ជិះ​ម៉ូតូ​បុក​រ៉ឺ​ម៉ក​ម៉ូតូ​រង​របួសធ្ងន់​ខ្លួនឯង

​រាជ​ធានី​ភ្នំពេញ ៖ បុរស​ម្នាក់​រង​របួសធ្ងន់​ក្រោយ​ពី​រូប​គាត់​​​ជិះ​ម៉ូតូ​ទៅ​បុក​​រ៉ឺម៉ក​ម៉ូតូ​កំពុង​បត់​ឆ្វេង កាលពី​វេលា​ម៉ោង១១​​យប់​ថ្ងៃ​ទី​២៤​ វិច្ឆិកា ២០១៥ ត្រង់​ចំណុច​កែង​ផ្លូវ​២០០៤​​និង​ផ្លូវ​ឌួ​ង​ងៀប៣​ ស្ថិត​ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។

ជន​រង​គ្រោះ​មិន​ស្គាល់ឈ្មោះ​ជិះ​ម៉ូតូ​ម៉ាក​​​ហុង​ដា ​ស៊េរី​ឆ្នាំ​២០១៣​ ​ព​ណ៌ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ1BT-8584 ​បើក​​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​លឿន​ ចំណែក​ម្ចាស់​​រ៉ឺម៉ក​ម៉ូតូ​មិន​ស្គាល់ឈ្មោះ​បើក​រ៉ឺម៉ក​​ម៉ូតូ​ពាក់​ស្លាក​លេខ​ភ្នំពេញ1Q-2340​ ​ពី​កើត​ទៅ​លិច​រួច​បត់​ឆ្វេង ។

​សាក្សី​នៅ​កន្លែង​កើតហេតុ​ បាន​និយាយ​​ថា ​មុន​ពេល​កើតហេតុ​ គេ​ឃើញ​ម៉ូតូ​​ជន​រង​គ្រោះ​​ធ្វើ​ដំណើរ​​ពី​លិច​ទៅ​កើត លុះ​មក​ដល់​​ចំណុច​កើតហេតុ​ស្រាប់តែ​មាន​រ៉ឺម៉ក​​ម៉ូតូ​មួយ​គ្រឿង​ ​​ជិះ​​បញ្ច្រាស​ទិស​គ្នា​ហើយ​បត់​ឆ្វេង​ ក៍​ត្រូវ​​ម៉ូតូ​ខាងលើ​បុក​ចំពាក់​កណ្ដាល​រ៉ឺម៉ក​​ម៉ូតូ​បណ្ដាល​ឱ្យ​​ជន​រង​គ្រោះ​ខាង​ម៉ូតូ​រង​របួសធ្ងន់​សន្លប់​​​នៅនឹង​កន្លែង រីឯ​រ៉ឺ​ម៉ក​ម៉ូតូ​ក្រឡាប់​តែ​អ្នក​បើក​​មិន​មាន​រង​របួស​ទេ​ ។

ក្រោយ​ពេល​កើតហេតុ​ ជន​រង​គ្រោះ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​បញ្ជូន​​​ទៅ​ព្យាបាល​នៅ​​គ្លីនិក​​ឯកជន ​ចំណែកឯ​ម៉ូតូ​​និង​រ៉ឺម៉ក​ម៉ូតូត្រូវ​​បាន​ញ្ជូ​ន​ទៅ​​​​រក្សា​ទុក​នៅ​អធិការដ្ឋាន​ខណ្ឌ​សែន​សុខ​ ដើម្បី​​រង់​ចាំ​ការ​​ដោះស្រាយ​នៅ​ពេល​ក្រោយ​ ៕ ​