អ្នករាយការណ៍​ពិសេស អ​.​ស​.​ប សម្ដែង​ការ​ព្រួយបារម្ភ​អំពី​កម្តៅ​នយោបាយ​នៅ​កម្ពុជា

រាជធានី​ភ្នំពេញ ៖ យោង​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​អង្គការសហប្រជាជាតិ (​អ​.​ស​.​ប​) ចេញផ្សាយ​ពី​ទីក្រុង​ហ្ស៊ឺ​ណែវ កាលពី​ថ្ងៃ​២៣ វិច្ឆិកា ២០១៥ បាន​ឲ្យ​ដឹង​ថា អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​ស្តី​ពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា លោកស្រី​សាស្ត្រាចារ្យ រ៉ូ​ណា ស្មី​ត បាន​សម្ដែង​នូវ​ក្តី​កង្វល់​យ៉ាង​ជ្រាលជ្រៅ​របស់​លោកស្រី​នៅ​ក្នុង​ស​ប្តា​ហ៍​នេះ អំពី​ការ​ចាត់វិធានការ​បំបាក់​កិច្ច​សន្ទនា​នយោបាយ​រវាង​គណបក្ស​នយោបាយ​ចម្បង​ៗ​របស់​កម្ពុជា ដោយសារ​តែ​កិច្ចការ​នេះ ពាក់ព័ន្ធ​ទៅ​នឹង​ការ​អនុវត្ត​សិទ្ធិ​មនុស្ស​របស់​ប្រជាជន​កម្ពុជា​។

លោកស្រី ស្មី​ត បាន​លើក​ឡើង​ថា «​ប៉ុន្មាន​ស​ប្តា​ហ៍​កន្លង​មកនេះ ត្រូវ​បាន​កត់សម្គាល់​ដោយ​ការ​វិវត្តន៍​គួរ​ឲ្យ​ព្រួយបារម្ភ​មួយ​ចំនួន រួម​មាន​ភាព​តានតឹង​កើនឡើង​រវាង​គណ​បក្ស​នយោបាយ​សំខាន់​ៗ ឧប្បត្តិហេតុ​នៃ​អំពើ​ហិង្សា ការ​បំភិតបំភ័យ​បុគ្គល​មួយ​ចំនួន និង​ការ​ប្រើប្រាស់​ភាសា​ប្រទូស្ត​រាយ​ដាក់​គ្នា​នៅ​ក្នុង​កិច្ច​សន្ទនា​នយោបាយ​» ។

យោង​តាម​ភ្នាក់ងារ​ព័ត៌មាន​បារាំង AFP ជា​ភាសា​អង់គ្លេស (​កោះសន្តិភាព​បកប្រែ​ក្រៅផ្លូវការ​) បាន​ដកស្រង់​សម្ដី​របស់​លោកស្រី រ៉ូ​ណា ស្មី​ត​ថា  លោកស្រី​មិន​ចង់​លូកដៃ​ចូល​ក្នុង​កិច្ច​ការងារ​នយោបាយ​ផ្ទៃក្នុង​របស់​កម្ពុជា ឬ​ក៏​ធ្វើ​អត្ថាធិប្បាយ​លើ​គុ​ណូ​ប​ការ​ករណី​ប្រឆាំង​នឹង​លោក​សម រ​ង្ស៊ី ទេ​។ លោកស្រី​លើក​ឡើង​ថា វា​ជា​ការ​ព្រួយបារម្ភ​ដ៏​ធំ​មួយ​ចំពោះ​លោកស្រី​ដែល​និយាយ​ទៅ វា​មាន​អំពើ​ហិង្សា​ជា​ច្រើន​ទាក់ទង​នឹង​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញយោបល់ និង​មតិ ដោយ​សន្តិវិធី​។ ដូច​ជា​សិទ្ធិ ដើម្បី​ចូល​រួល​រួម​ក្នុង​ជីវិត​នយោបាយ​។

លោកស្រី ស្មី​ត បាន​លើក​ឡើង​ថា លោក​សម រ​ង្ស៊ី ត្រូវ​បាន​ចោទប្រកាន់​រួច​ជា​ស្រេច​កាលពី​២​ស​ប្តា​ហ៍​មុន ដែល​គាត់​ប្រឈម​នឹង​ទោស​២​ឆ្នាំ​ជាប់​ពន្ធនាគារ ប្រសិនបើ​គាត់​ត្រឡប់​មក​វិញ ពី​បទ​សមគំនិត​ក្លែង​ឯកសារ​ពាក់ព័ន្ធ​នឹង​ព្រំដែន​ជាមួយនឹង​ប្រទេស​វៀតណាម​។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព