អ្នកទោស ១០២ នាក់ ត្រូវបាន​ដោះលែង ក្នុងឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក នៅ​ឆ្នាំនេះ​

ភ្នំពេញ: ក្នុងឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ នា​ឆ្នាំ​២០១៥​នេះ ព្រះករុណា ព្រះមហាក្សត្រ បាន​ប្រទាន​លើកលែងទោស​ដល់​ទណ្ឌិត​ចំនួន ១០២ នាក់ ហើយ​អ្នកទោស ៥៧៨ នាក់​ផ្សេងទៀត ត្រូវបាន​បន្ធូរបន្ថយ​ទោស​។ នេះ​បើតាម​លោក ឈិន ម៉ា​លីន អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​។​

​ទណ្ឌិត​ទាំង ១០២ នាក់ ដែល​ត្រូវបាន​លើកលែងទោស ក្នុងឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក ត្រូវបាន​គេ​ដោះលែង កាលពី​ថ្ងៃ​ចន្ទ ទី​២៣​វិច្ឆិកា​។ ទណ្ឌិត ដែល​ត្រូវបាន​លើកលែងទោស និង​បន្ធូរ​បន្ថយទោស​ទាំងនោះ មកពី​ពន្ធនាគារ និង​មណ្ឌល​អប់រំ​កែប្រែ នៅ​ទូទាំងប្រទេស​។​

​ការលើកលែងទោស និង​បន្ធូ​បន្ថយទោស​ដល់​ទណ្ឌិត នៅ​កម្ពុជា ត្រូវបាន​ធ្វើឡើង ៣ ដង ក្នុង​មួយឆ្នាំ​។ ទី​១ នៅពេល​ប្រារព្ធ​ព្រះ​រាជពិធី​ចម្រើន​ព្រះជន្ម​ព្រះមហាក្សត្រ​។ ទី​២ ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ និង​ទី​២ នៅក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​៕​