ពលរដ្ឋ​ចោទ​អាជ្ញាធរ​ឃុំ​ស្វាយជ្រះ​ខេត្ត​ក្រចេះ​ថា​រំលោភ​យក​ដី​ពលរដ្ឋ​ទៅ​លក់

ពលរដ្ឋ​នៅ​ឃុំ​ស្វាយជ្រះ ស្រុក​ស្នួល ខេត្ត​ក្រចេះ ចោទ​ប្រកាន់​អាជ្ញាធរ​ថា ជា​អ្នក​នៅ​ពី​ក្រោយ​ខ្នង​ការ​រំលោភ​ដី​ពួក​គាត់ ខណៈ​ដី​របស់​ពួក​គាត់​ត្រូវ​បាន​ពលរដ្ឋ​ផ្សេង​ទៀត​កាន់​កាប់ ហើយ​សុំ​ឲ្យ​អាជ្ញាធរ​ជួយ​ដោះស្រាយ។ ចំណែក​មេ​ឃុំ​ស្វាយជ្រះ បដិសេធ​ការ​ចោទ​ប្រកាន់​នេះ។

ពលរដ្ឋ​រស់នៅ​ភូមិ​សំបួរសែនជ័យ នៃ​ឃុំ​ស្វាយជ្រះ ស្រុក​ស្នួល នៅ​ថ្ងៃ​ទី​២៣ វិច្ឆិកា អំពាវនាវ​ឲ្យ​អាជ្ញាធរ​ស្រុក-ខេត្ត ចុះ​ស៊ើប​អង្កេត​ពី​ភាព​មិន​ប្រក្រតី​នៃ​ការ​បំពេញ​ភារកិច្ច​របស់​អាជ្ញាធរ​មូលដ្ឋាន និង​យក​អំណាច​អាជ្ញាធរ រំលោភ​ដី​ពលរដ្ឋ។ ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ពលរដ្ឋ​ប្រមាណ​ជិត ១០​គ្រួសារ ត្រូវ​បាន​អាជ្ញាធរ​ឃុំ​ដក​ហូត​ដី​របស់​ពួក​គាត់ និង​លក់​បន្ត នៅ​មិន​ទាន់​ដោះស្រាយ​បញ្ចប់​នៅ​ឡើយ។

តំណាង​ពលរដ្ឋ លោក អាន ចេក ចោទ​ប្រកាន់​ថា មេ​ឃុំ​ស្វាយជ្រះ លោក វ៉ាន់ វ៉េត បាន​ដក​ហូត​ដី​អ្នក​ភូមិ​ចំនួន ៨​គ្រួសារ រួម​ទាំង​គ្រួសារ​លោក ទំហំ​ដី​ប្រមាណ​ជាង ១០​ហិកតារ យក​ទៅ​លក់​បន្ត​ឲ្យ​ពលរដ្ឋ​ផ្សេង​ទៀត។ លោក​ថា ដី​របស់​លោក​ជា​ប្រភេទ​ដី​ចម្ការ​មាន​ទំហំ ២.៥០០​ម៉ែត្រ​ក្រឡា គ្រប់គ្រង​ឆ្នាំ​២០១៣ មាន​ប្លង់​កម្មសិទ្ធិ​ទទួល​ស្គាល់​ដោយ​អាជ្ញាធរ​មូលដ្ឋាន តែ​ត្រូវ​បាន​អាជ្ញាធរ​ឃុំ​លក់​បន្ត​ឲ្យ​អ្នក​ភូមិ​ផ្សេង​ទៀត​កាល​ពី​ឆ្នាំ​២០១៣៖ «គេ​មាន​មេ​ខ្យល់​គេ​ហ្នឹង គេ​លក់​ឲ្យ​ពី​ណា​ស៊ីញេ​វាយ​ត្រា គឺ​គេ​ស៊ីញេ​វាយ​ត្រា។ អំណាច​ប៉ុណ្ណឹង ទម្រាំ​ដល់​អំណាច​ដល់​ចៅហ្វាយ​ស្រុក​ទៀត ដឹង​អស់​ដី​ស្រុក​ហ្នឹង។ ដល់​ឲ្យ​គេ​ឯណោះ​ទៀត ធ្វើ​ចឹង​ងាប់​ប្រជាពលរដ្ឋ​មាន​លុយ​អី​ណា»

