​​ចៅ​សង្កាត់​​រមនា​ជួប​គ្រោះថ្នាក់​ចរាចរណ៍ស្លាប់​នៅ​នឹង​កន្លែង​​

​ខេត្ត​មណ្ឌលគិរី​ ៖ ​ចៅសង្កាត់រ​មនា ក្រុង​សែន​មនោ​រម្យ ​លោក រ៉​យ ត្រើ​ន អាយុ​៤៨​ឆ្នាំ ​​បាន​​ស្លាប់​ភ្លាម​ៗ​​នៅ​នឹង​កន្លែង​បន្ទាប់​ពី​ជួប​គ្រោះថ្នាក់​ចរាចរណ៍ កាលពី​ព្រឹក​ថ្ងៃ​ទី២៥ ​វិច្ឆិកា​ នៅ​​ចំណុច​មុខ​​ផ្លូវ​ចូល​រមណីយដ្ឋាន​​ចម្ការ​​កាហ្វេ ស្ថិត​​ក្នុង​ក្រុង​សែន​មនោ​រម្យ ​។

សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​និយាយ​ថា ​មុន​ពេល​កើត​ហេតុ គេឃើញ​​​​ជន​​​រង​គ្រោះ​​​ជិះ​ម៉ូតូ​ម្នាក់ឯងយ៉ាង​លឿន​​ចេញពី​ទីរួមខេត្ត​ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧៦ ​លុះ​​មក​ដល់​​​​ចំណុច​​កើតហេតុ មិន​បាន​បង្អង់​ល្បឿន​ទេ​​​ថែម​ទាំង​វ៉ា​រថយន្ត​ទេសចរណ៍​​ក៏​​វ៉ា​ក់​​ជាមួយ​រថយន្ត​សាំ​យ៉ុ​ង​មួយ​គ្រឿង​បើកបរ​ក្នុង​ទិស​ដៅ​​បញ្ច្រាស​​គ្នា​​បុក​ពេញទំហឹង​​​​បណ្តាល​​ឱ្យ​​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ចំណែក​អ្នក​បើ​ក​ប​រថយន្ត​សាំ​យ៉ុ​ង មិន​មាន​អ្នក​រង​របួស​នោះ​ទេ​ ។

​ក្រោយ​កើតហេតុ ​​សព​ជន​រង​គ្រោះ​ត្រូវ​​​ក្រុម​គ្រួសារដឹក​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ចំណែក​ម៉ូតូ និង​រថយន្ត ​ត្រូវ​បាន​សមត្ថកិច្ច​​​អូស​យក​ទៅ​​រក្សា​ទុកនៅ​ស្នង​ការដ្ឋាន​នគរបាល​ខេត្ត​ ដើម្បី​​រង់​ចាំ​ដោះស្រាយ​តាម​ច្បាប់​ ៕​