សភា​អឺរ៉ុប​ជំរុញ​ដល់​កម្ពុជា​ផ្ដល់​អភ័យឯកសិទ្ធិ​ជូន​លោក សម រង្ស៊ី​និង​ទម្លាក់​បទ​ចោទ​នានា

សភា​អឺរ៉ុប​ជំរុញ​ឱ្យ​រដ្ឋសភា​ផ្ដល់​អភ័យឯកសិទ្ធិ​ដល់​លោក សម រង្ស៊ី ឡើងវិញ និង​ជំរុញ​ដល់​រដ្ឋាភិបាល ទម្លាក់​បទ​ចោទ​ទាំងឡាយ​ប្រឆាំង​លោក សម រង្ស៊ី ដោយ​អនុញ្ញាត​ឲ្យ​លោក វិល​ចូល​ស្រុក ដោយ​គ្មាន​ការ​ចាប់ចង​ពី​តុលាការ។

ការ​ស្នើ​នេះ ធ្វើ​ឡើង​នៅ​ក្នុង​កិច្ច​ប្រជុំ​ពេញ​អង្គ របស់​សភា​អឺរ៉ុប​កាល​ពី​ថ្ងៃ​ទី​២៤ វិច្ឆិកា ដោយ​ចេញ​សេចក្ដី​ថ្លែងការណ៍ ថ្កោល​ទោស​សភា​កម្ពុជា ថា​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល នយោបាយ​របស់​គណបក្ស​កាន់​អំណាច។

សេចក្ដីថ្លែងការណ៍​របស់​សភា​អឺរ៉ុប​ដដែល ចេញ​ផ្សាយ​នៅ​ថ្ងៃទី២៥ វិច្ឆិកា​នេះ ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ស៊ើបអង្កេត​ដោយ​តម្លាភាព ចំពោះ​ករណី​ប្រើ​អំពើ​ហិង្សា លើ​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​ពីរ​រួប និង​ត្រូវ​បំពេញ​កាតព្វកិច្ច និង​ការ​ប្ដេជ្ញា​ចិត្ត​គោរព​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​ជា​មូលដ្ឋាន​ឲ្យ​បាន​ត្រឹមត្រូវ ដែល​ជា​ធាតុ​ផ្សំ​ដ៏​សំខាន់​នៃ​កិច្ចសហប្រតិបត្តិការ រវាង រដ្ឋាភិបាល​កម្ពុជា និង​សហភាព​អឺរ៉ុប៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។