គណបក្ស​សង្គ្រោះជាតិ​សម្រេច​ឲ្យលោក យ៉ែម បុញ្ញឫទ្ធិ ធ្វើជាអ្នកនាំពាក្យនៅ​​រដ្ឋ​សភា​


នៅទីបំផុត​ទៅ​គណបក្សសង្គ្រោះជាតិ បានសម្រេចជ្រើសរើស​លោក យ៉ែម បុញ្ញឫទ្ធិ ឲ្យទទួលតំណែងជាអ្នក​នាំពាក្យរដ្ឋសភា មកពីខាងគណបក្ស​ខ្លួន​។ ការ​សម្រេច​របស់​គណបក្ស​នេះ ធ្វើឡើង​ក្រោយ​ពីលោក ហេង សំរិន ប្រធានរដ្ឋសភា​ សម្រេចឲ្យមានអ្នក​នាំពាក្យរដ្ឋសភាចំនួន ៣ រូប។

ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានប្រកាសនៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនថា លោក យ៉ែម បុញ្ញឫទ្ធិ ដែលបច្ចុប្បន្នជាអ្នក​នាំពាក្យគណបក្ស​សង្គ្រោះជាតិនោះ ត្រូវបានគណបក្សនេះ ជ្រើសរើស​ឲ្យក្លាយ​ជាអ្នកនាំពាក្យ​នៅក្នុង​រដ្ឋសភា តំណាង​មកពីគណបក្ស​សង្គ្រោះជាតិ។ ការប្រកាស​របស់​លោក កឹម​ សុខា ធ្វើឡើងក្រោយពីរូបលោកប្រជុំ​ជាមួយថ្នាក់​ដឹក​នាំគណបក្ស​សង្គ្រោះជាតិ​កាលពី​ថ្ងៃទី ២៤ ខែវិច្ឆិកា។

សូមបញ្ជាក់ថា កាលពីថ្ងៃទី ២៣ ខែវិច្ឆិកា លោក ហេង សំរិន បានសម្រេចបង្កើត​ឲ្យមាន​អ្នកនាំពាក្យរដ្ឋសភាចំនួន ៣ រូប ក្នុងនោះ​មួយរូប​ជាអគ្គលេខាធិការ​នៃរដ្ឋសភា ហើយ២រូប​ទៀត​ អ្នកនាំពាក្យនៅ​ក្នុង​រដ្ឋសភា​តំណាងមកពីគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ។ សេចក្តីសម្រេច​នោះ បានបញ្ជាក់​ពីតួនាទីរបស់​អគ្គលេខា​ធិការ​រដ្ឋ​សភា ដែលជាអ្នកនាំពាក្យរដ្ឋសភា​ មានកាតព្វកិច្ចជម្រាបជូន​សាធារណជនអំពីព័ត៌មានទាក់​ទងនឹង​រដ្ឋសភា។ ចំណែកអ្នកនាំពាក្យគណបក្ស​នៅក្នុង​រដ្ឋសភាពីររូប​ទៀត មានតួនាទីផ្សព្វផ្សាយ និងបំភ្លឺពីគោលនយោបាយ និងគោលជំហររបស់គណបក្ស​រៀងៗខ្លួន។ 

យ៉ាងណាមកដល់​ពេល​នេះ គណបក្ស​ប្រជាជនកម្ពុជា នៅមិនទាន់​បញ្ចេញឈ្មោះអ្នកនាំពាក្យរបស់ខ្លួន ដែលត្រូវ​ទៅ​កាន់​តួនាទី​នៅ​រដ្ឋសភា​នៅឡើយទេ៕
​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​