តួ​ក​គី​បាញ់​ធ្លាក់​យន្តហោះ​រុ​ស្ស៊ី​អ្នក​បើក​ម្នាក់​ស្លាប់

យន្តហោះ​ប្រដេញ​រុ​ស្ស៊ី​ធុន SU-24 រង​ការ​វាយប្រហារ​ដោយ​យន្តហោះ F-16 ពីរ​គ្រឿង​របស់​តួ​ក​គី​បាន​ធ្លាក់​នៅ​ចុង​ភាគ​ពាយ័ព្យ​នៃ​ដែនដី​ស៊ី​រី​ខាងជើង​ខេត្ត LATTAQUIE ដែល​ចាប់តាំងពី​ច្រើន​ខែ​មក​ហើយ ជាទី​លាន​នៃ​ការ​ប្រយុទ្ធ​គ្នា​យ៉ាង​សាហាវ​រវាង​កងទ័ព​ស៊ី​រី​គាំទ្រ​ដោយ​កង​យន្តហោះ​រុ​ស្ស៊ី និង​បណ្តា​ក្រុម​ឧទ្ទាម ។

អ្នក​បើក​ទាំង​២​នាក់​នៃ​យន្តហោះ​រុ​ស្ស៊ី​អាច​លោត​ចេញ​មុន​ពេល​ធ្លាក់ ក៏​ប៉ុន្តែ​យោង​តាម​សេនាធិការ​កងទ័ព​រុ​ស្ស៊ី​ថា អ្នក​បើក​ម្នាក់​បាន​ស្លាប់​មុន​ពេល​មក​ដល់​ដី ដែល​បែប​នេះ​គឺ​ដូច​គ្នា​នឹង​ព័ត៌មាន​ទាំងឡាយ​នៃ​ប្រភព​ជិតដិត​នឹង​ពួក​ប្រឆាំង​ស៊ី​រី ។ មុន​នេះ​អ្នក​ទទួលខុសត្រូវ​នៃ​រដ្ឋាភិបាល​តួ​ក​គី​ម្នាក់​គូសបញ្ជាក់​ប្រាប់ AFP ថា អ្នក​បើក​ទាំង​២​នាក់​នៅ​រស់ ហើយ​ប្រទេស​របស់​លោក​ប៉ុនប៉ង​នាំ​ខ្លួន​ពួក​គេ ។

ទីបញ្ជាការ​យោធា​រុ​ស្ស៊ី​ពុំ​ផ្តល់​ព័ត៌មាន​ណាមួយ​ពី​វាសនា​របស់​អ្នក​បើក​យន្តហោះ​ទី​២​ឡើយ ក៏​ប៉ុន្តែ​គូសបញ្ជាក់​ថា ទាហាន​ម្នាក់​ក្នុង​ចំណោម​ទាហាន​របស់​ខ្លួន​បាន​ត្រូវ​ស្លាប់​នៅ​ស៊ី​រី ក្នុង​ឱកាស​នៃប្រតិបត្តិ​ការ​របស់​បណ្តា​ឧទ្ធម្ភាគចក្រ​ប៉ុនប៉ង​តាម​រក​អ្នក​បើក​យន្តហោះ SU-24 ។

ក្នុង​សុន្ទរកថា​មួយ​នៅ​ទីក្រុង​អង់កា​រ៉ា​ប្រធានាធិបតី​តួ​ក​គី លោក​រី​សេ​ប តៃ​យី​ប អ័​រ​ដូ​ហ្គា​ន បាន​លើក​ហេតុផល​ពី​ការ​ប្រើ​កម្លាំង​របស់​កងទ័ព​លោក​ដោយ​លោក​អះអាង​ថា គ្រប់​គ្នា​ត្រូវ​គោរព​សិទ្ធិ​របស់​តួ​ក​គី​ក្នុង​ការ​ការពារ​ព្រំដែន​របស់​ខ្លួន ។

សេនាធិការ​កងទ័ព​តួ​ក​គី​អះអាង​ថា យន្តហោះ​ប្រដេញ​ទម្លាក់​គ្រាប់បែក​រុ​ស្ស៊ី ពិតជា​ហោះ​រំលោភ​ដែនអាកាស​តួ​ក​គី ដែល​បាញ់​ព្រមាន​ដល់​១០​លើក​រយៈពេល​៥​នាទី ។ ការ​បាញ់​ព្រមាន​ទាំងនេះ ត្រូវ​អះអាង​ដោយ​មន្ទីរ​ប៉ង់​តា​ហ្គោ​ន ។ ក៏​ប៉ុន្តែ​ក្រសួង​ការពារ​ប្រទេស​រុ​ស្ស៊ី​បាន​បដិសេធ​យ៉ាង​ម៉ឺងម៉ាត់​ការ​អះអាង​ទាំងនោះ ដោយ​និយាយ​ថា យន្ត​ហោះ​របស់​ខ្លួន​ពិតជា​ស្ថិត​ក្នុង​ដែនអាកាស​ស៊ី​រី ។

