នគរបាល​អះអាងថា ទីតាំង​ផលិត​ស្រា ស បង្ក​ឲ្យ​មនុស្ស​ស្លាប់ ផលិត​ខុស​បច្ចេកទេស ហើយ​ម្ចាស់​រត់​បាត់​

ក្រចេះ: លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អ៊ុំ ភី ស្នងការរង​កណ្តាល​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​គរ​បាល​ខេត្តក្រចេះ បាន​ដឹកនាំ​កម្លាំង​អាជ្ញាធរ​ស្រុក​សំបូរ ចុះ​ពិនិត្យ​ទីតាំង​ផលិត​ស្រា ស មួយកន្លែង​នៅ​ស្រុក​សំបូរ ក្រោយពី​អាជ្ញាធរ​បានដាក់​ការ​កំណត់ថា ការស្លាប់​របស់​អ្នកភូមិ ២ នាក់ និង​មាន​អ្នកភូមិ​ជា​ច្រើ​នាក់​ទៀត បានកើត​អ​ការៈពុល​ក៏​កំពុងតែ​ជួយសង្គ្រោះ​ពី​គ្រូពេទ្យ គឺ​កើតឡើង​បន្ទាប់ ពី​ពួកគាត់​បានទទួល​ទាន​ស្រា ស នេះ​រួច​។ ចំណែកឯ​ម្ចាស់ផ្ទះ​ផលិត​ស្រា ស ក៏បាន​គេចខ្លួនបាត់​។

​ការចុះពិនិត្យ​មើល​លើ​ទីតាំង ផលិត​ស្រា ស និង​សួរសុខទុក្ខ​ដល់​អ្នកភូមិ​ដែល​រងគ្រោះ ដោយសារ​ជាតិពុល ពី​សំណាក់​លោក ឧ​ត្ត​ម​សេនីយ៍​ត្រី អ៊ុំ ភី ស្នងការ​ង​កណ្តាល​ព្រហ្មទណ្ឌ ដែល​បាន​ធ្វើឡើង នៅ​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៥ ក៏បាន​នាំយក​នូវ​ថវិការ​ឧបត្ថម​របស់លោក​ឧ​ត្ត​ម​សេនីយ៍ លន់ សុផាត ស្នងការ​នគរបាល ទៅ​ប្រគល់ជូន​ដល់​គ្រួសារ​សព និង​អ្នកភូមិ​ចំនួន​ជាង ៥០ នាក់​ផ្សេងទៀត ដែល​កំពុង​សម្រាក​សង្គ្រោះ​ព្យាបាល នៅ​មណ្ឌល​សុខភាព​សំបូរ​។

​អាជ្ញាធរ​ស្រុក​សំបូរ បាន​និយាយថា បន្ទាប់ពី​កើតមាន​ហេតុការណ៍​មនុស្ស ក្នុងភូមិ​ចារ​ថ្នោល ឃុំ​សំបូរ ស្រុក​សំបូរ បាន​ស្លាប់​ជា​បន្តបន្ទាប់ ក្នុងអំឡុង​រយៈពេល​២​ថ្ងៃ​ជាប់ៗ​គ្នា ក្នុង​អ​ការៈពុល ក្អួតចង្អោរ ណែន​ដើមទ្រូង ស្រវាំងភ្នែក និង​ទន់​ដៃជើង ក៏​នៅមាន​អ្នកភូមិ ប្រុស​ស្រី​ជាង ៥០ នាក់ ក៏​កំពុងតែ​សង្គ្រោះ​ពី​គ្រូពេទ្យ​។​

​ជាមួយនិង​ការកើតមាន​អកា​រៈរ​បស់​អ្នកភូមិ​បែបនេះ អាជ្ញាធរ​ស្រុក​ក៏បាន​បង្កើត​គណៈកម្មាធិកា​រ​ដើម្បី​ត្រួតពិនិត្យ​មើល​លើ​ស្រា ស ក្រោយពី​បានដាក់​ការ​សន្និដ្ឋានថា អ​ការៈពុល​របស់​អ្នកភូមិ​ដែល​ឈាន​ឲ្យ​មាន​មនុស្ស​ស្លាប់ នេះ​គឺ​កើតឡើង​ក្រោយពី ពួកគាត់​បានទទួល​ទាន​ស្រា ស ក្នុង​ពិធី​កំដរ​រោង​បុណ្យសព​មួយ​ក្នុងភូមិ​កាលពី​ថ្ងៃទី​២០ ខែវិច្ឆិកា ។​

