កូន​ញៀន​ថ្នាំ​វាយ​ឪ​បែកក្បាល​ ព្រោះខឹង​ប្រើ​ឲ្យ​បញ្ចូល​​កា​ត​ទូរស័ព្ទ​ ​ពេល​កំពុង​ស្រវឹងស្រា

ខេត្តពោធិ៍សាត់ ​៖​ យុវ​ជន​​ម្នាក់​​​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ បន្ទាប់​ពីវាយ​ឪពុក​បែកក្បាល​ហូរ​ឈាម​ ដោយ​សារ​ខឹង​ឪពុក​ប្រើ​ឱ្យ​បញ្ចូ​ល​កាត​ទូរ​ស័ព្ទ​ ខ​ណៈ​ពេលខ្លួនកំពុង​អង្គុយ​ផឹកស្រា​ជាមួយ​មិត្ត​ភ​ក្កិ​នៅ​ក្រោមផ្ទះ​​​។​

ករណី​​​ហិង្សា​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​ល្ងាច​ ថ្ងៃ​ទី​២៤​ វិច្ឆិកា ​២០១៥ ​នៅ​ភូមិ​កណ្ដៀង​ ឃុំ​កណ្ដៀង ​ស្រុក​កណ្ដៀង​។

លោកនាយ​ប៉ុស្ដិ៍រដ្ឋបាល​បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ឈ្មោះ​ម៉ៅ ភា​រិ​ទ្ធិ ​ភេទ​ប្រុស ​អាយុ​២៤​ឆ្នាំ រីឯ​ជន​រង​គ្រោះ​ដែល​ត្រូវជា​ឪពុក​នោះ​ឈ្មោះ​ម៉ៅ សា​រុន​ អាយុ​៥៤​ឆ្នាំ​ រស់នៅ​ភូមិ-​ឃុំ​កើតហេតុ​ខាងលើ​។​

ទាក់ទិន​នឹង​រឿងរ៉ាវ​នេះ​លោក​ឲ្យ​ដឹង​ថា​ មុន​ពេល​កើត​ហេតុ​ កូន​របស់​គាត់​បានអង្គុយ​ផឹកស៊ី​ជាមួយ​មិត្ត​ភ​ក្កិ​ក្រោមផ្ទះ​តាំងពី​ថ្ងៃត្រង់​មក​ម្ល៉េះ​។ ​លុះមក​ដល់​វេលា​ម៉ោង​៦​ល្ងាច​ ខ​ណៈ​ពេល​​​កំពុង​ស្រវឹង​ជោកជាំ​នោះ​ឪពុក​បាន​ប្រើ​ឲ្យ​ជួយ​បញ្ចូល​​កា​ត​ទូរស័ព្ទ ​ប៉ុន្តែ​កូន​មិន​ព្រម​បញ្ចូល​ទេ​នៅ​តែ​ផឹក​ជាមួយ​មិត្ត​ភ​ក្តិបន្ត​ទៀត​។​

ដោយ​ប្រើ​ម្ដង​ហើយ​ម្ដងទៀត​មិន​ព្រម​បញ្ចូល​ឪពុក​ក៏​រអ៊ូរទាំ​ និង​ជេរ​ស្ដី​បន្តិចបន្តួច​ ពេល​នោះ​ស្រាប់តែ​ជន​ល្មើស​បាន​ទាញ​កៅអី​ឈើ​វាយ​ឪពុក​បែកក្បាល​ហូរ​ឈាម​ជោក​ខ្លួន​។​ ភ្លាម​ៗ​នោះ​កម្លាំង​នគរបាល​ប៉ុស្តិ៍​​​ដែល​នៅ​ក្បែរ​នោះបាន​ឃាត់ខ្លួន​ជន​ល្មើសតែម្តង​។

លោក​វរសេនីយ៍ទោ​ម៉ូ លី​ដា ​ប្រធាន​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តពោធិ៍សាត់​បាន​ប្រាប់​ឲ្យ​ដឹង​ថា ជនសង្ស័យ​ក្រោយ​ពេល​ធ្វើតេស្ដ​ទឹកនោម​បាន​រក​ឃើញ​មាន​ផ្ទុក​សារធាតុ​ញៀន​ផង​ដែរ​៕