ស៊ិនទ្រី ត្រៀម​កម្លាំង​ពិសេស​​ តែ​មិន​ឈ្នះ​អ្នក​ចោលសំរាម​​​ពាសវាលពាសកាល

ស៊ិនទ្រី ត្រៀម​កម្លាំង​ពិសេស​​ តែ​មិន​ឈ្នះ​អ្នក​ចោលសំរាម​​​ពាសវាលពាសកាល

នៅ​ក្នុង​ព្រះរាជ​ពិធី​បុណ្យ​អំទូក បណ្ដែត​ប្រទីប និង សំពះ​ព្រះខែ អកអំបុក ក្រុមហ៊ុន​ស៊ិនទ្រី បាន​ត្រៀម​កម្លាំង​ពិសេស​ដើម្បី​ប្រមូល​សំរាម​នៅ​តំបន់​ដែល​មាន​ការ​ប្រគំតន្ត្រី​ និង បាន​ដាក់​កញ្ឆេរ ធុង​សំរាម​ ប៉ុន្ដែ នៅ​តែ​មិន​ឈ្នះ​អ្នក​ចោល​ពាសវាលពាសកាល កាល​ពី​យប់​មិញ​នេះ។

 

 

ស៊ិនទ្រី ត្រៀម​កម្លាំង​ពិសេស​​ តែ​មិន​ឈ្នះ​អ្នក​ចោលសំរាម​​​ពាសវាលពាសកាល

 

 

លោក អ៊ិត ចាន់ដា ប្រធាន​ការិយាល័យ​សំអាត​ក្រុង នៃ​ក្រុម​ហ៊ុន​ស៊ិនទ្រី បាន​ប្រាប់​ Sabay នៅព្រឹក​នេះ ថា ថ្វីបើ​ក្រុមហ៊ុន​បាន​ដាក់​កញ្ឆេរ និង ធុង​សំរាម ព្រម​ទាំង​ពង្រាយ​កម្លាំង​ដើម្បី​ត្រៀម​សំអាត​ក្ដី ក៏​នៅ​តែ​ឃើញ​មាន​សំរាម​ពាសវាលពាសកាល​ ដោយ​សារ​តែ​អ្នក​ចោល​សំរាម​មិន​បាន​បោះ​ចោល​នៅ​ក្នុង​កញ្ឆេរ និង​ ធុង។ “យើង​បាន​រាយ​កម្លាំង ២២២ នាក់​ នៅ​តាម​គោល​ដៅ​ដែល​មាន​ប្រគំ​តន្ត្រី និង បាន​បន្ថែម​កញ្ឆេរ​សម្រាប់​ដាក់​សំរាម​ជាង ៥០ ទៀត តែ​អ្នក​ចោល​សំរាម​នៅ​តែ​មិន​ព្រម​ចោល​នៅ​ក្នុង​កញ្ឆេរ និង ធុង​ដដែល ដែល​ធ្វើ​ឲ្យ​សំរាម​នៅ​ពាសវាលពាសកាល”។

 

លោក អ៊ិត ចាន់ដា បាន​លើក​ឡើង​ទៀត​ថា យ៉ាង​ណា​ក៏​ដោយ​ក្រុម​ការងារ​បាន​ធ្វើ​ការ​សំអាត​ព្រោះ​​ក្រុមហ៊ុន​បាន​ដាក់​កម្លាំង​ពិសេស​សម្រាប់​ត្រៀម​សំអាត។ “យើង​បាន​បន្ថែម​ប្រាក់​OT និង ប្រាក់​ឧបត្ថម្ភ ដល់​បុគ្គលិក​ហើយ​ពួកគេ​បាន​ស្ម័គ្រ​មក​ធ្វើ​ការ​នៅ​ថ្ងៃ​ឈប់​សម្រាក យើង​ដឹង​ហើយ​ថា ពិធី​បុណ្យ​អំទូក​មិន​ដូច​បុណ្យ​ចូល​ឆ្នាំ ឬ បុណ្យ​ភ្ជុំបិណ្ឌ​នោះ​ទេ ដែល​ពួកគេ​ចង់​ទៅ​ស្រុក តែ​អំទូក​ពួកគេ​នៅ​ភ្នំពេញ​ដដែល ដូច្នេះ ពួកគេ​ក៏​នៅ​បន្ត​ធ្វើ​ការ”។

 

 

ម្សិលមិញ​គឺជា​ ថ្ងៃ​បុណ្យ​អំទូក​ទី ១ ហើយ​មាន​ការ​ប្រគំតន្ត្រី​នៅ​មុខ​វត្តបុទុម និង កោះពេជ្រ។ ក្រោយ​ពី​ការ​ប្រគំតន្ត្រី​ចប់​​គេ​សង្កេត​ឃើញ​មាន​សំរាម​នៅ​ពាសវាលពាសកាល ដូច្នេះ ហើយ​ខាង​ក្រុម​ហ៊ុន​ស៊ិនទ្រី បាន​បង្ហើប​ថា នឹង​បន្ថែម​កញ្ឆេរ​ និង ធុង​សំរាម​នៅ​តំបន់​មាន​ការ​ប្រគំ​តន្រ្តី រួម​ទាំង​បុគ្គលិក​សំអាត​ផងដែរ។

 

បើ​ទោះ​បី​ជា​មាន​ការ​ពង្រាយ​អ្នក​សំអាត​សំរាម និង ធុង​សំរាម​ក្ដី ក៏​ប៉ុន្ដែ ប្រធាន​ការិយាល័យ​សំអាត​ក្រុង​ នៃ​ក្រុម​ហ៊ុន​ស៊ិនទ្រី បាន​ទទូច​ឲ្យ​មហាជន​ចូលរួម​ទុកដាក់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ ដូចជា បោះ​ចោល​សំរាម​នៅ​តាម​កញ្ឆេរ ឬ ធុង​សំរាម ជា​ផ្នែក​មួយ​ចូលរួម​ថែរក្សា​បរិស្ថាន​ទាំង​អស់​គ្នា៕

 

អត្ថបទ៖ ប៊ិន ប៊ុណ្ណា