លក់​ទីតាំង​រដ្ឋបាល​ព្រៃឈើ​បាត់​យូរ​ឆ្នាំ​ហើយ ពេល​នេះ​គេ​នាំ​គ្នា​ជ្រួល ព្រោះ​ហាងឆេង​ជាង​១០​លាន​ដុល្លារ

រាជធានី​ភ្នំពេញ ៖ អគារ​អធិការដ្ឋាន​រដ្ឋបាល​ព្រៃឈើ​ដ៏​ធំ​មួយ​កន្លែង​ស្ថិត​នៅ​ផ្លូវ​លេខ​១៩៩ កែង​ផ្លូវ​៣៧៤ នឹង​ផ្លូវ​លេខ​៣៨៤ ស្ថិត​នៅ​សង្កាត់​ទួល​ស្វាយព្រៃ​ទី​១ ខណ្ឌចំការមន ត្រូវ​បាន​លក់​អោយ​ឈ្មួញ​បាត់​តាំងពី​អំឡុង​ពេល​ប្រមាណ​៤ ទៅ​៥​ឆ្នាំ មក​ម្ល៉េះ ដែល​ខ្លះ​ថា​សម័យ​លោក ទី សុគន្ធ ឯ​ខ្លះ​ថា សម័យ​លោក ឆេ​ង គឹ​ម​ស៊ុន ដែល​«​កោះសន្តិភាព​»​ពុំ​អាច​សុំ​ការ​បំភ្លឺ​បាន​ទេ​ម្សិលមិញ​នេះ ។

ជុំវិញ​ការ​លក់​ទីស្នាក់ការ​អគារ​រដ្ឋបាល​ព្រៃឈើ​ខាងលើ​នេះ ប្រភព​ព័ត៌មាន​នានា​បានអោយ​ដឹង​ថា ក្រោម​ការ​ដោះ​ដូរ​ដី​ទីតាំង​អគា​រ​រដ្ឋបាល​ចាស់​ដែល​មាន​ទំហំ​ប្រមាណ​៥០០០​ម៉ែត្រការ៉េ កន្លះ​ហិ​កតា នោះ​គឺ​អនុវត្ត​ឡើង​ដោយ​យោង​ទៅ​តាម ស​ជ​ណ របស់​រាជ​រដ្ឋា​ភិបាល ប៉ុន្តែ​គេ​មិនដឹង​ថា​ក្រុមហ៊ុន​ណា​ច្បាស់លាស់​ដែល​មានសំណាង​ទិញ​បាន​អចលនៈវត្ថុ​របស់​រដ្ឋ​ដែល​មាន​តម្លៃ​រាប់​លាន​ដុល្លារ​នេះ​ឡើយ ។ ប៉ុន្តែ​ក្រោយ​មានការ​ដោះ​ដូរ​អគា​ររដ្ឋបាល​ចាស់​នោះ គឺ​ឈ្មួញ​ដែល​ទទួល​បន្ទុក​បាន​ក្នុង​ការ​ទិញ​ដោះ​ដូរ​ទីតាំង​នេះ បាន​សាងសង់​អគារ​ថ្មី​មួយ​មាន​កម្ពស់​៣​ជាន់ ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​៣៨៤ ម្ខាង​ផ្លូវ​នៃ​ទីតាំង​ដី​ចាស់​នោះ​ដើម្បី​ជា​ថ្នូរ​នៃ​ការ​ដោះ​ដូរ​យក​ទីតាំង​ដី​ចាស់​ដែល​ត្រូវប៉ាន់​សម្រាប់​លក់​យកចំណេញ​ជា​បន្តបន្ទាប់ ។ រហូត​មក​ទល់​ពេល​នេះ​ដី​ទីតាំង​អគារ​រដ្ឋបាល​មេព្រៃ​ចាស់​ទាំងមូល​បាន​ធ្លាក់​ទៅ​ជា​កម្មសិទ្ធិឯកជន​ផ្តាច់មុខ​ទៅ​ហើយ ។ ចំពោះ​ទីតាំង​ថ្មី​ដែល​ឈ្មួញ​សាងសង់​អោយ​នោះ​គឺ​មាន​ទំហំ​ប្រមាណ​ជាមួយ​ភាគ​បី​នៃ​អគារ​ចាស់ ហើយ​នៅ​ក្បែរ​អគារ​ចាស់​ដដែល គ្រាន់តែ​មិន​បាន​ជាប់​ផ្លូវកែង​ដូច​អគារ​រដ្ឋបាល​ចាស់​​តែ​ប៉ុ​ណ្តោះ គឺ​នៅ​កៀនជញ្ជាំង​មិន​សមជា​អគារ​របស់​រដ្ឋ​ឡើយ ។