ចំណែក​ពលរដ្ឋ​ម្នាក់​ទៀត គឺ​លោក ហឹង រស្មី ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៤ វិច្ឆិកា ថា ដី​ចម្ការ​កៅស៊ូ​របស់​លោក​ដែល​មាន​ទំហំ​ទទឹង ៥០​ម៉ែត្រ បណ្តោយ ៥០០​ម៉ែត្រ ដែល​ទិញ​ត​ពី​អ្នក​ភូមិ​ផ្សេង​ទៀត​តាំង​ពី​ឆ្នាំ​២០១៣ មាន​ប្លង់​កម្មសិទ្ធិ​ចេញ​ដោយ​អាជ្ញាធរ​មូលដ្ឋាន ក៏​តែ​ត្រូវ​មេ​ភូមិ លោក សឿន សាំង ដក​ហូត​ដើម្បី​ផ្តល់​ជា​ដី​សម្បទាន​សង្គមកិច្ច​ដល់​យោធិន​ចូល​និវត្តន៍។ លោក​បញ្ជាក់​ថា មាន​ពលរដ្ឋ​ជាង ៥០​គ្រួសារ​ផ្សេង​ទៀត ក៏​ត្រូវ​រង​ការ​ដក​ហូត​ដី​ដោយ​អាជ្ញាធរ​មូលដ្ឋាន​ដែរ តែ​ពលរដ្ឋ​មិន​ហ៊ាន​ប្ដឹង​តវ៉ា ដោយសារ​តែ​ខ្លាច​មាន​បាតុភាព​កើត​ឡើង៖ «គាត់​យក​លេស​ថា​ចាំ​ដោះស្រាយ​ឲ្យ។ ពេល​នោះ​មក​មិន​ដោះស្រាយ​ឲ្យ​ដល់​ឥឡូវ។ បង្កាន់ដៃ​ត្រឹមត្រូវ ដី​ខ្ញុំ​មាន​ដើម​កៅស៊ូ​ជា​ភស្តុតាង»

អាជ្ញាធរ​ឃុំ​ស្វាយជ្រះ ឲ្យ​ដឹង​ថា គម្រោង​ដី​សម្បទាន​សង្គមកិច្ច​របស់​រដ្ឋាភិបាល ឋិត​នៅ​ភូមិ​សំបួរសែនជ័យ នៃ​ឃុំ​ស្វាយជ្រះ ចំនួន ៨០០​ហិកតារ ត្រូវ​បាន​ពលរដ្ឋ​ប្រមាណ​ជាង ៥០​គ្រួសារ​កាន់​កាប់​ជា​បន្តបន្ទាប់​ជាច្រើន​ឆ្នាំ​កន្លង​មក ដែល​ជា​ដើម​ចម​ធ្វើ​ឲ្យ​កើត​មាន​ជម្លោះ​នេះ។

មេ​ឃុំ​ស្វាយជ្រះ លោក វ៉ាន់ វ៉េត បដិសេធ​ការ​ចោទ​ប្រកាន់​របស់​ពលរដ្ឋ ដោយ​អះអាង​ថា ការ​ចោទ​ប្រកាន់​គ្មាន​មូលដ្ឋាន។ លោក​ថា ដី​របស់ លោក អាន ចេក ដែល​អាជ្ញាធរ​ដក​ហូត គឺ​ជា​ដី​របស់​ជនជាតិ​ដើម​ភាគ​តិច​ព្នង កាន់​កាប់។ លោក​បន្ត​ថា អាជ្ញាធរ​គ្រោង​នឹង​ផ្តល់​សំណង​ដោយ​ការ​ដោះ​ដូរ​ដី​នៅ​តំបន់​ផ្សេង​ជូន​ពលរដ្ឋ​វិញ។ ចំណែក​ពលរដ្ឋ ៨​គ្រួសារ​ផ្សេង​ទៀត​ដែល​មាន​ជម្លោះ​ដីធ្លី គឺ​សុទ្ធតែ​ពលរដ្ឋ​លួច​កាប់​ព្រៃ​យក​ដី​យ៉ាង​អនាធិបតេយ្យ។ ចំណែក​ដី​របស់ លោក ហឹង រស្មី ត្រូវ​អាជ្ញាធរ​ដក​ហូត ដោយសារ​ពលរដ្ឋ​ទាំង​នោះ​បាន​កាន់​កាប់​លើ​ដី​គម្រោង​សម្បទាន​សង្គមកិច្ច​របស់​រដ្ឋាភិបាល ដែល​ផ្តល់​ជូន​ដល់​យោធិន​ចូល​និវត្តន៍៖ «ខ្ញុំ​សួរ​អ្នក​ដែល​បាន​ស៊ើប​សួរ​ហ្នឹង បើ​ដោះស្រាយ​យ៉ាង​ម៉េច​ដោះ​ទៅ។ ចាំ​មើល​ខ្ញុំ​ស៊ើប​សួរ​ពី​ណា​បំពាន បើ​បំពាន​មក​ប្រាប់​ខ្ញុំ​ស្រណុក​ខ្ញុំ​ដោះស្រាយ ខ្ញុំ​អត់​ដឹង​ដែរ»

គម្រោង​ដី​សម្បទាន​សង្គមកិច្ច​របស់​រដ្ឋាភិបាល ផ្តល់​ជូន​យោធិន​ចូល​និវត្តន៍​មាន​ទំហំ ៨០០​ហិកតារ ក្នុង​នោះ​ដី​កសិកម្ម​ប្រមាណ ២៤០​ហិកតារ និង​ដី​លំនៅឋាន​ចំនួន ៣៧៦​ហិកតារ។ អ្នក​ភូមិ​ឲ្យ​ដឹង​ថា ពួក​គាត់​នឹង​លើក​គ្នា​តវ៉ា​បញ្ហា​ជម្លោះ​ដីធ្លី​នេះ​នៅ​សាលា​ឃុំ ប្រសិន​អាជ្ញាធរ​នៅ​តែ​ពន្យារ​ពេល​ដោះស្រាយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។