រថយន្ត​វី​ហ្គោបត់​កៀរ​ម៉ូតូ​នៅតាម​ផ្លូវ​ជា​សុផារ៉ា​របួស​ធ្ងន់​ម្នាក់​ ហើយ​បើក​គេច​បាត់

រាជ​ធានី​ភ្នំពេញ​ ៖ សេចក្តី​រាយការណ៍​បាន​ឱ្យ​ដឹង​ថា រថ​យន្ត​មួយ​គ្រឿង​ម៉ាក​វី​ហ្គោ​ ពណ៌ស ដែល​គេ​អះ​អាង​ថា ពាក់​ស្លាក​លេខ​២K០៨០៩ ​​បើក​ចេញ​ពី​កន្លែង​ទិញ​ផ្កា​ហើយបត់​ត្រង់​ចំណុច​ក្បាល​របាំង​ថ្ម​ខណ្ឌ​ចែក​ផ្លូវ​ទៅ​កៀរ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហ្សូ​មើរ​ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​១CN ៧០៣៧ដែល​កំពុង​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា​បណ្តាល​ឱ្យ​អ្នក​បើក​ម៉ូតូ​ដួល​បោក​នឹង​ថ្នល់​រង​របួស​ធ្ងន់​ ហើយ​រថយន្ត​បាន​បន្ថែម​ល្បឿន​បើក​គេច​ទៅ​ទិស​ខាង​ជើង​បាត់​ស្រមោល។

ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២៥ វិច្ឆិកា នេះ នៅ​ចំណុច​ផ្លូវ​៥៩៨ មុខ​ភូមិ​គ្រឹះ​លោក​ជា សុផារ៉ា ស្ថិត​ក្នុង​ភូមិ​ទួល​គោក សង្កាត់​ទួល​សង្កែ ខណ្ឌ​ប្ញស្សី​កែវ​។

ជន​រង​គ្រោះ​ឈ្មោះ​ណា រ៉ូ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មាន​ទី​លំនៅ​បុរី​ប៉េង​ហួត សង្កាត់​ច្រាំង​ចំរេះ​ទី​១ ត្រូវ​បានដឹក​ទៅ​សង្គ្រោះ​នៅ​​មន្ទីរ​ពេទ្យ​កាល់​ម៉ែត​ ក្រោយ​កើតហេតុ៕