ដើម​ស្ពង់​ប្រាសាទតាព្រហ្ម ៖ ដើមឈើ​ទេសចរណ៍ និង​ប្រវត្តិសាស្ត្រ​

សៀមរាប: អាជ្ញាធរ​ជាតិ​អប្សរា បាន​ផ្សាយ​ថា ភ្ញៀវទេសចរ​ដែល​បាន​ចូលទៅ​ទស្សនា​ប្រាសាទតាព្រហ្ម សុទ្ធតែ​ប្លែក​អារម្មណ៍ និង​ស្ញើ​ច​សរសើរ​មិន​ដាច់​ពី​មាត់ ពី​ទេសភាព​ដើមឈើ​ធំៗ ដែលជា​ដុះ​ជាប់​នឹង​ប្រាសាទ និង​លើ​រចនាសម្ព័ន្ធ​ប្រាសាទ មាន​ឫស​ធំៗ​ដុះ​ចាក់ស្រេះ​ប្រាសាទ​ជាប់​យ៉ាង​ណែន​។ ដើមឈើ​ធំៗ​ទាំងនោះ គឺ​ដើម​ស្ពង់​ដែលមាន​កម្ពស់​ដល់​ទៅ​ជាង​៤០​ម៉ែត្រ និង​មាន​អាយុកាល​រាប់រយឆ្នាំ​មកហើយ​។​

​មន្ត្រី​ជំនាញ​អភិរក្ស​ដើមឈើ របស់​អាជ្ញាធរ​ជាតិ​អប្សរា លោក មាស ប៊ុន​ឡាប បាន​ពន្យល់​អំពី​ដើម​ស្ពង់​នេះ​ថា តាមពិតទៅ គេ​មិនអាច​កំណត់​អាយុកាល​ដើម​ស្ពង់​នៅ​ប្រាសាទតាព្រហ្ម​ឲ្យ​បាន​ជាក់លាក់​ថា​មាន​អាយុកាល​ប៉ុន្មាន​ពិតប្រាកដ​នោះឡើយ គ្រាន់តែ​សន្និដ្ឋានថា វា​មាន​អាយុកាល​រាប់រយឆ្នាំ​ប៉ុណ្ណោះ ដោយ​សំអាង​ទៅលើ​ទំហំ កម្ពស់ និង​ប្រវត្តិ​របស់​វា​តាមរយៈ​អ្នកស្រុក​។​

​លោក​ពន្យល់ថា ការកំណត់​អាយុកាល​ដើមឈើ​ឲ្យ​បានច្បាស់លាស់ មាន​វិធី​បែប​វិទ្យាសាស្ត្រ​ច្រើន តែ​អ្វីដែល​ងាយស្រួល និង​ដែល​យើង​ធ្លាប់ធ្វើ​កន្លងមក គឺ​ការ​មើលទៅ​ស្រទាប់​សាច់​ដើមឈើ​។ ក៏ប៉ុន្តែ ករណី​ដើម​ស្ពង់​នៅ​ប្រាសាទតាព្រហ្ម យើង​មិន​អនុវត្ត​វិធីសាស្ត្រ​នេះ​ទេ ព្រោះ​មិនអាច​កាប់​ដើម​មក​មើល​ស្រទាប់​បាន​។ និយាយ​អំពី​ការថែទាំ លោក ប៊ុន​ឡាប រៀបរាប់ថា “​ការថែទាំ គឺ​យើង​ត្រូវ​តាមដាន​វា​ជាប្រចាំ គឺ​បើ​ដើមឈើ​ដុះ​នៅលើ​ប្រាសាទ យើង​ត្រូវ​តាមដាន​មើល​លំនឹង​វា បើ​វា​មាន​មែកធាង អាច​ផ្អៀង​ឬ​ទ្រេត យើង​ត្រូវ​កាត់​ក្រី​មែក​វា​ចេញ ដើម្បី​រក្សា​នូវ​លំនឹង​ឡើងវិញ​។ ប៉ុន្តែ​បើ​ដើម​វា​ធំ ឬ​ខ្ពស់​ខ្លាំង យើង​មិនអាច​កាត់​ក្រី​បាន យើង​អាច​កាត់​វា​ពាក់កណ្តាល​ចេញ ដើម្បី​ឲ្យ​ទាប​បន្តិច ហើយ​ដាក់​ថ្នាំ​ព្យាបាល​ទៅ វា​ដុះ​ខ្នែង​ឡើងវិញ មិន​ងាប់​ទេ​។ បើ​វា​មាន​ស្អុយ​ប្រហោង យើង​ត្រូវ​ព្យាបាល ហើយ​ការព្យាបាល​ក៏​មិន​ខុសពី​ព្យាបាល​មនុស្ស​ដែរ គ្រាន់​តែមាន​វិធីសាស្ត្រ​ផ្សេង និង​ថ្នាំ​ផ្សេង​ប៉ុណ្ណោះ​។​

