ក្រសួងការពារជាតិ បង្កើតគណៈកម្មការ កិច្ចសហប្រតិបត្តិការ រក្សាសន្តិសុខ របៀបរៀបរយ តាមព្រំដែនកម្ពុជា-ឡាវ

ភ្នំពេញ៖ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ទៀ បាញ់ បានសម្រេចបង្កើតគណៈ កម្មការកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខ របៀបរៀបរយតាមបណ្តោយព្រំដែនកម្ពុជា-ឡាវ ដើម្បីថែរក្សាការពារ ព្រំដែនប្រទេសទាំងពីរ ឲ្យក្លាយជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍ ដែលនាំមកនូវផល ប្រយោជន៍ជូនប្រទេសទាំងពីរ ព្រមទាំងទប់ស្កាត់នូវបទឧក្រិដ្ឋឆ្លងដែនផ្សេងៗទៀត។

យោងតាមប្រកាសស្តីពីការបង្កើតគណៈកម្មការ ចុះហត្ថលេខាដោយនាយឧត្តមសេនីយ៍ ទៀ បាញ់ កាលពីថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០១៥ ដែលទើបទទួលបានៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ បានឲ្យដឹងថា គណៈកម្មការថ្មី នេះ មានសមាសភាពជាមន្រ្តីយោធាជាន់ខ្ពស់ នៃក្រសួងការពារជាតិចំនួន ១២រូប មានឧត្តមសេនីយ៍ទោ សៀក សុជាតិ នាយរងសេនាធិការចម្រុះ នាយកទីចាត់ការព្រំដែន ជាប្រធាន។

នៅក្នុងសេចក្តីប្រកាសដដែលនេះ បានបញ្ជាក់ថា គណៈកម្មការថ្មីនេះ ដើរតួជាសេនាធិការជូនអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ ក្រសួងការពារជាតិ និងរាជរដ្ឋាភិបាលក្នុងការដឹកនាំ សម្របសម្រួលសហប្រតិបត្តិការ ថែរក្សាការពារព្រំដែនកម្ពុជា-ឡាវ ឲ្យក្លាយជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និង អភិវឌ្ឍន៍ ដែលនាំ មកនូវផលប្រយោជន៍ជូនប្រទេសទាំងពីរ។

គណៈកម្មការនេះ ក៏មានតួនាទីថែរក្សាការពារសន្តិសុខ របៀបរៀបរយតាមបណ្តោយព្រំដែន ទប់ស្កាត់ និងដោះ ស្រាយនូវរាល់ឧក្រិដ្ឋកម្ម ភេរវកម្មឆ្លងដែន ការជួញដូរគ្រឿងញៀន ការជួញដូរមនុស្ស ការឆ្លងដែនខុសច្បាប់ ការ រត់ពន្ធជួញដូរខុសច្បាប់ ការបរបាញ់ខុសច្បាប់ ការធ្វើអាជីវកម្មទ្រព្យសម្បត្តិធម្មជាតិខុសច្បាប់ ការកាប់ព្រៃឈើ ខុសច្បាប់ ការជួញដូចវត្ថុបុរាណ និងការជួញដូចអាវុធយុទ្ធភណ្ឌជាតិផ្ទុះគ្រប់ប្រភេទ។

គណៈកម្មការនេះ ក៏ត្រូវចូលរួមថែរក្សាការពារឲ្យមាននិរន្តរភាព នៃបរិស្ថាន ទ្រព្យសម្បត្តិធម្មជាតិ និង ថែររក្សា បង្គោលខណ្ឌសីមាព្រំដែនរវាងប្រទេសកម្ពុជា-ឡាវ ដែលបានសម្រេចបោះរួចរាល់ឲ្យបានគង់វង្សក្នុងសភាពដើម ហើយក៏ត្រូវចូលរួមសហការជាមួយក្រុមបច្ចេកទេស វាស់វែងបោះបង្គោលព្រំដែន របស់គណៈកម្មការចម្រុះព្រំដែន កម្ពុជា-ឡាវ ស្របតាមគោលនយោបាយរបស់រដ្ឋាភិបាល នៃប្រទេសទាំងពីរ៕

ក្រសួងការពារជាតិ បង្កើតគណៈកម្មការ កិច្ចសហប្រតិបត្តិការ រក្សាសន្តិសុខ របៀបរៀបរយ តាមព្រំដែនកម្ពុជា-ឡាវ