រថយន្ត​ដឹក​ផ្លែ​ឈើ​​ផ្ទុះ​កង់​រេចង្កូត​បុក​បង្កាន់ដៃស្ពាន​ចាក់​ផ្លែ​ឈើពេញ​ថ្នល់​ ​របួសធ្ងន់​២​នាក់

ខេត្តបាត់ដំបង ​៖ រថយន្ត​ដឹក​ផ្លែ​ឈើមួយ​គ្រឿង​ដែល​គេ​សង្ស័យ​ថា ​​ផ្ទុះ​កង់​ ខណៈ​ពេល​កំពុង​បើកបរបាន​រេចង្កូត​ទៅ​បុក​បង្កាន់ដៃស្ពាន​លាន់​ដូច​រន្ទះ ចាក់​ផ្លែ​ឈើ​ចោល​ពេញ​ថ្នល់ និង​បណ្ដាល​ឲ្យ​អ្នកបើកបរ ​និង​ម្ចាស់​ផ្លែ​ឈើ​​ដែល​ជិះ​ក្នុង​កាប៊ី​ន​រង​របួស​ធ្ងន់ កាលពី​ល្ងាច​ថ្ងៃ​ទី​២៤​ វិច្ឆិកា លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​ភូមិ​កំពង់ព្រះ ឃុំ​កំពង់ព្រះ ស្រុក​សង្កែ​។

សមត្ថកិច្ច​ស្រុក​សង្កែ​បាន​ឲ្យ​ដឹង​ថា នៅ​ពេល​ជួប​គ្រោះថ្នាក់​ភ្លាម​ៗ គេ​នៅ​មិន​ទាន់​ស្គាល់ឈ្មោះ​ជន​រង​គ្រោះ​ទាំង​២​នាក់​នោះ​ទេ គ្រាន់តែ​ដឹង​ថា ជន​រង​គ្រោះ​ម្នាក់​ជា​អ្នកបើកបរ និង​ម្នាក់​ទៀត​ជា​ម្ចាស់​ផ្លែ​ឈើ​ ដែល​របួសធ្ងន់​ដូច​គ្នា​។

សមត្ថកិច្ច​និយាយ​ថា រថយន្ត​ដឹក​ផ្លែ​ឈើរ​នោះ​ពាក់​ស្លាក​លេខ​ភ្នំពេញ 2I-2955 ធ្វើ​ដំណើរ​យ៉ាង​ល្បឿន​ពី​លិចទៅ​កើត​​ ខណៈដល់​ចំណុច​ស្ពាន​កំពង់ព្រះ​ ដែល​ទំនងជា​ផ្ទុះ​កង់​ខាង​មុខ​ផង ស្រាប់តែ​រេ​ចង្កូត​ទៅ​ខាង​ឆ្វេង​បុក​បង្កាន់ដៃស្ពាន​ទាំង​កំរោល​ធ្លាក់​ផ្លែ​ឈើ​​ពេញ​ថ្នល់ រីឯ​អ្នក​របួស​ត្រូវ​សមត្ថកិច្ច​ជួយ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ភ្លាម​ៗ​ដែរ​។

តាម​ការ​បំភ្លឺ​ពី​សាក្សី​ថា រថយន្ត​នោះ​បើក​លឿន​ហូ​សហេតុ បើ​ទោះជា​ដឹង​ថា នៅ​ខាង​មុខ​មាន​ស្ពាន និងជា​ចំណុច​ផ្លូវ​កោង​ក្ដី ទើប​ជួប​គ្រាអាសន្ន​មិន​អាច​គ្រប់គ្រង​ស្ថានភាព​បាន​ក៏​ជ្រុល​ទៅ​បុក​បង្កាន់ដៃស្ពាន​បែប​នេះ​៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព