ប្រឈម​មុខ​នឹង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម លោក​អូ​បា​ម៉ា និង​លោក​ហូ​ឡង់ អំពាវនាវ​ដល់​លោកពូ​ទី​ន ឱ្យ​ចូលរួម

ប្រធានាធិបតី​អា​មេ​រិ​ក លោក​បា​រ៉ា​ក់ អូ​បា​ម៉ា និង​សម​ភាគី​បារាំង លោក​ហ្វ្រ​ង់​ស្វ័​រ ហូ​ឡង់ បាន​អះអាង​កាលពី​ថ្ងៃ​ទី​២៤ វិច្ឆិកា ពី​ការ​រួបរួម​គ្នា​ក្នុង​ការ​តស៊ូ​ប្រឆាំង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ដែល​ប្រកាស​ទទួលខុសត្រូវ​លើ​ការ​វាយប្រហារ​យ៉ាង​បង្ហូរឈាម​ពុំ​ធ្លាប់​មាននៅ​បារាំង ។ មេដឹកនាំ​ទាំង​២​រូប​ក៏​អំពាវនាវ​ដល់​រុ​ស្ស៊ី​ឱ្យធ្វើ​ការ​វាយប្រហារ​នៅ​ស៊ី​រី សំដៅលើ​បណ្តា​ទីតាំង​ពួក​ជី​ហា​ដ ។

យោង​តាម​ប្រភព​ការទូត​បារាំង​មួយ​ថា ការ​ធ្វើ​ដំណើរ​ទៅ​បរទេស​លើក​ដំបូង​របស់​លោក​ហូ​ឡង់ ក្រោយ​ការ​វាយប្រហារ​ភេរវកម្ម​កាលពី​ថ្ងៃ​ទី​១៣ វិច្ឆិកា ជា​ឱកាស​ថ្លឹងថ្លែង​មើល​ស្ថានភាព​នយោបាយ ព្រោះ​លើ​ផ្នែក​នយោបាយ​ដែល​គេ​ត្រូវ​មានការ​ខិតចូល​ជិត​គ្នា ។ លោក​ហូ​ឡង់ ប្រហែលជា​ចង់​ងាក​ទៅ​ធ្វើការ​ជាមួយ​លោកពូ​ទី​ន ដែល​លោក​អូ​បា​ម៉ា នា​ដំណាក់កាល​នេះ​នៅ​ពុំ​ទាន់​សម្រេច​នៅឡើយ ។

ដោយ​គូសបញ្ជាក់​ពី​ឆន្ទៈ​រួម​របស់​ប្រទេស​ទាំង​២ បង្កើន​ការ​វាយប្រហារ​តាម​អាកាស​នៅ​អីុ​រ៉ា​ក់ ក៏​ដូច​ជា​នៅ​ស៊ី​រី លោក​ហូ​ឡង់ អះអាង​ថា បារាំង​នឹង​ពុំ​ធ្វើ​អន្តរាគមន៍​តាម​ជើង​គោក​ឡើយ ក៏​ប៉ុន្តែ​នឹង​បន្ត​ជួយ​ទ្រទ្រង់​ដល់​កងកម្លាំង​មូលដ្ឋាន ។

បណ្តា​យន្តហោះ​ចម្បាំង​ធុន RAFALE ហោះ​ចេញពី​នាវា​ផ្ទុក​យន្តហោះ CHARLES DE GAULLE ដែល​មក​កាន់​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​ភាគ​ខាងកើត កាលពី​ថ្ងៃ​ទី​២៤ វិច្ឆិកា បាន​វាយប្រហារ​ទីបញ្ជាការដ្ឋាន​មួយ​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​នៅ​ក្រុង TAL AFAR ភាគ​ខាងលិច​ក្រុង​មូស​ស៊ុ​ល​អីុ​រ៉ា​ក់ ។ បណ្តា​យន្តហោះ​ទម្លាក់​គ្រាប់បែក​បារាំង​កាលពី​ថ្ងៃ​ទី​២៣ វិច្ឆិកា បាន​វាយប្រហារ​ប្រឆាំង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ជា​លើក​ដំបូង​នៅ​អីុ​រ៉ា​ក់ និង​ស៊ី​រី ដោយ​ហោះ​ចេញពី​នាវា​ផ្ទុក​យន្តហោះ​នេះ ។

ការ​ខិតខំ​ប្រឹងប្រែង​ខាង​ការទូត​របស់​បារាំង​ដើម្បី​សម្រប​សម្រួលការ​ប្រយុទ្ធ​ប្រឆាំង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​អាច​ជួប​បញ្ហា​ដោយសារ​ការ​ធ្លាក់​យន្តហោះ​ប្រយុទ្ធ​រុ​ស្ស៊ី​មួយ​គ្រឿង​កាលពី​ថ្ងៃ​ទី​២៤ វិច្ឆិកា នៅ​ព្រំដែន​ស៊ី​រី មក​ពី​ការ​បាញ់​របស់​តួ​ក​គី​ជា​សមាជិក​មួយ​របស់​អូតង់ ។ ឧប្បត្តិ​ហេតុនេះ​ជា​ឧប្បត្តិហេតុ​ធ្ងន់ធ្ងរ​បំផុត​តាំងពី​រុ​ស្ស៊ី​ចាប់ផ្តើម​ធ្វើ​អន្តរាគមន៍​នៅ​ស៊ី​រី​ជួយ​ដល់​លោក​បា​ចា អាល់​អាសា​ដ បណ្តាល​ឱ្យ​ប្រធានាធិបតី​រុ​ស្ស៊ី​លោក​វ្ល៉ា​ឌី​មៀរ ពូ​ទី​ន ខឹង​យ៉ាង​ខ្លាំង ដោយ​លោក​បរិហារ​ថា នេះ​ជា​ការ​លួច​ចាក់​មួយ​កាំបិត​ពីក្រោយ​ខ្នង​របស់​ពួក​អ្នក​រួមគំនិត​ជាមួយ​ពួក​ភេរវ​ករ ។ លោក​អូ​បា​ម៉ា និង​លោក​ហូ​ឡង់ អំពាវ​ឱ្យ​ចៀសវាង​រាល់​ការ​បង្កើន​ភាព​តានតឹង ៕