​សេចក្តីរាយការណ៍ ពី​អ្នកភូមិ​ចារ​ថ្នោល បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃ​ចូលរួម​កំដរ​បុណ្យសព កាលពី​ថ្ងៃទី​២០ ខែវិច្ឆិកា មាន​អ្នកភូមិ​ជាច្រើន​នាក់​ចូលរួម ។ ក្នុងនោះ​មាន​អ្នកភូមិ​ជាច្រើន​នាក់ បាន​ផឹកស្រា ស កំដរ​បុណ្យ ហើយ​បន្ទាប់ពី​ផឹក​អ្នកភូមិ​ទាំងនោះ បានកើត​មាន​អកា​រៈ ក្អួតចង្អោរ វិលមុខ ស្រវឹង​ភ្នែក រហូត​ឈាន​ឲ្យ​មាន​អ្នកស្លាប់​។ បុរស​ទាំងពីរ​នាក់ ដែល​បាន​ស្លាប់មាន ឈ្មោះ ប៉ែន ផាង អាយុ ៤៥​ឆ្នាំ រស់នៅ​ក្នុងភូមិ ចារ​ថ្នោល ឃុំ​សំបូរ ស្រុក​សំបូរ ត្រូវបាន​ស្លាប់ កាលពី​ថ្ងៃទី​២១ ខែវិច្ឆិកា បន្ទាប់ពី​មកពី​ចូល រួម​កំដរ​បុណ្យសព និង​បាន​ផឹកស្រា ស ជាមួយ​អ្នកភូមិ​ដ៏ទៃទៀត បាន​រយៈពេល​មួយថ្ងៃ​រួចមក​។ បុរស​ម្នាក់ទៀត ឈ្មោះ ឈឺ​ម ឆោម អាយុ ៣០​ឆ្នាំ រស់នៅ​ក្នុងភូមិ​ជាមួយគ្នា​បាន​ស្លាប់ នៅ​ថ្ងៃទី​២២ ខែវិច្ឆិកា ក្រោយពី​ផឹកស្រា ស កំដរ​បុណ្យសព​បាន រយៈពេល​២​ថ្ងៃ​។​

​ទោះជា​យ៉ាងណា ក្រោយពី​មាន​មនុស្ស​ក្នុងភូមិ បាន​ស្លាប់​ជា​បន្តបន្ទាប់ ដែល​សមត្ថកិច្ច​បានកំណត់​ថា បណ្តាលមកពី​ពុល​ស្រា ម្ចាស់​លំនៅស្ថាន ក៏​ជា​អ្នក​ផលិត​ស្រា​បាន​រត់គេចខ្លួន​បន្សល់​ទុក​តែ​រោង​ផលិត​ស្រា និង​ផ្ទះ​នៅ​ចាក់សោ​ចោល នៅ​កណ្តាល​ភូមិ​។
​យ៉ាងណាក៏ដោយ បើតាម​ការលើកឡើង របស់លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អ៊ុំ ភី ស្នងការរង​កណ្តាល​ព្រហ្មទណ្ឌ បាន​ឲ្យ​ដឹង នៅក្នុង​រោង​ផលិត​ស្រា ស មួយ​នេះ​គឺ​នគរបាល​បាន​ពិនិត្យឃើញថា មិនបាន​ផលិត​ស្រា ទៅតាម​លក្ខណៈ​ឲ្យ​បាន​ត្រឹមត្រូវ​នោះទេ​។​

​លោក​ស្នងការរង​បាន​បន្តថា អាជ្ញាធរ​បាន​យក​ស្រា ស ដែល​សង្ស័យថា មាន​ជាតិពុល​ទៅធ្វើ​ការពិនិត្យ ដើម្បី​រក​មូលហេតុ​ពិតប្រាកដ​។ ការពុល​ស្រា ស បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​នេះ ត្រូវបាន​គេ​ចាត់ទុកថា ជា​ករណី​លើក​ទី​២ ដែល​កើត​មាននៅ​ខេត្តក្រចេះ ដោយ​កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៤ កន្លងទៅ មាន​អ្នកភូមិ​រស់នៅ​ក្នុងភូមិ​ខ្សាច់ ឃុំ​តា​ម៉ៅ ស្រុក​ព្រែក​ប្រសព្វ មាន​ចំនួន​៦​នាក់ ក្នុងនោះ​រាប់ទាំង​ម្ចាស់ ផលិត​ស្រា​ម្នាក់​ផង ត្រូវបាន​ស្លាប់​ជា​បន្តបន្ទាប់​ក្នុង អំឡុង​រយៈពេល​ជាង ១០ ថ្ងៃ ក្នុង​អកា​រៈ​តែមួយ​។ ដោយ​ការស្លាប់ របស់​អ្នកភូមិ​ទាំង​៦​នាក់​នោះ ត្រូវបាន​អាជ្ញាធរ​កំណត់ថា បណ្តាល​មក​ពិ​ពុល​ស្រា ស​៕

នគរបាល​អះអាងថា ទីតាំង​ផលិត​ស្រា ស បង្ក​ឲ្យ​មនុស្ស​ស្លាប់ ផលិត​ខុស​បច្ចេកទេស ហើយ​ម្ចាស់​រត់​បាត់​