​ពលរដ្ឋឃុំ​បឹង​ខ្នារ​ជាង​២.០០០​នាក់​ទទួល​បាន​អត្តសញ្ញាណប័ណ្ណ​គំរូ​ថ្មី

ខេត្តពោធិ៍សាត់​ ៖ ​ប្រជាពលរដ្ឋ​ជាង​២.០០០​​នាក់​ មក​ពី​ភូមិ​ចំនួន​១៣ ​នៃ​ឃុំ​បឹង​ខ្នារ ​ស្រុក​បាកាន​ បាន​មក​ជួបជុំ​គ្នា​ក្នុង​វត្ត​ជ្រៃ​កាលពី​ថ្ងៃ​ទី២២ វិច្ឆិកា ​២០១៥ ដើម្បី​ទទួល​យក​​អត្តសញ្ញាណប័ណ្ណ​គំរូ​ថ្មី ​ដែល​ក្រុមការងារ​អត្តសញ្ញាណប័ណ្ណ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ធ្វើ​ជូន​ ​ដែល​បាន​ប្រព្រឹត្ត​​ទៅ​​ក្រោម​វត្តមាន​លោក​ ស៊ុ​យ សែ​ម រដ្ឋ​មន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​កណ្ដាល​ចុះ​ជួយ​ខេត្តពោធិ៍សាត់​ ។

​ជុំវិញ​​ការ​ផ្តល់​អត្តសញ្ញាណប័ណ្ណ​ជូន​ដល់​ប្រជាពលរដ្ឋ​ទាំង​១៣​ភូមិ​ក្នុង​ពេល​នេះ ​លោក​រដ្ឋមន្ត្រី ​ស៊ុ​យ សែ​ម ក្នុង​នាម​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​មូលដ្ឋាន​បាន​មាន​ប្រសាសន៍​​ថា​​ នេះ​គឺជា​អត្តសញ្ញាណប័ណ្ណ​ប្រភេទ​គំរូ​ថ្មី ខុស​ពី​អត្តសញ្ញាណប័ណ្ណ​មុន​ៗ​ដែល​មាន​បង្កប់​ទិន្នន័យ​ផ្ទាល់ខ្លួន​របស់​យើង​ទាំងអស់​នៅ​ក្នុង​នោះ​ ។

លោក​ក៏​បាន​លើក​ឡើង​​ដែរ​ថា ​អំពី​សារសំខាន់​ដែល​ពលរដ្ឋ​ម្នាក់​ៗ​ត្រូវ​មាន​អត្តសញ្ញាណប័ណ្ណ​ដើម្បី​បំពេញបែបបទ​ផ្សេង​ៗ​ក្នុង​កិច្ចការ​សង្គម និង​រឿង​ផ្ទាល់ខ្លួន គឺ​ត្រូវ​តែ​មាន​អត្តសញ្ញាណប័ណ្ណ​ចាប់ពី​ពេល​នេះ​តទៅ ជា​ពិសេស​នៅ​ពេល​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ ​ប្រជាពលរដ្ឋ​គ្រប់​ៗ​រូប​ត្រូវ​តែ​មាន​អត្តសញ្ញាណប័ណ្ណ​ទើប​អនុញ្ញាត​ឲ្យ​ចុះ​ឈ្មោះ​បាន បើ​មិន​មាន​អត្តសញ្ញាណប័ណ្ណ​នោះ​ទេ​ គឺ​មិន​អាច​ចុះ​ឈ្មោះ​បោះ​ឆ្នោត​បាន​ទេ បើ​មិន​មានឈ្មោះ​ក្នុង​បញ្ជី​ចុះ​ឈ្មោះ​បោះ​ឆ្នោត​យើង​មិន​អាច​ទៅ​បោះ​ឆ្នោត​បាន​​ដែរ​ ។​ ម្យ៉ាងវិញទៀត ​ក្រៅពី​នេះ​ អត្តសញ្ញាណប័ណ្ណ​ គឺជា​ឯកសារ​ផ្លូវការ​របស់​រដ្ឋ​ដែល​ទទួលស្គាល់​ជា​ពលរដ្ឋ​ខ្មែរ​ពេញលេញ​តាម​ផ្លូវច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​គ្រប់​អាយុ​ត្រូវ​តែ​មាន​អត្តសញ្ញាណប័ណ្ណ​ ។

​ក្នុង​ខណៈនោះ​ដែរ​ ក្រុមការងារ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​បាន​ជូនដំណឹង​ដល់​​​ប្រជាពលរដ្ឋ​ទូ​ទាំង​ខេត្ត ​សូម​យក​អត្តសញ្ញាណប័ណ្ណ​ប្រភេទ​គំរូ​ថ្មី​ដែល​បាន​ផ្តល់​កន្លង​មក ​បើមាន​របើក​ខុសធម្មតា​ទៅ​កាន់​ប៉ុ​ស្តិ៍នគរបាល​រដ្ឋបាល​ប្រចាំ​មូលដ្ឋាន​ដែល​បងប្អូន​រស់នៅ​ ដើម្បី​ក្រុមការងារ​ប្តូរ​ថ្មី​ជូន​វិញ​យើង​មិន​អាច​ប្រើប្រាស់​ទាំង​សណ្ឋាន​ខុស​ធម្មតា​បាន​ទេ​ ៕ ​