​ប្រកប​របរ​រកស៊ី​ដាក់​លប​​អន្ទង់​​​ក្នុង​១​ថ្ងៃ​បាន​ប្រាក់​ជិត​១០ម៉ឺនរៀល​

​ខេត្ត​បន្ទាយ​មាន​ជ័យ ៖ ប្រជា​នេសាទ​ស្រុក​ព្រះ​នេត្រព្រះ​​ពេញ​និយម​នាំ​គ្នា​ធ្វើ​លប​តូច​ៗ​សម្រាប់​ដាក់​អន្ទង់​ ដែល​អាច​រក​អន្ទង់​បាន​ពី​៥​ទៅ​៦​គីឡូក្រាម ​ក្នុង​១​ថ្ងៃ​ ​គិត​ជា​​​ប្រាក់​បាន​ជិត​១០​ម៉ឺន​រៀល ។​

​ជួប​ជា​មួយ​អ្នក​​សារ​ព័ត៌មាន​កោះ​សន្តិភាព​ ​បុរស​​​​មក​ពី​ស្រុក​ព្រះនេត្រព្រះ​ម្នាក់​ ក្នុង​ចំណោម​៣​នាក់​ ​ដែល​ប្រកប​អា​ជីព​​ជា​អ្នក​​ដាក់​លប​អន្ទង់​ បាន​​រៀប​រាប់​​ថា​ ​កាល​ពី​​មុន​ការ​​រក​អន្ទង់​​​គឹ​ដើរ​ជីក​​​​តាម​រន្ធ​​ក្នុង​ដី​​ ឬធ្វើ​លាន់​​ឫស្សី​ និង​បំពង់​កាវ​ដើម្បី​​ដាក់​អន្ទង់ ​ប៉ុន្តែបច្ចុប្បន្ន​​ការ​រក​អន្ទង់​​គឺ​​ងាយស្រួល​ជាង​មុន ​​​ដោយ​ម្នាក់​ៗធ្វើ​​ជាលប​​ឫស្សី​​​​​វិញ ​ហើយ​ក្នុង​ម្នាក់​​​​​បាន​ជិត​១០០​លប​ យក​ទៅ​ដាក់​តាម​វាលស្រែ​​ ឬ​ប្រឡាយទឹក​ ឯស្រុក​ភ្នំស្រុក ​។ ការ​ដាក់​​​លបយក​អន្ទង់​នេះ​ដែរ​​ ​សំខាន់​ត្រូវ​រក​កន្លែង​​ដាក់​​ ដូច​ជា នៅ​​តាម​​ស្រែ​​​ស្រូវប្រាំង​ថ្មី​ៗ ​​​​ឬ​តាម​ប្រឡាយ​ទឹក​ស្អុយ​ ទើប​ដាក់​បាន​អន្ទ​ង់​ ។

​បុរស​អ្នក​នេសាទ​អន្ទង់ បាន​បន្ត​ថា ​​ក្នុង​​មួយ​ថ្ងៃ​គាត់​អាច​រក​​អន្ទង់​បាន​ចាប់ពី​៥ទៅ​៦គីឡូក្រាម ​​​​​លក់​នៅ​ទីផ្សារ ​អន្ទង់​តូច​​មធ្យម​១គីឡូក្រាម​​តម្លៃ​១៦.០០០រៀល​ ចំណែក​អន្ទង់​ធំ​១គីឡូក្រាម​លក់​បាន​១៨.០០០រៀលទៅ​២០.០០០រៀល ​ដូច្នេះ គាត់​អាច​រក​​​ប្រាក់​​បាន​ជិត​១០ម៉ឺន​រៀលក្នុង​១​ថ្ងៃ​ ។

ការ​​ដាក់​លប​យក​អន្ទង់​​ប្រសិន​ជា​បាន​ដូច​រាល់​​ថ្ងៃនេះ​ ​គឺ​គាត់​សប្បាយ​ចិត្តខ្លាំង​ណាស់ ​​ព្រោះ​បាន​ជួប​ជុំ​​ប្រពន្ធ​កូន​​​និង​ធ្វើ​ឱ្យ​ក្រុម​គ្រួសារ​មានភាព​កក់​ក្តៅ​ផង​ដែរ ​​ប្រសើរ​ជាង​ទៅ​ធ្វើ​ចំណាកស្រុក​​នៅ​ប្រទេស​ជិតខាង ទាំងប្រថុយប្រថាន​ប្រឈម​នឹង​​គ្រោះថ្នាក់​ផ្សេងៗ​​ ​៕