យន្តហោះ​ប្រយុទ្ធ​រុ​ស្ស៊ី SU-24 ដែល​តួ​ក​គី​បាញ់​ធ្លាក់ លោកពូ​ទី​ន ថា​ពុំ​បាន​រំលោភ​ដែនអាកាស​តួ​ក​គី​ឡើយ

ប្រធានាធិបតី​រុ​ស្ស៊ី លោក​វ្ល៉ា​ឌី​មៀរ ពូ​ទី​ន អះអាង​កាលពី​ថ្ងៃ​ទី​២៤ វិច្ឆិកា ថា យន្តហោះ​ប្រយុទ្ធ​រុ​ស្ស៊ី​ធុន SU-24 ពុំ​បាន​ហោះ​រំលោភ​បំពាន​ដែនអាកាស​តួ​ក​គី​ឡើយ ហើយ​យន្តហោះ​រង​ការ​វាយប្រហារ​នៅ​ចម្ងាយ​១​គីឡូម៉ែត្រ​ក្នុង​ព្រំដែន​ស៊ី​រី ជាមួយ​តួ​ក​គី ហើយ​ធ្លាក់​ក្នុង​តំបន់​មួយ​ចម្ងាយ​៤​គីឡូម៉ែត្រ​ឯណោះ​ពី​ព្រំដែន ។

ពេល​ជួប​ជាមួយ​ព្រះមហាក្សត្រ​អាប់​ឌុ​ល​ឡា​ហ៍​ទី​២​នៃ​ប្រទេស​ហ្ស​ក​ដា​នី នៅ​ក្រុង​សូត​ជី ជាប់មាត់​សមុទ្រ​ខ្មៅ លោកពូ​ទី​ន ថ្លែង​ថា ការ​វាយប្រហារ​លើ​អាកាស​ប្រឆាំង​យន្តហោះ​នេះ​ដែល​កំពុង​ហោះហើរ​ក្នុង​កម្ពស់​៦.០០០​ម៉ែត្រ​ធ្វើ​ឡើង​ត្រង់​កន្លែង​មួយ​ចម្ងាយ​១​គីឡូម៉ែត្រ​ពី​ដែនដី​តួ​ក​គី ។ លោក​បន្ត​ថា យន្តហោះ​រុ​ស្ស៊ី​រង​ការ​បាញ់ប្រហារ​ដោយ​មី​ស៊ី​ល​អាកាស​-​អាកាស​មួយ​គ្រាប់​បាញ់​ចេញពី​យន្តហោះ​ធុន F-16 តួ​ក​គី​មួយ​គ្រឿងក្នុង​ដែនអាកាស​ស៊ី​រី និង​ថា​យន្តហោះ SU-24 បាន​ធ្លាក់​នៅ​ស៊ី​រី​ចម្ងាយ​៤​គីឡូម៉ែត្រ​ពី​ព្រំដែន​តួ​ក​គី ។ បណ្តា​អ្នក​បើក​យន្តហោះ​រុ​ស្ស៊ី និង​យន្តហោះ​ប្រយុទ្ធ​គ្មាន​ចេតនា​ណាមួយ​គំរាមកំហែង​តួ​ក​គី​ឡើយ ។ ច្បាស់​ណាស់​នេះ​ជា​ឧប្បត្តិហេតុ​នៃ​ការ​លួច​ចាក់​មួយ​កាំបិត​ពីក្រោយ​ខ្នង ។

យោង​តាម​ទូរទស្សន៍​រុ​ស្ស៊ី លោកពូ​ទី​ន គូសបញ្ជាក់​ថា ព្រឹត្តិការណ៍​នេះ​គឺ​ហួស​ពី​ព្រំដែន​នៃ​ការ​តស៊ូ​ប្រឆាំង​ភេរវកម្ម ។ វា​ជា​ការ​លួច​ចាក់​មួយ​កាំបិត​ពីក្រោយ​ខ្នង​ពី​សំណាក់​ពួក​អ្នក​រួមគំនិត​ជាមួយ​ពួក​ភេរវ​ករ ។

លោកពូ​ទី​ន បន្ត​ថា ឧប្បត្តិ​ហេតុនេះ​នឹង​នាំ​ឱ្យ​មាន​ផលវិបាក​ធ្ងន់ធ្ងរ​ដល់​ទំនាក់ទំនង​រវាង​ក្រុង​មូ​ស្គូ និង​ក្រុង​អង់កា​រ៉ា ព្រោះ​រុ​ស្ស៊ី​នឹង​មិន​អត់ឱន​ដល់​ឧក្រិដ្ឋកម្ម​ប្រឆាំង​ខ្លួន​ដែល​កើត​មាន​នា​ពេល​នេះ​ឡើយ ។

យោង​តាម​កងទ័ព​តួ​ក​គី​ថា យន្តហោះ SU-24 នេះ​ទទួល​ការ​បាញ់​ព្រមាន​១០​លើក​រយៈពេល​៥​នាទី ដោយសារ​ហោះ​រំលោភ​បំពាន​ដែនអាកាស​តួ​ក​គី​មុន​ពេល​យន្តហោះ F-16 តួ​ក​គី​២​គ្រឿង​ធ្វើ​អន្តរាគមន៍ ។

សេចក្តី​ប្រកាស​ចុង​ក្រោយ​របស់​ក្រសួង​ការពារ​ប្រទេស​រុ​ស្ស៊ី​គូសបញ្ជាក់​ថា យន្តហោះ SU-24 ត្រូវ​បាញ់​ធ្លាក់​ដោយ​យន្តហោះ F-16 តួ​ក​គី​មួយ​គ្រឿង​ពេល​យន្តហោះ​នេះ​ហោះ​វិល​ទៅ​កាន់​មូលដ្ឋាន​អាកាសចរណ៍ HMEIMIM នៅ​ស៊ី​រី ៕