹកចិត្ត​ធ្វើ​យ៉ាងណា​ជំរុញ​ថែម​ទៀត លើ​ការ​ពង្រីក​ទំហំ​ពាណិជ្ជកម្ម​នៅ​កម្ពុជា ។ ទន្ទឹម​នឹង​នេះ សម្តេច​តេ​ជោ បាន​ស្នើ​សុំ​ឱ្យ​សហព័ន្ធ​រុ​ស្ស៊ី​នាំ​អង្ករ​ចេញពី​កម្ពុជា​ផង ក៏​ដូច​ជា​វាយនភ័ណ្ឌ និង​ផលិតផល​ផ្សេង​ៗ​ទៀត និង​ជំរុញ​ឱ្យ​សហព័ន្ធ​រុ​ស្ស៊ី​មក​វិនិយោគទុន​នៅ​កម្ពុជា ដើម្បី​ជំរុញ​វិស័យ​ឧស្សាហកម្ម​កែ​ច្នៃ ធ្វើ​យ៉ាងណា​ឱ្យ​មានការ​កែ​ច្នៃ​ផលិតផល​កសិកម្ម​កម្ពុជា​ឱ្យទៅ​ជា​ផលិតផល​សម្រេច ដើម្បី​នាំ​ចេញ​ទៅ​ប្រទេស​រុ​ស្ស៊ី ។

សម្តេច​តេ​ជោ​ក៏​បាន​ស្នើ​សុំ​ផង​ដែរ ធ្វើ​យ៉ាងណា​ជំរុញ​អ្នក​វិនិយោគ​រុ​ស្ស៊ី​ឱ្យមក​វិនិយោគ​នៅ​កម្ពុជា​លើ​វិស័យ​ទេសចរណ៍ ឱ្យ​មានការ​ហោះហើរ​ត្រង់​ពី​សហព័ន្ធ​រុ​ស្ស៊ី​មក​កម្ពុជា និង​ពី​កម្ពុជា​ទៅ​សហព័ន្ធ​រុ​ស្ស៊ី ។ សម្តេច​តេ​ជោ ក៏​បាន​ស្នើ​សុំ​ឱ្យ​ភាគី​រុ​ស្ស៊ី ជួយ​បន្ត​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា​ផង​ដែរ ។

ជា​ការ​ឆ្លើយ​តប លោកនាយក​រដ្ឋមន្ត្រី​សហព័ន្ធ​រុ​ស្ស៊ី បាន​ជម្រាប​ជូន​សម្តេច​តេ​ជោ​ថា លោក​សូម​ឯកភាព​ទាំងស្រុង​ចំពោះ​អ្វី​ដែល​ជា​ការ​លើក​ទ្បើ​ង​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ។ ក្នុង​ន័យ​នេះ គឺ​ដើម្បី​ជំរុញ​កិច្ច​សហប្រតិបត្តិការ​លើក​ស្ទួយ​ការ​វិនិយោគ​លើ​វិស័យ​ឧស្សាហកម្ម ថាមពល បច្ចេកវិជ្ជា ព័ត៌មានវិទ្យា វិស័យ​កសិកម្ម ធ្វើ​យ៉ាងណា​ឱ្យ​មាន​លំហូរ​កសិផល​កម្ពុជា ទំនិញ​កម្ពុជា ទៅ​កាន់​ប្រទេស​រុ​ស្ស៊ី ។

លោកនាយក​រដ្ឋមន្ត្រី​សហព័ន្ធ​រុ​ស្ស៊ី ក៏​បាន​ឯកភាព​ក្នុង​ការ​ផ្តល់​ជូន​បន្ថែម​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា ដើម្បី​បន្ត​ការ​សិក្សា​នៅ​ប្រទេស​រុ​ស្ស៊ី ។