ប្រភព​ព័ត៌មាន​ពី​អ្នក​រស់នៅ​តំបន់​ខាងលើ​នេះ​ក៏​ដូច​ជា​មន្ត្រី​មួយ​ចំនួន​បាន​បង្ហើប​អោយ​ដឹង​ថា ទីតាំង​ដី​ខាងលើ​នេះ មួយ​ម៉ែត្រការ៉េ​មាន​តម្លៃ​៣០០០​ដុល្លារ​អា​មេ​រិ​ក​ដែល​គេ​លក់​ចេញ ។ ដូច្នេះ​គេ​គិត​ថា​ឈ្មួញ​ដែល​ទទួល​បាន​សិទ្ធិ​ទិញ​ដី​ខាងលើ​នេះ​មិន​បាន​ធ្វើការ​ដេញថ្លៃ​ត្រឹមត្រូវ​តាម​លក្ខណៈ​ទីផ្សារសេរី អាច​និយាយ​បាន​ថា​ទិញ​លក់​ក្នុង​កម្រិត​មួយ​លាក់លៀម​បំផុត​ជាមួយ​ឈ្មួញ និង​មេ​កើយ​ដែល​ធ្វើការ​ក្នុង​អគារ​រដ្ឋបាល​មេព្រៃ​ខាងលើ​នេះ ត្រូវ​គេ​យក​ទៅ​លក់​បន្ត​ក្នុង​តម្លៃ​ប្រមាណ​១៥​លាន​ដុល្លារ ។

ជុំវិញ​ការ​ដោះ​ដូរ​ទីតាំង​រដ្ឋបាល​ព្រៃឈើ​នៃ​អគារ​ធិ​ការដ្ឋាន​រដ្ឋបាល​ព្រៃឈើ​ខាងត្បូង​បឹង​ទន្លេសាប​នេះ លោក លី ពូ ចៅសង្កាត់​ទួល​ស្វាយព្រៃ​ទី​១ បាន​បង្ហើប​ថា លោក​ស្គាល់ឈ្មោះ​អ្នក​ដែល​ទទួល​បាន​សិទ្ធិ​ធ្វើ​ជា​ម្ចាស់​ដី​ខាងលើ​នេះ ប៉ុន្តែ​លោក​មិនសូវ​ច្បាស់ ហេតុ​នេះ​លោក​មិន​ហ៊ាន​បញ្ចេញ​ឈ្មោះ​ទេ ហើយ​រាល់​ការ​ទិញ​លក់​អចលៈវត្ថុ​ខាងលើ​នេះ​ក៏​មិន​ឆ្លងកាត់​តាម​រដ្ឋបាល​សង្កាត់ និង​ខណ្ឌ របស់​លោក​ដែរ ព្រោះ​មានការ​សម្រេច​ពី​ក្រសួង និង​នាយកដ្ឋាន​ពាក់ព័ន្ធ​នៃ​ទីតាំង​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​នោះ​ផ្ទាល់​តែ​ម្តង ។

