តើ​ទឹកដោះ​ម្តាយ​ពិតជា​គ្រប់គ្រាន់​ហើយ​ឬ​សម្រាប់​ទារក​?

តើ​ទឹកដោះ​ម្តាយ​ពិតជា​គ្រប់គ្រាន់​ហើយ​ឬ​សម្រាប់​ទារក​?

​កូន​របស់​ខ្ញុំ​អាយុ​បាន ៤​ខែ ហើយក៏​បាន​ផ្តាច់ដោះ​ដែរ​។ ដំបូង​ឡើយ​ខ្ញុំ​ចង់​បំបៅ​ដោះ​គេ​ដល់​អាយុ ៦​ខែ ប៉ុន្តែ​មិត្តភក្តិ និង​ក្រុមគ្រួសារ​ខ្ញុំ​បាន​ណែនាំ​ថា ទឹកដោះ​តែមួយ​មិន​គ្រប់គ្រាន់​សម្រាប់​តម្រូវកា​រលូត​លាស់​របស់​ទារ​ក​ឡើយ​។ ដូច្នេះ​តើ​ទារក​អាយុ ៤​ខែ​ដល់​ពេល​ដែល​ត្រូវ​ផ្តាច់ដោះ​ហើយ​ឬ​នៅ​? តើ​ធ្វើ​ដូចម្តេច​ទើប​ខ្ញុំ​ប្រាកដថា​កូន​ខ្ញុំ​បៅដោះ​ឆ្អែត​ទៅ​?

​រឿង​នេះ​ដូចជា​គ្មាន​អ្វី​ដែល​ត្រូ​បារម្ភ​អំពី​ការ​ផ្តាច់ដោះ​មុនពេល​អាយុ ៦​ខែ​ឡើយ​។ ទឹកដោះ​ម្តាយ​គឺជា​ជម្រើស​ដ៏​ត្រឹមត្រូវ​សម្រាប់​ទារក និង​អាច​ផ្តល់​ឱ្យ​គេ​នូវ​ជីវជាតិ​ដែល​គេ​ត្រូវការ​បាន​ទាំងអស់​តែ​ម្តង​ក្នុង​ដំណាកកាល​នេះ​។ ខណៈពេល​ដែល​កំពុងតែ​បំបៅ​ដោះ​កូន ដំបូង​ឡើយ ទឹកដោះ​អាច​នឹង​តិច​ហើយ​រាវ ប៉ុន្តែ​នៅពេល​កូនបៅ​យូរៗ ទឹកដោះ​នោះ​នឹង​ទៅជា​ខាប់​ជាង​មុន​វិញ​។ ចំពោះ​ទឹកដោះ​ដំបូង​ដែល​រាវ​នោះ​សម្បូរ​ជាតិ Lactose ហើយ​ទឹកដោះ​រាង​ខាប់​នោះ​សម្បូរ​ជាតិ​ខ្លាញ់​។ នៅ​ពេល​ឱ្យ​កូនបៅ​បាន​ទឹកដោះ​ទាំងពីរ​ប្រភេទ​នេះ​រួច មានន័យ​ថា​កូន​នឹង​ទទួលបាន​អាហារ​ដ៏​មាន​តុល្យភាព​ល្អ​បំផុត​។

ចំពោះ​ការ​ផ្តាច់ដោះ​វិញ​គឺ​អាច​ធ្វើបាន​នៅពេល​ដែល​ទារក​អាយុ​ក្រោយ ៦​ខែ​ប៉ុណ្ណោះ ព្រោះ​វា​ត្រូវការ​ពេល​យូរ​បន្តិច​ដើម្បី​ឱ្យ​ប្រព័ន្ធ​រំលាយ​អាហារ​ទារក​រីកចម្រើន និង​ត្រៀម​ខ្លួន​សម្រាប់​អាហារ​ផ្សេងៗ​ទៀត​ក្រៅពី​ទឹក​ដោះ​។ បើសិនជា​អ្នក​នៅ​តែ​មាន​បំណង​ចង់​ផ្តាច់ដោះ​ឆាប់​នោះ អ្នក​គួរតែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជាមុនសិន​។ ចូរ​ចាំ​ថា អាហារ​ផ្សេង​ក្រៅពី​ទឹកដោះ​ដែល​ចង់ឱ្យ​កូន​ញ៉ាំ​មុន​អាយុ ៦​ខែ អាច​បណ្តាល​ឱ្យ​ក្រពះ​គេ​មិន​អាច​រំលាយ​បាន មាន​ការបង្ក​រោគ ឬ​អាឡែ​ហ្ស៊ី​ជាដើម​។

ស្ថិត​ក្នុង​ករណី​ដែល​អ្នក​ចង់​ដឹង​ថា​តើ​កូន​អ្នក​កំពុងតែ​បៅដោះ​បាន​គ្រប់គ្រាន់​ហើយ​ឬ​នៅ​នោះ​ចូរ​មើល​សញ្ញា​ដូចខាងក្រោម​នេះ​៖

  • ​ទម្ងន់​កូន​ចេះ​តែ​បន្ត​ឡើង​ជាប់​រហូត​។ ជាធម្មតា​ទម្ងន់​ទារក​ដែល​មាន​សុខភាព​ល្អ​គឺ​ឡើង​ពី កន្លះ​គីឡូ ទៅ មួយ​គីឡូក្រាម​ក្នុង​មួយ​ខែ​។
  • ​នោម​ញឹកញាប់​។ បើសិន​ជា​កូន​នោម​រយៈពេល ៦ ទៅ​៨​ដង​ក្នុង​មួយថ្ងៃ ជា​សញ្ញា​បញ្ជាក់ថា កូន​កំពុងតែ​បៅដោះ​បាន​គ្រប់គ្រាន់​ហើយ​។ ជាមួយគ្នានេះដែរ ពណ៌​ទឹកនោម​ថ្លា​គឺជា​សញ្ញា​បញ្ជាក់​មួយ​ផ្សេង​ទៀត​នៃ​ការ​បៅដោះ​បាន​គ្រប់គ្រាន់​។
  • ​កូន​លែង​បៅ​ទៀត​ខណៈ​ពេល​ដែល​មាន​សល់​ទឹកដោះ​ក្នុងមាត់​នៅឡើយ​
  • ​ទារក​បន្ត​បៅដោះ​យ៉ាង​ធម្មតា និង​សប្បាយ​ចិត្ត​ក្រោយ​ពី​បៅ​រួច៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី25  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។