អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ថា​ស្ថានភាព​គ្រោះថ្នាក់​នៅ​កម្ពុជា​ឡើង​ដល់​កំពូល

អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា ឲ្យ​ដឹង​ថា «ស្ថានភាព​គ្រោះថ្នាក់​នៅ​កម្ពុជា បាន​ឡើង​ដល់​កំពូល»។ អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា មាន​ប្រសាសន៍​ថា ស្ថានភាព​រង្គោះរង្គើ និង​វិបត្តិ​នយោបាយ​នៅ​កម្ពុជា នា​ពេល​បច្ចុប្បន្ន កំពុង​រុញ​ច្រាន​ប្រទេស​មួយ​នេះ​ឲ្យ​ធ្លាក់​ចូល​ក្នុង​ស្ថានភាព​គ្រោះថ្នាក់​ធ្ងន់ធ្ងរ។

ក្នុង​សេចក្តី​ថ្លែងការណ៍​របស់​ខ្លួន​ចេញ​នៅ​ថ្ងៃ​អង្គារ ទី​២៤ ខែ​វិច្ឆិកា នេះ អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) មាន​ប្រសាសន៍​ថា «ការ​បន្ត​កើន​ឡើង​នៃ​ជម្លោះ​នយោបាយ​អម​ដោយ​ការ​រំលោភ​សិទ្ធិ​មនុស្ស រួម​មាន​អំពើ​ហិង្សា ការ​គំរាម​កំហែង​ដល់​បុគ្គល សង្គ្រាម​វោហារ​ផ្នែក​នយោបាយ» ធ្វើ​ឲ្យ​កម្ពុជា កំពុង​ធ្លាក់​ចុះ​ក្នុង​វិបត្តិ​នយោបាយ​ដ៏​ល្វីង​ជូរ​ចត់។

អ្នកស្រី រ៉ូណា ស្មីត បន្ត​ថា អ្នកស្រី​មិន​ចង់​ជ្រៀតជ្រែក​ផ្នែក​នយោបាយ​នៅ​កម្ពុជា ឬ​ធ្វើ​អត្ថាធិប្បាយ​អំពី​ករណី លោក សម រង្ស៊ី ទេ ប៉ុន្តែ «វា​ជា​ក្តី​កង្វល់​ដ៏​ធំ​មួយ​សម្រាប់​ខ្ញុំ​ទៅ​លើ​អំពើ​ហិង្សា​ដែល​បាន​ប្រព្រឹត្ត​ទៅ​លើ​ការ​ប្រើប្រាស់​សិទ្ធិ​សេរីភាព ដើម្បី​សម្ដែង​មតិ​ដោយ​សន្តិវិធី​នៅ​ក្នុង​ជីវភាព​នយោបាយ»

ថ្មីៗ​នេះ អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក បាន គីមូន (Ban Ki-moon) ក៏​បាន​សម្ដែង​ក្តី​កង្វល់​អំពី​វិធានការ​នានា​របស់​រដ្ឋាភិបាល​កម្ពុជា ប្រឆាំង​អ្នក​នយោបាយ​បក្ស​ជំទាស់​ផង​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។