ញឹម ចាន់ថន សម្រេចចិត្ត​សុំ​សីល​ទាំង​វ័យក្មេង

Sanofi

​​រហូតមកដល់​ពេលនេះ មិនទាន់មាន​អ្នកសិល្បៈ​វ័យក្មេង​ណា​ម្នាក់​បាន​កាន់សីល​ដាក់ចិត្ត​រៀន​ធម៌​នៅឡើយ​ទេ ទើបតែ​មាន​តារា​សម្តែង និង ចម្រៀង ញឹម ចាន់ថន ម្នាក់​ទេ ដែល​បាន​ប្រាប់ថា នាង​បាន​សម្រេចចិត្ត​សុំ​សីល​រៀន​ធម៌​អស់​រយៈពេល​ជាង​ពីរ​ឆ្នាំ​មកហើយ ។ ម្យ៉ាងទៀត​ជា​រៀងរាល់​ថ្ងៃសីល នាង​បាន​តម ដោយ​មិន​ទទួល​ថត​ការងារ​សិល្បៈ​ឡើយ ព្រោះ​នាង​យក​ពេលធ្វើ​ចង្ហាន់ និង ជួន​ម្តាយ​ទៅ​វត្ត​សុំ​សីល​ទាំងពីរ​នាក់​ម្តាយកូន​ថែម​ទៀតផង ។ តាម​ការសង្កេត​ឃើញជាក់ស្តែង អ្នកសិល្បៈ​ភាគច្រើន​មានការ​លោភលន់​នឹង​ការងារ​សិល្បៈ​រហូត​មាន​អ្នកខ្លះ​ទទួល​ថត​ខ្សែភាពយន្ត​គ្មាន​ពេល​សម្រាក​ឡើយ ។

ការខិតខំ​នេះ​ក៏ត្រូវ​បាន​គេ​មើលឃើញថា ពួកគេ​គ្មាន​បំណង​អ្វី​ក្រៅពី​ចង់បាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​លើ​វិថី​សិល្បៈ​នោះឡើយ ។ ក្នុងចំណោម​អ្នកសិល្បៈ​ទាំងនោះ​ក៏មាន​អ្នកខ្លះ​បានសម្រេច​ចិត្ត​បោះបង់​ការងារ​សិល្បៈ​ងាក​មក​ចាប់​ការងារ​រកស៊ី​ផ្សេងៗ និង ការងារ​គ្រួសារ ដោយ​មើល​ថែកូនៗ និង ថែទាំ​ឪពុកម្តាយ​មាន​វ័យ​ចាស់ជរា ។ យ៉ាងណាមិញ​ដូចជា​តារា​សម្តែង និង ចម្រៀង​ចាស់វស្សា ញឹម ចាន់ថន បាន​ប្រាប់ថា សម្រាប់​ការងារ​សិល្បៈ​នាង​ស្រឡាញ់​ខ្លាំង​ជាង​អាជីព​អ្វី​ទាំងអស់ ប៉ុន្តែ​នាង​ក៏​មិន​ទទួល​ថត​ដល់​ថ្នាក់​ភ្លេច​គិតពី​សុខភាព​ខ្លួនឯង និង ការងារ​សម្រាប់​គ្រួសារ​ដែរ ។ និយាយ​រួម​បើ​ប្រៀបធៀប​ពី​ការងារ​ទាំងពីរ​នេះ នាង​ជ្រើស​យក​ការថែទាំ​សុខភាព និង ការងារ​ក្នុង​គ្រួសារ​ច្រើនជាង​ការចង់បាន​កេរ្តិ៍ឈ្មោះ ព្រោះ​នាង​យល់ថា​ល្បីឈ្មោះ​ប៉ុន​នេះ​បាន​ហើយ ។

ម្យ៉ាងទៀត​ការងារ​សិល្បៈ​បានត្រឹមតែ​សប្បាយ និង ល្អ មើល ចំណែក​ប្រាក់ចំណូល​មិនល្អ​ស៊ី​ឡើយ ។ តារា​សម្តែង​គ្មាន​ហុងស៊ុយ​រឿង​ស្នេហា ញឹម ចាន់ថន បន្តថា រយៈពេល​ជាង​ពីរ​ឆ្នាំ​មកនេះ ញឹម ចាន់ថន សម្រេចចិត្ត​​សមិទ្ធផល​ការងារ​សិល្បៈ​របស់​នាង​បាន​សម្តែង​ខ្សែភាពយន្ត​បាន​បួន​ប្រាំ​រឿង តែ​នាង​ក៏បាន​បោះ បង់​ច្រើន​រឿង​ដែរ ព្រោះ​រឿង​ខ្លះ​ផលិតកម្ម​តម្រូវឱ្យ​នាង​ចុះ​ថត​ចំ​ថ្ងៃសីល ដែលជា​ថ្ងៃ​នាង​ត្រូវធ្វើ​ម្ហូប និង ត្រូវ​ជូន​ម្តាយ​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ​នៅ​វត្ត​ជា​រៀងរាល់​សីល ហើយ​នាង​ក៏​សុំ​សីល​ជាមួយ​ម្តាយ​ដែរ ពោលគឺ​ម្តាយ​របស់​នាង​សុំ​សីលប្រាំបី តែ​នាង​សុំ​សីលប្រាំ ដូច្នេះហើយ​នាង​មិនអាច​ទទួល​សម្តែង​បានទេ ព្រោះ​នាង​មានតែ​ម្តាយ ហើយ​គាត់​មាន​វ័យ​ចំណាស់​គាត់​ចង់​ធ្វើបុណ្យ​ឲ្យ​បាន​ច្រើន ម្ល៉ោះហើយ​នាង​ជា​កូន​ក៏ត្រូវ​លះបង់​ការងារ​ផ្ទាល់ខ្លួន​ដើម្បី​ម្តាយ​ផងដែរ ។