​មន្ត្រី​ជំនាញ​ផ្នែក​អភិរក្ស​ដើមឈើ​រូបនេះ​បន្តថា ដើម​ស្ពង់​ជា​ប្រភេទ​ឈើ​ស្រាយ ស្រាល មិនសូវមាន​ខ្លឹម ប៉ុន្តែ​មាន​អាយុ​វែង បើ​ប្រៀបធៀប​នឹង​ប្រភេទ​ឈើ​ប្រណីត​ផ្សេងៗ​ក្នុង​តំបន់​អង្គរ ដើម​ស្ពង់​ស្ថិតនៅ​ចំណាត់ថ្នាក់​ឈើ​លេខ​៣​ឯណោះ​។ ដើម​ស្ពង់​ដែល​នៅ​ម្តុំ​ប្រាសាទតាព្រហ្ម​ទាំង​តូច​ទាំង​ធំ មាន​ចំនួន​ប្រហែល​១០០​ដើម និង​ជាច្រើន​ដើម​ទៀត​នៅ​កន្លែង​ផ្សេងៗ​ក្នុង​តំបន់​អង្គរ​។​

​កាលពីដើមឆ្នាំ​២០១៥​កន្លងទៅនេះ ដើម​ស្ពង់​ក៏​ត្រូវបាន​គេហទំព័រ​អន្តរជាតិ​មួយ ដែលមាន​ឈ្មោះថា BUSINESSINSIDER ចាត់​ចូល​ជា​ដើមឈើ​មួយ ក្នុងចំណោម​ដើមឈើ​ដែលមាន​អាយុកាល​ចំណាស់​ជាងគេ​លើ​លោក​ទាំង​១២​ដើម​៕​

ដើម​ស្ពង់​ប្រាសាទតាព្រហ្ម ៖ ដើមឈើ​ទេសចរណ៍ និង​ប្រវត្តិសាស្ត្រ​

ដើម​ស្ពង់​ប្រាសាទតាព្រហ្ម ៖ ដើមឈើ​ទេសចរណ៍ និង​ប្រវត្តិសាស្ត្រ​

ដើម​ស្ពង់​ប្រាសាទតាព្រហ្ម ៖ ដើមឈើ​ទេសចរណ៍ និង​ប្រវត្តិសាស្ត្រ​

ដើម​ស្ពង់​ប្រាសាទតាព្រហ្ម ៖ ដើមឈើ​ទេសចរណ៍ និង​ប្រវត្តិសាស្ត្រ​

ដើម​ស្ពង់​ប្រាសាទតាព្រហ្ម ៖ ដើមឈើ​ទេសចរណ៍ និង​ប្រវត្តិសាស្ត្រ​

ដើម​ស្ពង់​ប្រាសាទតាព្រហ្ម ៖ ដើមឈើ​ទេសចរណ៍ និង​ប្រវត្តិសាស្ត្រ​