នាយក​រដ្ឋមន្ត្រី​ថៃ​ប្រកាស​ពី​ទំនុកចិត្ត​លើ​សេដ្ឋកិច្ច​មាន​ភាពល្អ​ប្រសើរ

ប្រទេស​ថៃ ៖ លោកនាយក​រដ្ឋមន្ត្រី​បាន​ប្រកាស​ពី​ទំនុកចិត្ត​ថា សេដ្ឋកិច្ច​ថៃ​បាន​ចាប់ផ្តើម​ងើបឡើង​វិញ​ជា​បណ្តើរ​ៗ​ហើយ ដោយសារ​ផ្នែក​ឯកជន​បាន​មក​វិនិយោគទុន​ច្រើន ដូច​ជា ក្រុមហ៊ុន​ហុងដា បាន​ដាក់​ទុន​ចំនួន​១,៧​ពាន់​លាន​ដុល្លារ ដើម្បី​បង្កើត​ទីលាន​ត្រួតពិនិត្យ​រថយន្ត​នៅ​កន្លែង​ថ្មី​មួយ ។ រដ្ឋាភិបាល​ជ​ប៉ុ​ន​បាន​ជំរុញ​ឱ្យ​ប្រទេស​ថៃ​ក្លាយជា​មជ្ឈមណ្ឌល​ក្នុង​ការ​ផលិត​រថយន្ត ដោយ​មានការ​ជឿជាក់​ថា ផលិតផល​ក្នុងស្រុក (GDP) ក្នុងឆ្នាំនេះ​អាច​កើនឡើង​ដល់​២,៩% ។

លោកនាយក​រដ្ឋមន្ត្រី ប្រា​យុទ្ធ ចាន់​អូ​ចា បាន​មាន​ប្រសាសន៍​ថា ៖ «​បច្ចុប្បន្ន យើង​ចាប់ផ្តើម​មាន​ដំណឹង​ល្អ​ស្តី​ពី​ការ​វិនិយោគទុន​ជា​ច្រើន​ទៀត ។ យើង​មាន​វិនិយោគិន​មក​ពី​ក្រុមហ៊ុន​ជា​ច្រើន​ដែល​បាន​ផ្តល់​ទំនុកចិត្ត រួម​ទាំង​ចាប់ផ្តើម​ធ្វើការ​វិនិយោគ​នៅ​ប្រទេស​ថៃ​ផង​ដែរ ដូច​ជា ក្រុមហ៊ុន​ហុងដា បាន​ចូល​វិនិយោគ​ខាង​ផ្នែក​ទីលាន​ត្រួតពិនិត្យ​រថយន្ត នៅ​ខេត្ត​ប្រា​ចាន់​បុរី ក្នុង​ទឹកប្រាក់​ជាង​១.៧០០​លាន​បាត ។ នេះ​ជាទី​កន្លែង​ទី​២ ហើយ​សម្រាប់​ត្រួតពិនិត្យ​រថយន្ត​ម៉ាក​ហុងដា នៅ​ក្រៅប្រទេស​ជប៉ុន​» ។

លើស​ពី​នេះ​ទៀត រដ្ឋាភិបាល​ក៏​នៅ​មាន​គម្រោង​ដើម្បី​លើកកម្ពស់ និង​អភិវឌ្ឍន៍​ប្រទេស​ថៃ​ឱ្យ​ក្លាយ​មជ្ឈមណ្ឌល​ផលិត​រថយន្ត និង​ផ្នែក​ឧស្សាហកម្ម​ផ្សេង​ៗ​ផង​ដែរ ។ ថៃ​គ្រោង​នឹង​អភិវឌ្ឍ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេង​ទៀត ហើយ​ការ​វិនិយោគទុន​នានា ក៏​ត្រូវធ្វើ​ឡើង​ព្រម​គ្នា​ដែរ ចំណែក​ករណី​ខ្លះ​ទៀត​កំពុង​តែ​ស្ថិត​ក្នុង​ការ​ចរចា​នៅឡើយ ។
ចំណែក​ការ​វិនិយោគទុន​របស់​រដ្ឋាភិបាល​ថៃ​ផ្ទាល់ រួម​មាន​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ដូច​ជា គម្រោង​រថភ្លើង រថភ្លើង​ប្រើ​ចរន្ត ផ្លូវ​ហា​យ​វេ និង​ផ្លូវ​ផ្សេង​ៗ ។​ល​។ ក៏​កំពុង​តែ​ដំណើរការ​គ្រប់​គម្រោង​ទាំងអស់ ដែល​នឹង​បើក​ឱ្យ​មានការ​វិនិយោគ​រួម​រវាង​រដ្ឋ និង​ផ្នែក​ឯកជន ឬ (PPP) ហើយ​រាល់​ការ​វិនិយោគ​ទាំងអស់​នឹង​ចេញ​ជា​រូបរាង​ក្នុង​រយៈពេល​ពាក់កណ្តាល​ឆ្នាំ​ខាង​មុខ  ។

សម្រាប់​ក្រសួង​គមនាគមន៍ ក៏​បាន​សរុប​ពី​គម្រោងការ​សំខាន់​ៗ​របស់​រដ្ឋ​ផង​ដែរ ដូច​ជា ៖

១-​គម្រោង​សាងសង់​ផ្លូវ ចាប់ពី​ប៉ា​តា​យ៉ា ទៅ​ដល់​ម៉ា​ប​តា​ផុត ដែល​មាន​ចម្ងាយ​៣២​គីឡូម៉ែត្រ កំពុង​ស្ថិត​ក្នុង​ការ​ដេញថ្លៃ ដោយ​រំពឹង​ថា នឹង​ចុះហត្ថលេខា​លើ​កិច្ចសន្យា​នៅ​ខែមករា ឆ្នាំ​២០១៦​ខាង​មុខ ហើយ​គ្រោង​កសាង​ឱ្យ​រួចរាល់​នៅ​ឆ្នាំ​២០១៩ ។ ចំណែក​ផ្លូវ​មួយ​ខ្សែ​ទៀត​ធ្វើ​ចាប់ពី​បាង​ប្រា​អុ​ី​ន ទៅ​ដល់​នគររាជ​សីមា មាន​ប្រវែង​១៩៦​គីឡូម៉ែត្រ ស្ថិត​ក្នុង​ការ​កែសម្រួល​ក្នុង​របាយការណ៍ (EIA) ដែល​នឹង​ដាក់​ដេញថ្លៃ​នៅ​ក្នុង​ខែធ្នូ ចុងឆ្នាំ​នេះ ។

២-​គម្រោង​អភិវឌ្ឍន៍​ផ្លូវ​រថភ្លើង ត្រូវ​សហការ​ជាមួយ​ប្រទេស​ចំនួន​២​ទៀត​គឺ ចិន និង​ជប៉ុន ហើយ​រំពឹង​ថា នឹង​ចុះហត្ថលេខា​នា​ពេល​ឆាប់​ៗ​នេះ ។

សម្រាប់​ស្ថានភាព​សេដ្ឋកិច្ច​ថៃ បច្ចុប្បន្ន​កំពុង​មានការ​រើប​ឡើង​វិញ និង​ល្អ​ប្រសើរ​ឡើង​ហើយ​។ តាម​ការ​ព្យាករ​ពី GDP  ក្នុងឆ្នាំនេះ​មាន​ចំនួន​២,៩% និង​គួរតែ​កើន​លើស​ជាង​នេះ ៕