លេខា​បក្ស​ពលករ​កូរ៉េ​ខាងជើង​បញ្ជូន​ទៅ​កែប្រែ​ក្នុង​កសិដ្ឋាន​មួយ

ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េ​ខាងត្បូង YONHAP ដែល​ដកស្រង់​ប្រភព​អាណា​មិ​កមួយ​រាយការណ៍​កាលពី​ថ្ងៃ​ទី​២៥ វិច្ឆិកា ថា លេខា​បក្ស​ពលករ​កូរ៉េ​ខាងជើង លោក CHOE RYONG HAE ជា​អ្នក​ជួយ​ជ្រោមជ្រែង​សំខាន់​ដល់​មេដឹកនាំ​កូរ៉េ​ខាងជើង​លោក​គី​ម ជុង​អ៊ុ​ន ត្រូវ​គេ​បញ្ជូន​ទៅ​ធ្វើការ​កែប្រែ​បដិវត្តន៍​នៅ​ក្នុង​កសិដ្ឋាន​មួយ​នៃ​ខេត្ត HAMGYONG ស្ថិត​នៅ​ភាគ​ឦសាន​ប្រទេស ។

ប្រភព​នេះ​ដែល​ពុំ​និយាយ​ពី​កន្លែង​ពិតប្រាកដ​រៀបរាប់​ពី​លោក CHEO RYONG-HAE ថា​ហាក់ដូចជា​រស់នៅ​ក្នុង​កសិដ្ឋាន​មួយ​នៃ​ខេត្ត HAMGYONG ចាប់តាំងពី​ខែ​នេះ​មក ។

ខាង​ផ្នែក​ស៊ើបអង្កេត​ជាតិ NIS របស់​កូរ៉េ​ខាងត្បូង​លាតត្រដាង​កាលពី​ថ្ងៃ​ទី​២៤ វិច្ឆិកា ប្រាប់​បណ្តា​សមាជិក​សភា​ថា លោក​គី​ម បាន​បញ្ជូន​លោក CHOE ទៅ​កាន់​កសិដ្ឋាន​ជនបទ​មួយ​ដើម្បី​ដាក់​ទណ្ឌកម្ម​ចំពោះ​ការ​ធ្លាយ​ទឹក​នៃ​សំណង់​ធារាសាស្ត្រ​មួយ​នៅ​ភ្នំ PAEKDU ដោយសារ​ការ​បាក់​ដី ។ ទំនាស់​រវាង​លោក​គី​ម និង​លោក CHOE លើ​នយោបាយ​ទាក់ទិន​នឹង​យុវជន​ក៏​អាច​ជា​ប្រភព​នៃ​ការ​ដាក់​ទណ្ឌកម្ម​នេះ​ដែរ ។

ការ​ដាក់​ទណ្ឌកម្ម​បែប​នេះ​អាច​ជា​គំរូ​ថ្មី​មួយ​នៃ​ការ​បំបាក់​ដែល​លោក​គី​ម ប្រើ​ដើម្បី​រក្សា​អំណាច ។ ចាប់តាំងពី​ឡើង​កាន់​អំណាច​មក មេដឹកនាំ​កូរ៉េ​ខាងជើង បាន​ដាក់​ទណ្ឌកម្ម និង​ប្រហារជីវិត​មន្ត្រី​យោធា និង​សមាជិក​បក្ស​ជា​ច្រើន​រូប ។

មាន​ពាក្យ​ចចាមអារ៉ាម​នានា​ថា លោក CHOE អាច​ត្រូវ​គេ​ទម្លាក់​ចេញពី​តំណែង​ក្នុង​ផ្ទៃ​បក្ស​ដោយ​ពាក្យ​ចចាមអារ៉ាម​បែប​នេះ​មាន​កាន់តែ​ច្រើន​ចាប់តាំងពី​អវត្តមាន​របស់​លោក​ក្នុង​ពិធី​បុណ្យសព​អ្នកនយោបាយ​ជើង​ចាស់ និង​ជា​សេនាប្រមុខ​យោធា​កូរ៉េ​ខាងជើង​លោក RI UL SOL កាលពី​ដើមខែ​នេះ​មក ។

លោក CHOE អាយុ​៦៥​ឆ្នាំ ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​ជន​លេខ​២​នៃ​របប​កុំ​មុ​យ​នី​ស្ត​កូរ៉េ​ខាងជើង ។ លោក​ធ្លាប់​ត្រូវ​ដក​បុណ្យស័ក្តិ​ម្តង​កាលពី​ឆ្នាំ​១៩៩៨ ដោយសារ​ការ​ចោទ​ពី​រឿង​ពុក​រលួយ ហើយ​ធ្លាប់​ទទួល​ការ​អប់រំ​កែប្រែ​កាលពី​ឆ្នាំ​២០០៤ ក្នុង​កសិដ្ឋាន​មួយ​ដោយសារ​ហេតុផល​ដូច​គ្នា​នេះ ៕