UN Women ក្រសួងកិច្ចការនារី និងអង្គការដៃគូ រួមគ្នាធ្វើយុទ្ធនាការ ១៦ថ្ងៃ ដើម្បីបញ្ចប់ហិង្សាលើស្រ្តី

ភ្នំពេញ៖ សកម្មភាពជាច្រើនរួមមានការរត់ម៉ារ៉ាតុង ការរាំចង្វាក់ម៉ាឌីហ្សុន និង ការជជែកពិភាក្សាជាមួយនិស្សិត ជាដើម នឹងត្រូវគេរួមគ្នាធ្វើឡើងចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកានេះ រហូតដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៥ ក្នុងបំណងលើក កម្ពស់សិទ្ធិស្រ្តី និងបញ្ចប់ការប្រើហិង្សាលើស្រ្តី គ្រាដែលការសិក្សារកឃើញថា ក្នុងចំណោមស្រ្តីខ្មែរ ៥នាក់ មាន ១នាក់ នៅបន្តរងហិង្សាលើផ្លូវកាយ ឬ ផ្លូវភេទ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ UN Woman បានឲ្យដឹងថា ចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា នេះទៅ ជាទិវាអន្ត រជាតិលុបបំបាត់អំពើហិង្សាលើស្ត្រី និងក្មេងស្រី រហូតដល់ថ្ងៃទី១០ ខែធ្នូ ដែលជាទិវាសិទ្ធិមនុស្សអន្តរជាតិ ហើយ កម្ពុជា ក៏កំពុងប្រកាន់ជំហរសាធារណៈ ដើម្បីបញ្ចប់អំពើហិង្សាលើស្ត្រីនេះផងដែរ។

ដើម្បីបញ្ចប់អំពើហិង្សាពាក់ព័ន្ធនឹងយេនឌ័រជាសកល UN Women នឹងរៀបចំសកម្មភាពជាច្រើនរួមគ្នាជាមួយនឹងសង្គមស៊ីវិល និងរដ្ឋាភិបាល តាមរយៈ «យុទ្ធនាការសកម្មភាព ១៦ថ្ងៃ»។ ប្រធានបទសម្រាប់ «យុទ្ធនាការ ១៦ថ្ងៃ» ក្នុងប្រទេសកម្ពុជា ក្នុងឆ្នាំ២០១៥ នេះ គឺការបង្វែរការបន្ទោស។

តំណាង UN Women ប្រចាំប្រទេសកម្ពុជា លោកស្រី Wenny Kusuma ពន្យល់ថា «មានស្ត្រីជាច្រើននាក់ ដែលជាជនរងគ្រោះដោយសារអំពើហិង្សា ទទួលរងការបន្ទោសពីសង្គម ចំពោះអំពើឃោឃៅ ដែលត្រូវបានប្រព្រឹត្តមក លើពួកគេ។ អំពើហិង្សាមិនមែនជាកំហុសរបស់ជនរងគ្រោះទេ។ ជំនួសមកវិញ ជនល្មើសត្រូវតែទទួលខុសត្រូវ ចំពោះទង្វើរបស់ពួកគេ។ ជាមួយនឹងយុទ្ធនាការ ១៦ ថ្ងៃ ឆ្នាំនេះ គោលបំណងរបស់យើង គឺត្រូវបង្វែរការបន្ទោសលើអ្នកដែលប្រព្រឹត្តអំពើហិង្សាលើស្រ្តី»។

ក្នុងសេចក្តីប្រកាសព័ត៌មាន បានធ្វើការកត់សម្គាល់ថា បើទោះបីជាមានកិច្ចខិតខំប្រឹងប្រែងក្នុងគ្រប់សង្គមជាតិទាំង អស់ ដើម្បីបន្តទប់ស្កាត់អំពើហិង្សាលើស្ត្រី នៅទូទាំងពិភពលោក យ៉ាងណាក៏ដោយ របាយការណ៍ថ្មីមួយបង្ហាញថា ក្នុងចំណោមស្ត្រីខ្មែរ ៥នាក់ មាន ១នាក់ បានទទួលរងអំពើហិង្សាផ្លូវកាយ ឬផ្លូវភេទ ក្នុងជីវិតរបស់ពួកគេ។ មានស្ត្រីជិតពាក់កណ្តាល (៤៩%) ក្នុងការសិក្សានេះ យល់ស្របថា ក្រោមកាលៈមួយចំនួន ប្តីមានហេតុផលសមស្រប ក្នុងការវាយប្រពន្ធរបស់ខ្លួន។