ដោយឡែក​លោក ព្រំ សំខាន់ អភិបាល​ខណ្ឌចំការមន ក៏​មាន​ប្រសាសន៍​ដូច​គ្នា​ជាមួយ​លោក លី ពូ ដែរ ដូច្នេះ​មាន​ន័យ​ថា លោក​មិន​បានដឹង​អ្វី​ទាំងអស់​ជុំវិញ​ការ​លក់ដូរ​អចលនៈវត្ថុ​របស់​រដ្ឋ​នៅ​ក្នុងភូមិ​សាស្ត្រ​ខណ្ឌចំការមន ។

ទន្ទឹម​នឹង​នោះ​ដែរ​គេ​ក៏​បាន​កត់សម្គាល់​ឃើញ​ថា ក្នុងភូមិ​សាស្ត្រ​ខណ្ឌចំការមន មាន​ទីតាំង​អចលនៈវត្ថុ​របស់​រដ្ឋ​ជា​ច្រើន​កន្លែង​រាប់​មិន​អស់ តាំងពី​ទីតាំង​អគារ​បរិ​វេ​ណ​អយ្យការ​យោធា​ដែល​មាន​ទំហំ​រាប់​ហិ​កតា បច្ចុប្បន្ន​ក៏​បាន​ធ្លាក់​ទៅ​លើ​កណ្តាប់ដៃ​ឈ្មួញ​មាន​ប្រាក់​អស់​ទៅ​ហើយ ។ រីឯ​ចំណូល​ដែល​បាន​ពី​ការ​ទិញ​លក់​អចលនៈវត្ថុ​ខាងលើ​នេះ​មិនដឹង​ថា​ក្រសួង​ពាក់ព័ន្ធ ក៏​ដូច​ជា​មន្ត្រី​ថ្នាក់​ណា​យក​ទៅ​ប្រើប្រាស់​បែក​ចែក​ដើម្បី​ចំណូល​ចូល​ក្នុង​ការ​អភិវឌ្ឍន៍​សង្គម​ជាតិ ឬ​ក៏​ដោះ​ដូរ​គោលនយោបាយ​អោយ​មន្ត្រី​បម្រើ​ការងារ​នៅ​ក្នុង​កន្លែង​ទីតាំង​នីមួយ​ៗ​បាន​សមរម្យ​ក្នុង​កម្រិត​ណា​ដែរ ប៉ុន្តែ​គេ​សង្កេត​ឃើញ​ថា រាល់​ការ​ដោះ​ដូរ​អចលៈវត្ថុ​របស់​រដ្ឋ​ទាំងឡាយ​តែងតែ​មានការ​ថ្នាំងថ្នាក់​ជា​ទូទៅ​ពី​មន្ត្រី​បម្រើ​ការ​ក្នុង​អង្គភាព​នីមួយ​ៗ ។ ពេល​នេះ​មាន​ដំណឹង​ថា​មន្ត្រី​ព្រៃឈើ​ទាំងនោះ​នឹង​ធ្វើការ​ទាមទារ​រក​គោលនយោបាយ​ខ្លះ​ៗ ព្រោះ​ពួក​គេ​ជា​អ្នក​បង្កើត​ទីតាំង​នេះ​តាំងពី​ដើមឆ្នាំ​១៩៨០​មក ។

សូម​បញ្ជាក់​ថា​ទីតាំង​អធិការដ្ឋាន​រដ្ឋបាល​ព្រៃឈើ​ខាងត្បូង​បឹង​ទន្លេសាប ដែល​ជា​កន្លែង​ចាស់​មុន​ការ​លក់ដូរ​ខាងលើ​នេះ បច្ចុប្បន្ន​ត្រូវ​ឈ្មួញ​ជួល​ធ្វើ​កន្លែង​ស្តុក​រថយន្ត​ជជុះ​នាំ​ចូល​មក​ពី​ប្រទេស​ជប៉ុន ដើម្បី​លក់​នៅ​លើ​ទីផ្សារ ៕