ពាក់ព័ន្ធ​នឹង​បញ្ហា​បំណុល​ដែល​កម្ពុជា​ជំពាក់​រុ​ស្ស៊ី ភាគី​ទាំង​២​បាន​ឯកភាព​គ្នា​នឹង​ធ្វើការ​ពិភាក្សា ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​ភាគី​ទាំង​២​ទទួលយក​បាន​ទាំង​សងខាង ។

បន្ទាប់​ពី​ជំនួប​រវាង​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជាមួយ​លោក​ឌី​មី​ទ្រី មេ​ដ​វេ​ដេ​វ រួច​មក ភាគី​ទាំង​២​ក៏​បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​ចុះហត្ថលេខា​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សហព័ន្ធ​រុ​ស្ស៊ី​លើ​ឯកសារ​មួយ​ចំនួន​៖
១-​កិច្ចព្រមព្រៀង​ស្តី​ពី​ការ​ផ្លាស់​ប្តូរ​ព័ត៌មាន​សម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម រវាង​អង្គភាព​ស៊ើបការណ៍​ហិរញ្ញវត្ថុ​កម្ពុជា និង​អង្គភាព​ត្រួតពិនិត្យ​ហិរញ្ញវត្ថុ​រុ​ស្ស៊ី ។
២-​កិច្ចព្រមព្រៀង​ស្តី​ពី​សេវាកម្ម​ដឹក​ជញ្ជូន​តាម​ផ្លូវអាកាស រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​សហព័ន្ធ​រុ​ស្ស៊ី ។
៣-​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ និង​កិច្ចព្រមព្រៀង​បំពេញបន្ថែម​រវាង​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា (AKP) និង​ទីភ្នាក់ងារ​ព័ត៌មាន SPUTNIK ។
៤-​កិច្ចព្រមព្រៀង​ស្តី​ពី​កិច្ចសហការ និង​សហប្រតិបត្តិការ​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​រួបរួម​រុ​ស្ស៊ី ។
៥-​អនុស្សរណៈ​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​រវាង​ក្រសួងសុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្រសួងសុខាភិបាល​សហព័ន្ធ​រុ​ស្ស៊ី ។
៦-​អនុស្សរណៈ​យោគយល់​គ្នា​រវាង​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្រសួង​វប្បធម៌​សហព័ន្ធ​រុ​ស្ស៊ី ។
៧-​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​រវាង​វិទ្យុជាតិ​កម្ពុជា និង​ទីភ្នាក់ងារ​ព័ត៌មាន SPUTNIK
៨-​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​រវាង​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​ក្រសួង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សហព័ន្ធ​រុ​ស្ស៊ី ស្តី​ពី​ការ​កែសម្រួល​វិនិយោគទុន ។
៩-​អនុស្សរណៈ​យោគយល់​គ្នា​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ ក្នុង​ការ​ប្រើប្រាស់​ថាមពលបរមាណូ​សម្រាប់​បម្រើ​ឱ្យ​គោលដៅ​អភិវឌ្ឍន៍​ដោយ​សន្តិភាព រវាង​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សាជីវកម្ម​ថាមពលបរមាណូ​របស់​រដ្ឋ ROSATOM ។
១០-​លក្ខខណ្ឌ​ប្រតិបត្តិការ​របស់​ក្រុមការងារ​ជាន់ខ្ពស់ ស្តី​ពី​ការ​ជំរុញ​គម្រោង​វិនិយោគ​អាទិភាព​រួម​រវាង​កម្ពុជា​-​រុ​ស្ស៊ី ។
បន្ទាប់​មក សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​រៀបចំ​លៀង​សាយភោជន៍​ជាម​ហា​កិត្តិយស​ជូន​ចំពោះ​លោក ឌី​មី​ទ្រី មេ​ដ​វេ​ដេ​វ នាយក​រដ្ឋមន្ត្រី​នៃ​សហព័ន្ធ​រុ​ស្ស៊ី និង​គណៈប្រតិភូ​អមដំណើរ​ផង​ដែរ ៕