ថៃ​ដោះ​លែង​អ្នកទោស​ខ្មែរ​៤​នាក់​​​​នាំ​មក​ប្រគល់​ឱ្យ​អាជ្ញា​ធរកម្ពុជា​វិញ​

ខេត្តឧត្តរមានជ័យ ៖ អាជ្ញាធរ​ថៃ​បាន​​ដោះ​លែង​អ្នកទោស​ខ្មែរ​៤​នាក់​នាំ​ខ្លួន​យក​មក​ប្រគល់​ឲ្យ​អាជ្ញាធរ​កម្ពុជា​តាម​មាត់ច្រក​ទ្វារ​អន្តរជាតិ​ជាំ​សា​ងាំ​ កាលពី​វេលា​ម៉ោង​៣​រសៀល ​ថ្ងៃ​ទី​២៤​ វិ​ច្ឆិ​កា ​២០១៥​ ​នៅភូមិ​ជើងភ្នំ ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់​វែង​ ​​។

​​អ្នកទោស​ក្នុង​ចំណោម​៤​នាក់​ ម្នាក់​មានឈ្មោះ​គង់ ចាន់​ណា​ង​ ភេទ​ប្រុស ​អា​យុ៥៩​ឆ្នាំ​ មាន​ទីលំនៅ​ក្នុងស្រុក​ត្រពាំង​ប្រាសាទ​ ខេត្តឧត្តរមានជ័យ ​បាន​រៀបរាប់​ឲ្យ​ដឹង​ថា​ ដោយសា​តែ​ខ្លួន​មាន​ជីវភាព​ក្រីក្រ​ពេក ហើយ​ឈើ​គ្រ​ញួ​ង​មាន​ហាងឆេង​ផង​ក៏សំរេចចិត្ត​ចាក​ចេញពីផ្ទះ​ឆ្លង​ដែន​ខុសច្បាប់​ចូល​ទៅ​ក្នុង​ដី​ថៃរ​កកាប់​ឈើ​គ្រ​ញួ​ង​យក​មក​លក់​ឲ្យ​ឈ្មួញ​សម្រាប់​ជួយ​ដោះស្រាយ​​ជីវភាព​ដែល​កំពុង​ខ្វះខាត​។

​​អ្នកទោស​ដដែល​បាន​បន្ត​ថា រូប​គាត់​បាន​ចូល​តាម​ច្រក​អូរ​ស្វាយ ស្ថិត​នៅ​ក្នុង​ឃុំ​អូរ​ស្វាយ ស្រុក​ត្រពាំង​ប្រាសាទ ខណៈនោះ​ក៏មាន​ពលរដ្ឋ​ជា​ច្រើន​នាក់​ផង​ដែរ​បាន​ឆ្លង​ដែន ​កាលពី​ថ្ងៃ​ទី​១៤ ​សីហា ​២០១៤​។ ​លុះ​នៅ​វេលា​ម៉ោង​១០​ព្រឹក ​ថ្ងៃ​ទី​១៦​ សីហា​ ២០១៤​ ដដែល ​មាន​ក្រុម​ទាហាន​ថៃ​បាញ់​ តែ​មិនដឹង​ថា​ មាន​អ្នក​ស្លាប់​ ឬ​រង​របួស​នោះ​ទេ ដោយឡែក​ពួក​ខ្លួន​៤​នាក់​ត្រូវ​ទាហាន​ថៃ​ចាប់​នាំ​ទៅ​ដាក់​ក្ន​ង​ពន្ធ​នា​គា​ខេត្ត​ស៊ី​សាកេ​ត​បន្ទាប់​មក​នៅព្រឹក​ថ្ងៃ​ទី​២៤​ វិច្ឆិកា ​២០១៥​ ត្រូវ​បាន​អាជ្ញាធរ​ថៃ​ដោះ​លែង​។

មន្ត្រី​បម្រើ​ការងារ​មាត់ច្រក​ទ្វារ​អន្តរជាតិ​ជាំ​សា​ងាំ​ឲ្យ​ដឹង​ថា ​អ្នកទោស​ខ្មែរ​៤​នាក់​ដែល​អាជ្ញាធរ​ថៃ​ដោះ​លែង​នោះ​ ១​-ឈ្មោះ​គង់ ចាន់​ណា​ង​ ភេទ​ប្រុស​ អា​យុ​៥៩​ឆ្នាំ​ ២​-ឈ្មោះ​មឿ​ន​ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ​ ៣​-ឈ្មោះ​វែង ឡង​ឌី​ ភេទ​ប្រុស ​អាយុ​២៥​ឆ្នាំ​ ។ ទាំង​៣​នាក់​នេះ​រស់នៅ​ក្នុងស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្តរមានជ័យ ​និង​ម្នាក់​ទៀត​ឈ្មោះ​ស ឈាង ​ភេទ​ប្រុស ​អាយុ​២៤​ឆ្នាំ ​រស់នៅ​ភូមិ​ចារ ឃុំ​កន្ទួត ស្រុក​បារាយណ៍ ខេត្តកំពង់ធំ​​៕