អ្នកនំាពាក្យ​ ៖ គោមចំនួន៣០០​ នឹងត្រូវបណ្តែត​នៅមុខព្រះបរមរាជ​វំាងម៉ោង៦ល្ងាចនេះ

រាជធានីភ្នំពេញ ៖ ​អាជ្ញាធររាជធានីភ្នំពេញ ​នឹងធ្វើពិធីបណ្តែតគោមចំនួន៣០០​នៅមុខព្រះបរមរាជវំាង​ នៅវេលាម៉ោង៦ល្ងាចថ្ងៃទី២៥ វិច្ឆិកា​ ដើម្បីចូលរួមអបអរសាទរក្នុង​ព្រះរាជពិធីបុណ្យអុំទូក​ បណ្តែតប្រទីប​ អកអំបុក​និងសំពះព្រះខែ ។

នេះបើយោងតាម​អ្នកនំាពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់​ ដែលបង្ហើបបា្រប់​កោះសន្តិភាព​នៅព្រឹកថ្ងៃពុធនេះ ។

បើតាមអ្នកនំាពាក្យដដែលពិធី​ខាងលើនឹងប្រព្រឹត្តទៅ​ក្រោមអធិបតីភាព លោក ប៉ា សុជាតិវង្ស ​អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ​ និង​មានការចូលរួមពីថ្នាក់ដឹកនំា មន្រ្តីជំនាញពាក់ព័ន្ឋ​ក្រោមឱវាទសាលារាជធានីភ្នំពេញ ​យុវជនកាកបាទក្រហម ​និង ​មហាជនប្រមាណ៣ពាន់នាក់ ។

ដោយឡែក ​បើតាមអ្នកនំាពាក្យដដែល ​នៅម៉ោង៣រសៀលនេះសាលារាជធានីភ្នំពេញ ​នឹងធ្វើពិធីដាល់អំបុក​នៅរមណីយដ្ឋានវត្តភ្នំផងដែរ ៕