ជន​អត្តឃាត​2​នាក់​គ្រោង​ធ្វើ​ឱ្យ​ផ្ទុះ​នៅ​ក្រសួង​ការពារ​ប្រទេស​បារាំង

រដ្ឋ​អាជ្ញា​ក្រុងប៉ារីស លោក​ហ្វ្រ​ង់​ស្វ័​រ ម៉ូ​លី​ន ថ្លែង​កាលពី​ថ្ងៃ​ទី​២៤ វិច្ឆិកា ថា មេគំនិត​នៃ​ការ​វាយប្រហារ​ភេរវកម្ម​នៅ​ក្រុងប៉ារីស​ថ្ងៃ​ទី​១៣ វិច្ឆិកា ឈ្មោះ ABDELHAMID ABAAOUD គ្រោង​ធ្វើ​ឱ្យ​ផ្ទុះ​ជាមួយ​ជន​ជី​ហា​ដ​ម្នាក់​ទៀត​នា​ថ្ងៃ​ទី​១៨ ឬ​១៩ វិច្ឆិកា នៅ​ក្រសួង​ការពារ​ប្រទេស​បារាំង​ជិត​ក្រុងប៉ារីស ។

អ្នក​រៀបចំ​ការ​វាយប្រហារ​នៅ​ក្រុងប៉ារីស​ដែល​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​១៣០​នាក់ ឈ្មោះ ABDELHAMID ABAAOUD មាន​សញ្ជាតិ​បែ​ល​ហ្ស៊ិ​ក​-​ម៉ា​រ៉ុ​ក បាន​ស្លាប់​ពេល​មានការ​វាយលុក​នា​ព្រឹក​ថ្ងៃ​ទី​១៨ វិច្ឆិកា របស់​កងកម្លាំង​ប៉ូលិស​ប្រឆាំង​ផ្ទះល្វែង​មួយ​នៅ SAINT-DENIS ជា​កន្លែង​ដែល​ជន​នេះ​ស្នាក់​នៅ​រួម​ជាមួយ​ប្អូនស្រី​ជីដូនមួយ​របស់​គេ​នាង HASNA AITBOULAHCEN ដែល​ក៏​ស្លាប់​ដែរ​ពេល​វាយលុក រួច​បុរស​ម្នាក់​ទៀត​ពុំ​អាច​កំណត់​ដឹង​អត្តសញ្ញាណ​ក៏​ស្លាប់​ដោយ​ចុច​គ្រាប់បែក​ជាប់​ខ្លួន​គេ​ឱ្យ​ផ្ទុះ ។

ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ លោក​ហ្វ្រ​ង់​ស្វ័​រ ម៉ូ​លី​ន គូសបញ្ជាក់​ថា ភេរវ​ករ​២​នាក់ គឺ ABAAOUD និង​បុរស​ប្រទះ​ឃើញ​សាកសព​ក្បែរ​គ្នា​មាន​គម្រោង​វាយប្រហារ​គឺ​ធ្វើ​ឱ្យ​ផ្ទុះ​នា​ថ្ងៃ​ទី​១៨ ឬ​១៩ វិច្ឆិកា នៅ​ក្រសួង​ការពារ​ប្រទេស ។ ស្ថិត​នៅ HAUTS-DE-SEINE តំបន់​ក្រុងប៉ារីស ក្រសួង​ការពារ​ប្រទេស​ស្ថិត​ក្នុង​សង្កាត់​ពាណិជ្ជកម្ម​អឺរ៉ុប ។ យោង​តាម​រដ្ឋ​អាជ្ញា​រូប​នេះ​ថា បុរស​ដែល​មិនដឹង​អត្តសញ្ញាណ​អាច​ជា​អ្នក​វាយប្រហារ​ទី​៣ លើ​បណ្តា​ហាង​កាហ្វេ និង​ភោជនីយដ្ឋាន​ក្រុងប៉ារីស​កាលពី​យប់​ថ្ងៃ​ទី​១៣ វិច្ឆិកា រួម​ជាមួយ BRAHIM ABDESLAM ដែល​ធ្វើ​ឱ្យ​គ្រាប់បែក​ដាក់​ជាប់​ខ្លួន​គេ​ផ្ទុះ​នៅ​មហាវិថី VOLTAIRE និង​ជន​ឈ្មោះ ABDELHAMID ABAAOUD ។

លោក​ហ្វ្រ​ង់​ស្វ័​រ ម៉ូ​លី​ន បន្ត​ថា ទាក់ទិន​នឹង​ខ្សែក្រវាត់​មាន​គ្រឿងផ្ទុះ​រក​ឃើញ​ក្នុង​ធុងសំរាម​មួយ​តាម​ចិញ្ចើមថ្នល់​ក្រុង MONTROUGE ប្រាកដ​ណាស់​វា​ដូច​គ្នា​នឹង​ខ្សែក្រវាត់​មាន​គ្រឿងផ្ទុះ​ដែល​ពួក​ជន​អត្តឃាត​ប្រើ​ពេល​វាយប្រហារ​យប់​ថ្ងៃ​ទី​១៣ វិច្ឆិកា ៕