តម្លៃ​ដូងប្រេង​ឆៅ​នឹង​កើនឡើង​នៅ​ពាក់កណ្តាល​ឆ្នាំ​2016

ប្រទេស​ម៉ា​ឡេ​ស៊ី ៖ ប្រធាន​ក្រុមហ៊ុន LMC International Ltd លោក​បណ្ឌិត James Fry បាន​ថ្លែង​ថា ៖ «​តម្លៃ​ដូងប្រេង​ឆៅ (CPO) ត្រូវ​គេ​រំពឹង​ថា នឹង​មាន​ហាងឆេង​ខ្ពស់ គឺ​៧០០​ដុល្លារ​ក្នុង​មួយ​តោន​នៅ​ពាក់កណ្តាល​ឆ្នាំ​២០១៦​នេះ ដោយសារ​តែ​ការ​អូស​បន្លាយពេល​យូរអង្វែង​នៃ​គ្រោះ​រាំង​ស្ងួត​កើត​ពី​បាតុភូត​ធម្មជាតិ El Nino គួប​ផ្សំ​នឹង​ការ​ប្រើប្រាស់​ជីវ​ប្រេងឥន្ធនៈ​កាន់តែ​ច្រើន ដោយសារ​តែ​មូលដ្ឋាន​ដូងប្រេង​នៅ​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​» ។

លោក​បន្ត​ថា ៖ «​អាកាសធាតុ​រាំង​ស្ងួត​កំពុង​តែ​កម្រិត​នូវ​ការ​ផ្គត់ផ្គង់​ដូងប្រេង​ឆៅ ។ យើង​គួរ​សង្កេត​មើលទៅ​លើ​ការ​ធ្វើ​បញ្ជីសារពើភ័ណ្ឌ​ដែល​ធ្លាក់​ចុះ ក៏​ដូច​ជា​ការ​រើប​ឡើង​នៃ​ការ​ប្រើប្រាស់​ស្រប​ពេល​មូលនិធិ Indonesian Estate Crop Fund កំពុង​តែ​បង្កើន​ភាព​ចាំបាច់​នៃ​ជីវ​ប្រេងឥន្ធនៈ​» ។

ឥណ្ឌូ​ណេ​ស៊ី គឺជា​អ្នក​ផលិត​ដូងប្រេង​ធំ​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក ដែល​បាន​បង្ហាញ​ភាព​ចាំបាច់​ជា​ផ្លូវការ​របស់​ខ្លួន​ក្នុង​កម្រិត​អប្បបរមា​១៥% នៃ​ការ​លាយ​បញ្ចូល​ក្នុង​ជីវ​ប្រេងឥន្ធនៈ​សម្រាប់​លក់​ចេញ​ក្នុង​ផលិតផល​ប្រេងម៉ាស៊ូត ។ អត្រា​នេះ​នឹង​កើនឡើង​២០%​ក្នុង​ឆ្នាំ​២០១៦ និង​៣០%​ក្នុង​ឆ្នាំ​២០២០ ។

ឥណ្ឌូ​ណេ​ស៊ី​បាន​លើកទឹកចិត្ត​ដល់​ការ​ប្រើប្រាស់​ជីវ​ប្រេងឥន្ធនៈ​សម្រាប់​តម្រូវការ​ខ្ពស់​ជាង​មុន​របស់​ដូងប្រេង​ដែល​ត្រូវ​លាយ​បញ្ចូល​គ្នា​ទៅ​ក្នុង​ជីវ​ប្រេងឥន្ធនៈ ។ អ្នក​ផលិត​ដូងប្រេង​ធំ​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក​មួយ​នេះ បាន​ចាប់ផ្តើម​ប្រមូល​ពន្ធ​ចំនួន​៥០​ដុល្លារ​ក្នុង​មួយ​តោន​សម្រាប់​នាំ​ចេញ​ដូងប្រេង​ឆៅ​មិន​ទាន់​កែ​ច្នៃ គិត​ចាប់ពី​ខែកក្កដា ដើម្បី​ធ្វើ​ជា​មូលនិធិ​ក្នុង​ការ​បំពេញ​ខាត ឬ​ទំនុកបម្រុង​ទុន​ឲ្យ​ខ្ពស់​ជាង​មុន​ក្នុង​វិស័យ​ជីវ​ប្រេងឥន្ធនៈ ។