ស្ត្រី ៤០% ដែលទទួលរងអំពើហិង្សា បានលើកឡើងថា ពួកគេពុំបានស្វែងរកជំនួយអ្វីឡើយ ដោយសារតែពួកគេជឿថា អំពើហិង្សា ជា «រឿងធម្មតា» ហើយមិនមែនជាអ្វីដែល «ធ្ងន់ធ្ងរ» ឡើយ។

លោកស្រី Kusuma មានប្រសាសន៍ថា «វាគឺជាការសំខាន់ខ្លាំងណាស់ ដែលយើងត្រូវធ្វើការផ្លាស់ប្តូរការយល់ឃើញ ដែលថា អំពើហិង្សា កើតមានឡើង ដោយសារតែមានហេតុផលសមស្រប។ ស្ត្រីត្រូវតែដឹងពីសិទ្ធិរបស់ខ្លួន ហើយសិទ្ធិរបស់ពួកគេ ត្រូវទទួលបានការការពារពីយើងទាំងអស់គ្នា។ យុទ្ធនាការ ១៦ ថ្ងៃ ក្នុងប្រទេសកម្ពុជា នឹងជម្រុញឲ្យមានសកម្មភាព ដើម្បីគាំទ្រដល់ការសម្រេចគោលដៅនេះ»។

យុទ្ធនាការ ១៦ ថ្ងៃនេះ មានប្រពៃណីជាយូរមកហើយ ដោយសង្គមស៊ីវិលពួតដៃគ្នារឹងមាំ ដើម្បីដឹកនាំកិច្ចខិតខំប្រឹងប្រែងបង្កើនការយល់ដឹងក្នុងប្រទេសកម្ពុជា។ ការកៀងគរសង្គមជាទ្រង់ទ្រាយធំ នឹងធ្វើឡើងទូទាំងប្រទេស ហើយអង្គការនានាកំពុងធ្វើការសម្របសម្រួល ជាមួយនឹងទីភ្នាក់ងារសហប្រជាជាតិ និងរដ្ឋាភិបាល ដើម្បីពង្រឹងសកម្មភាព ក្នុងការឈានទៅបញ្ឈប់អំពើហិង្សាលើស្ត្រី។

នៅឆ្នាំ២០១៥នេះ  UN Women រួមជាមួយនឹងក្រសួងកិច្ចការនារី នឹងរៀបចំព្រឹត្តិការណ៍ធំៗចំនួន ៤ នៅទូទាំងប្រទេស ដើម្បីបញ្ចប់អំពើហិង្សាពាក់ព័ន្ធនឹងយេនឌ័រ។ ព្រឹត្តិការណ៍ធំៗទាំង៤ រួមមាន៖ ការរត់ម៉ារ៉ាតុង ចម្ងាយ ៨.៤ គីឡូម៉ែត្រ នៅខេត្តព្រះសីហនុ នៅ២៩ វិច្ឆិកា, ការរត់ម៉ារ៉ាតុង ចម្ងាយ ១១ គីឡូម៉ែត្រ នៅខេត្តសៀមរាប នៅថ្ងៃ៤ ធ្នូ, ការរាំចង្វាក់ម៉ាឌីហ្សុន នៅរាជធានីភ្នំពេញ នៅថ្ងៃទី៦ ធ្នូ និង ការជជែកពិភាក្សា នៅខេត្តបាត់ដំបង នៅថ្ងៃទី៨ ធ្នូ៕

UN Women ក្រសួងកិច្ចការនារី និងអង្គការដៃគូ រួមគ្នាធ្វើយុទ្ធនាការ ១៦ថ្ងៃ ដើម្បីបញ្ចប់ហិង្សាលើស្រ្តី