ចាន់ គឹ​ម​លាភ ជួប​ថៃ ចំណែក អ៊ុំ ចំរើន ជួប​ឡាវ វគ្គ​ជម្រុះ​ដណ្តើម​ខ្សែក្រវាត់​គោ​ជល់

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់​វគ្គ​ជម្រុះ​ដណ្តើម​ខ្សែក្រវាត់​គោ​ជល់​ក្នុង​ប្រភេទ​ទម្ងន់​៦៥​គីឡូក្រាម​នៅ​លើ​សង្វៀន​ស៊ី​ធី​អិន ថ្ងៃ​សៅរ៍ ទី​២៨ វិច្ឆិកា ខាង​មុខ​នេះ ឈាន​ចូល​ដល់​ស​ប្តា​ហ៍​ទី​៣​ហើយ ។ កីឡាករ​កម្ពុជា ចាន់ គឹ​ម​លាភ មក​ពី​ក្លិប​និរោធ​មាន​ជ័យ ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​ណាត់​តា​ផុ​ន គៀត​អា​រ៉​ន ចំណែក​អ៊ុំ ចំរើន មក​ពី​ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ ជួប​ប្រកួត​ជាមួយ​កីឡាករ​ឡាវ​ឈ្មោះ​មា​៉​ម៉ៃ ស៊ី​ត​យ៉​ត​ឈាន ។

ចាន់ គឹ​ម​លាភ និង​កីឡាករ​ថៃ​ទើបតែ​ប្រកួត​បាន​មួយ​លើក​ម្នាក់​ប៉ុណ្ណោះ​និង​មានសំណាងបាន​ឈ្នះ​គូប្រកួត​ជា​លើក​ដំបូង​ដូច​គ្នា ។ សម្រាប់​ការ​ជួប​គ្នា​លើក​នេះ​មិនដឹង​ថា​នរណា​មានសំណាង​រកបាន​៣​ពិន្ទុ​បន្ថែម​ទៀត​នោះ​ទេ ។

រវាង​ពួក​គេ​ទាំង​ពីរ​ត្រូវ​អ្នកគាំទ្រ​មើលឃើញ​ដូច​គ្នា​ថា​មាន​សមត្ថភាព​រៀងខ្លួន ដោយសារ​តែ​ភាគី​ខាង​ណា​ក៏​មាន​ប្រវត្តិ​ធ្លាប់​ផ្ដួល​និង​ចាញ់​ក្រោម​ដៃ​កីឡាករ​បរទេស​ដូច​គ្នា ។ ចាន់ គឹ​ម​លាភ មាន​កម្ពស់​១,៧០​ម៉ែត្រ ធ្លាប់​ប្រកួតបាន​៦៨​ដង ឈ្នះ​៥៣​ដង ចាញ់​១៥​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​១៨​ដង ។ ដោយឡែក​កីឡាករ​ថៃ​ណាត់​តា​ផុ​ន គៀត​អា​រ៉​ន មាន​កម្ពស់​១,៦៨​ម៉ែត្រ ធ្លាប់​ប្រកួត​បាន​៨៥​ដង ឈ្នះ​៦៥​ដង ចាញ់​១៥​ដង ស្មើ​៥​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​១២​ដង ។ យ៉ាងណា​ក៏​ដោយ​គេ​មើលឃើញ​ថា កីឡាករ​កម្ពុជា​ហាក់​មាន​ប្រៀប​ជាង​ដោយសារ​ទី​១ចាន់ គឹ​ម​លាភ មាន​កម្ពស់​ល្អ​ជាង ទី​២​គេ​មានការ​ត្រៀមខ្លួន​បាន​គ្រប់គ្រាន់ និង​ទី​៣​មិន​បាន​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​ដូច​កីឡាករ​ថៃ​ដែល​អាច​ឱ្យ​គេរក្សា​កម្លាំង និង​សុខភាព​មុន​ពេល​ប្រកួត​បាន​ល្អ​ជាង​។ ចាំ​មើល​មើល៍ កីឡាករ​កម្ពុជា ឬ​កីឡាករ​ថៃ​ជា​អ្នកមាន​សំណាង​រកបាន​៣​ពិន្ទុ​បន្ថែម​ទៀត ។

អ៊ុំ ចំរើន និង​កីឡាករ​ឡាវ​ម៉ា​ម៉ៃ ស៊ី​ត​យ៉​ត​ឈាន ទើបតែ​ចាញ់​គូប្រកួត​ក្នុង​ជំនួប​លើក​ទី​១​ដូច​គ្នា ។ អ៊ុំ ចំរើន មាន​កម្ពស់​១,៦៦​ម៉ែត្រ ធ្លាប់​ប្រកួត​បាន​៧៨​ដង ឈ្នះ​៧១​ដង ចាញ់​៥​ដង ស្មើ​២​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​នៅ​លើ​សង្វៀន​បាន​១៨​ដង ។ ចំណែក​កីឡាករ​ឡាវ​មាន​កម្ពស់​១,៧០​ម៉ែត្រ ធ្លាប់​ប្រកួត​បាន​៨០​ដង ឈ្នះ​៦៥​ដង ចាញ់​១៥​ដង ។ ជំនួបរបស់​ពួក​គេ​ទាំង​ពីរ​អាច​នឹង​ស្វិតស្វាញ​ជាង​ជួប​គូប្រកួត​មុន​ដោយសារ​ភាគី​ទាំង​ពីរ​សុទ្ធតែ​ត្រូវការ​ឈ្នះ​ដើម្បី​ស្ដារ​មុខមាត់​ដែល​ខ្លួន​បាន​ចាញ់​ពេល​បើក​ឆាក​ប្រកួត​ដំបូង​ដូច​គ្នា ។

ចំណែក​គូប្រកួត​ធម្មតា​រវាង​កីឡាករ​កម្ពុជា និង​កម្ពុជា​វិញ​មាន​កីឡាករ​សុខ ចិន្ដា មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា ប្រកួត​ជាមួយ​កីឡាករ​ឈាន ហុង មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ និង​កីឡាករ​ចាន់ គង់​រាជ មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ​បង្ក្រាប​គ្រឿងញៀន ប្រកួត​ជាមួយ​កីឡាករ​ម៉​ន ភារ​ម្យ មក​ពី​ក្លិប​ការិយាល័យ​ទី​៥​កងទ័ពជើង​គោក៕