ចំណែក​មូលនិធិ Indonesian Estate Crop Fund ដែល​គេ​ស្គាល់​ថា ជា​មូលនិធិ​គាំទ្រ​ផលិតផល​ដូងប្រេង​ឆៅ​នោះ​បាន​បង្កើត​ឡើង​រយៈពេល​៧​ខែ​មក​ហើយ​ក្នុង​ការ​គ្រប់គ្រង​ការ​ប្រមូល និង​ចំណាយ​ពន្ធ​លើ​ការ​នាំ​ចេញ​ដូងប្រេង ។ វា​នឹង​ត្រូវ​ប្រើប្រាស់​សម្រាប់​ជួយ​ទំនុកបម្រុង​តម្លៃ​ប្រេងឥន្ធនៈ​របស់​ក្រុមហ៊ុន​ប្រេង​ជាតិ Pertamina ដែល​ត្រូវ​បង់ ឬ​ទូទាត់ ។

លោក James Fry ថ្លែង​ថា ៖ «​ខ្ញុំ​ព្យាករ​ថា ក្នុង​រង្វង់​ទឹកប្រាក់​៦០០​លាន​ដុល្លារ​នៃ​មូលនិធិ​នេះ នឹង​ត្រូវ​បញ្ចូល​ទៅ​ក្នុង​ការ​ជួយ​ទំនុកបម្រុង​លើ​ជីវ​ប្រេងឥន្ធនៈ ។ ចំណែក​បរិមាណ​នៃ​ការ​ជួយ​ទំនុកបម្រុង​នេះ គឺ​ផ្អែក​ទៅ​លើ​តម្លៃ​ជីវ​ប្រេងឥន្ធនៈ​តែ​ម្តង ។ ចំណែក​អ្វី​ដែល​យើង​ជឿជាក់​នោះ គឺថា ការ​ស្តុក​ទុក​នឹង​មានការ​ធ្លាក់​ចុះ​នៅ​ឆ្នាំ​ក្រោយ​» ។
ជា​ថ្មី​ម្តងទៀត លោក James Fry បាន​ប្រកាន់​ជំហរ​នៃ​ទស្សនៈ​យូរអង្វែង​របស់​លោក​ថា ៖ «​តម្លៃ​ដូងប្រេង​នឹង​បន្ត​មាន​ឥទ្ធិពល​ខ្ពស់​តាម​រយៈ​តម្លៃ​ប្រេងសាំង ។ គិត​ចាប់​តាំងពី​តម្លៃ​ដូងប្រេង​មាន​កម្រិត​ទាប បណ្តា​ក្រុមហ៊ុន​ជីវ​ប្រេងឥន្ធនៈ​នៅ​ឥណ្ឌូ​ណេ​ស៊ី និង​ម៉ា​ឡេ​ស៊ី ក៏​បាន​ចាប់ផ្តើម​បោសសម្អាត​ដូងប្រេង​ឆៅ​ពី​ទីផ្សារ ដើម្បី​ទិញ​យក​ទៅ​លាយ​ជាមួយ​ប្រេងម៉ាស៊ូត​ផង​ដែរ​» ។

តាម​ទិន្នន័យ​ពី​ក្រុមប្រឹក្សា​ដូងប្រេង​ម៉ា​ឡេ​ស៊ី (MPOB) បង្ហាញ​ថា ក្នុង​រយៈពេល​១០​ខែ​ដើមឆ្នាំ​នេះ ការ​នាំ​ចេញ​ដូងប្រេង​បាន​កើនឡើង​៤​ភាគ ឬ​ស្មើនឹង​១៦៨.៨៣៥​តោន បើ​ធៀប​នឹង​អំឡុង​ពេល​ដូច​គ្នា​កាលពី​ឆ្នាំទៅ ខណៈ​ប្រេង​ឆៅ​នៅ​សមុទ្រ Brent ខាងជើង ក្នុង​ខែមករា​នេះ​កើនឡើង​១៣​ដុល្លារ ឬ​លក់​ចេញ​៤៤,៣១​ដុល្លារ​ក្នុង​មួយ​បារ៉ែល ។
នៅ​គ្រានេះ​ដែរ តម្លៃ​គោល​នៃ​ដូងប្រេង​លើ​ការ​ជួញដូរ Bursa Malaysia Derivatives បាន​ធ្លាក់​ថ្លៃ​១២​រីង​ហ្គិ​ត ដែល​បិទ​ការ​ជួញដូរ​ក្នុង​អត្រា​២.២៨៧​រីង​ហ្គិ​ត (៥៣៩,៣១​ដុល្លារ​) ក្នុង​មួយ​តោន ៕​