ការ​ធីប​ចោល​ការងារ​សិល្បៈ​យក​ពេលធ្វើ​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ និង សុំ​សីល​ជាមួយ​ម្តាយ​នេះ ញឹម ចាន់ថន ក៏បាន​ប្រាប់ថា ការដែល​នាង​សុំ​សីល​នេះ គឺ​នាង​មិនដែល​ប្រាប់​ឱ្យ​មិត្តភក្តិ​សិល្បៈ​បានដឹង​ទេ ព្រោះ​ពីមុន​នាង​យល់ថា ខ្មាស​គេ​នៅ​ក្មេង​តែ​សុំ​សីល ។ ប៉ុន្តែ​ក្រោយពី​នាង​គិត​យូរៗ​ទៅ​នាង​យល់ថា នេះ​គឺជា​ការសង​គុណ​ម្តាយ និង ជាការ​ធ្វើបុណ្យ​ទាន់​ខែភ្លឺ ម្យ៉ាងទៀត​គិតថា​លទ្ធភាព​ដែល​ខ្លួន​អាចធ្វើ​បាន​ក៏​ចេះតែ​ព្យាយាម​ធ្វើទៅ ។ តាម​ការបញ្ជាក់​របស់ ញឹម ចាន់ថន នាង​គឺជា​តារា​សម្តែង និង ជា​កូនស្រី​ដ៏​ល្អ​ម្នាក់ ដែល​សុខចិត្ត​លះបង់​ការងារ​សិល្បៈ ដើម្បី​យក​ពេល​ជូន​ម្តាយ​ទៅ​វត្ត និង សុំ​សីល​ជា​រៀងរាល់​ថ្ងៃសីល ។

ដោយឡែក​សម្រាប់​រឿង​គូ​អនាគត​វិញ​នោះ ម្តាយ​របស់​នាង​ធ្លាប់បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា គាត់​ចង់ឱ្យ​កូនស្រី ញឹម ចាន់ថន យកប្តី​ច្រើនលើក​មកហើយ ពោលគឺ​គាត់​បាន​ណែនាំ​នាង​ថា ទាន់​ម្តាយ​នៅ​ជា​ជំហរ បាន​មើលឃើញ​គូ​អនាគត​កូន និង សុភមង្គល​កូន ហើយ​អ្នកស្រី​ក៏​ចង់បាន​ចៅ​ព​ផងដែរ ។ ប៉ុន្តែ​បំណង​របស់​ម្តាយ​នេះ ញឹម ចាន់ថន នៅ​មិនទាន់​ទទួលយក​ដើម្បី​ផ្គាប់ចិត្ត​ម្តាយ​នោះទេ ។ ​ចំណុច​នេះ​នៅពេល​អ្នកយកព័ត៌មាន​របស់​យើង​សួរ​បញ្ជាក់ ញឹម ចាន់ថន បាន​ឆ្លើយតប​ថា «​រឿង​ខ្ញុំ​យកប្តី គឺ​ម្តាយ​ខ្ញុំ​ពិតជា​ជំរុញ​ឱ្យ​ខ្ញុំ​យក​ជា​ញឹកញាប់​ពិតមែន ។

ប៉ុន្តែ​រហូតមក​ដល់ពេលនេះ ខ្ញុំ​មិនទាន់​រកឃើញ​បុរស​ណា​ម្នាក់​ដែលមាន​ចិត្តគំនិត​ធ្វើឱ្យ​ខ្ញុំ​ទន់​ចិត្ត​អាច​ទទួលយកបាន​នៅឡើយ ព្រោះ​បុរស​ដែល​ស្រឡាញ់​ខ្ញុំ​ភាគច្រើន គឺមាន​ចិត្តជា​ព្រាននារី គឺ​ពួកគេ​មាន​ប្រពន្ធ​ហើយ នៅតែ​មក​ទាក់ទង​ខ្ញុំ ដូច្នេះ​ខ្ញុំ​មិនអាច​ទទួលយក​បានទេ ដោយ​ខ្ញុំ​បាន​និយាយថា បើ​ប្តី​មិន​នៅ​កំលោះ និង មិន​ទំនេរ​នោះទេ ខ្ញុំ​មិន​យក​ជា​ដាច់​ខាត់ ព្រោះ​ខ្ញុំ​មិន​ចង់​មានឈ្មោះ​ជានា​រី​ដណ្តើម​ប្តី​គេ​ទេ ។ បញ្ហា​អ្នក​ស្រឡាញ់​ខ្ញុំ​មិនសូវមាន​លក្ខណសម្បត្តិ​ល្អ ទើប​ខ្ញុំ​ចេះតែ​ពន្យារពេល​យក​គ្រួសារ​រហូតមក​ដល់ពេលនេះ​» ៕ ចន្ថា​
​ ​ ​

Related