ប្រធានាធិបតី​អា​មេ​រិ​ក លោក​បា​រ៉ា​ក់ អូ​បា​ម៉ា ប្រកាន់​ជំហរ​គាំទ្រ​តួ​ក​គី​ជា​សម្ព័ន្ធមិត្ត​ក្នុង​ផ្ទៃ​អូតង់ ហើយ​បានការ​ពារ​សិទ្ធិ​របស់​តួ​ក​គី​ក្នុង​ការ​ការពារ​ដែនដី និង​ដែនអាកាស​របស់​ខ្លួន ។

ប្រទេស​តួ​ក​គី​ចាប់តាំងពី​យូរ​មក​ហើយ រង​ការ​ចោទប្រកាន់​ថា គាំទ្រ​ពួក​ឧទ្ទាម​រ៉ា​ឌី​កាល់ដែល​កំពុង​ធ្វើសង្គ្រាម​ប្រឆាំង​របប​ក្រុង​ដា​ម៉ាស់ ក៏​ប៉ុន្តែ​ទើប​ថ្មី​ៗ​នេះ​ងាក​មក​ចូលរួម​ក្នុង​ក្រុមចម្រុះ​ប្រឆាំង​ពួក​រដ្ឋ​អ៊ិ​ស្លា​ម ។

ក្រៅពី​ប្រតិកម្ម​របស់​លោកពូ​ទី​ន ចំពោះ​ការ​ធ្លាក់​យន្តហោះ​នេះ រដ្ឋមន្ត្រី​ការ​បរទេស​រុ​ស្ស៊ី​លោក​ស័​រ​ហ្គេ​យ​ឡា​រ៉ូ​វ ប្រកាស​លុប​ចោល​ទស្សនកិច្ច​របស់​លោក​ដែល​គ្រោង​ធ្វើ​នា​ថ្ងៃ​ទី​២៥ វិច្ឆិកា នៅ​តួ​ក​គី​ក្នុង​ក្រប​ខណ្ឌ​នៃ​ការ​ចរចា​របស់​បណ្តា​មហាអំណាច ដើម្បី​ស្វែងរក​ដំណោះស្រាយ​នយោបាយ​មួយ​នៃ​ជម្លោះ​នៅ​ស៊ី​រី ។ លោក​ក៏​បាន​ស្នើ​ដល់​ពលរដ្ឋ​លោក​កុំ​ឱ្យទៅ​កាន់​តួ​ក​គី​ជា​គោលដៅ​ទេសចរណ៍​សំខាន់​មួយ ដោយ​លោក​និយាយ​ថា ចំនួន​នៃ​ការ​វាយប្រហារ​ភេរវកម្ម​នៅ​តួ​ក​គី​ក៏​មាន​ច្រើន​មិន​ចាញ់​នៅ​អេ​ហ្ស៊ី​ប​ដែរ ។

អ្នក​ទទួលខុសត្រូវ​អន្តរជាតិ​ជា​ច្រើន​ស្នើ​ដល់​តួ​ក​គី និង​ឱ្យ​មានការ​អត់ធ្មត់ ។ ពេល​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​ក្រុង​វ៉ា​ស៊ី​ន​តោន ប្រធានាធិបតី​បារាំង​លោក​ហ្វ្រ​ង់​ស្វ័​រ ហូ​ឡង់ ចង់ឱ្យ​គេ​ចៀសវាង​រាល់​ការ​បង្កើន​ភាព​តានតឹង ។ ចំណែក​អគ្គលេខាធិការ អ​.​ស​.​ប លោក​បាន គី​មូ​ន ស្នើ​ឱ្យ​មាន​វិធានការ​បន្ទាន់​នានា​ដើម្បី​សម្រាល​ភាព​តានតឹង ។

ក្រោយ​កិច្ចប្រជុំ​វិសាមញ្ញ​មួយ តាម​សំណើ​របស់​តួ​ក​គី អគ្គលេខាធិការ​អូតង់ លោក JENS STOLTENBERG ប្រកាស​ពី​សាមគ្គីភាព​ជាមួយ​តួ​ក​គី ក៏​ប៉ុន្តែ​អំពាវនាវ​ឱ្យ​តួ​ក​គី​រក្សា​ភាព​ស្ងប់ស្ងាត់ ហើយ​សម្រាល​ភាព​តានតឹង ។

ភាព​តានតឹង​រវាង​តួ​ក​គី និង​រុ​ស្ស៊ី​មាន​កាន់តែ​ខ្លាំង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ បន្ទាប់​ពី​ការ​ទម្លាក់​គ្រាប់បែក​របស់​រុ​ស្ស៊ី​ដែល​ក្រុង​អង់កា​រ៉ា​ថា សំដៅលើ​បណ្តា​ភូមិ​របស់​ជនជាតិភាគតិច​និយាយ​ភាសា​តួ​ក​គី​របស់​ស៊ី​រី ។ លោក​អ័​រ​ដូ​ហ្គា​ន រំលឹក​កាលពី​យប់​ថ្ងៃ​ទី​២៤ វិច្ឆិកា ថា លោក​នឹង​បន្ត​ជួយ​ទ្រទ្រង់​ដល់​ពួក​តួ​ក​ម៉ែ​ន​ស៊ី​រី ៕