លោក ហ៊ុន​ម៉ា​នី នឹង​វិល​ត្រលប់​មកដល់​ភ្នំពេញ នៅ​រសៀល​ថ្ងៃទី​២៦​វិច្ឆិកា បន្ទាប់ពី​ទទួល​ពានរង្វាន់​សន្តិភាព Gusi

ភ្នំពេញ: ​លោក ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​ជា​អ្នកតំណាងរាស្ត្រ​វ័យក្មេង​របស់​កម្ពុជា បានទទួល​ពានរង្វាន់​សន្តិភាព Gusi Peace Prize នៅ​ប្រទេស​ហ្វីលីពីន នា​រសៀល​ថ្ងៃទី​២៥​វិច្ឆិកា​នេះ​។ លោក​ហ៊ុន​ម៉ា​នី នឹង​វិល​ត្រលប់ មកដល់​កម្ពុជា នៅ​ម៉ោង ១២ និង ៣០ នាទី រសៀល​ថ្ងៃទី​២៦​វិច្ឆិកា​។​

​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បានប្រកាសថា នឹង​រៀបចំ​សន្និសីទ​សារព័ត៌មាន​មួយ ស្តីអំពី ការទទួលបាន​នូវ​ពានរង្វាន់​សន្តិភាព​អន្តរជាតិ GUSI របស់លោក ហ៊ុន ម៉ា​នី កាលពី​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន​។ សន្និសីទ​សារព័ត៌មាន​នេះ នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ទីតាំង​មកដល់​ភ្ញៀវ​អន្តរជាតិ នៃ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ វេលា​ម៉ោង ១២ និង ៣០ នាទី រសៀល​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៥ ក្រោម​អធិបតីភាព​លោក ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​។

​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បានប្រកាសថា ពិធី​ទទួល​លោក​ហ៊ុន​ម៉ា​នី នឹងមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​សមាជិក សមាជិកា សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ប្រមាណ ៥០០ នាក់​ផងដែរ​។​

​លោក ហ៊ុន ម៉ា​នី គឺជា​ឥស្សរជន​កម្ពុជា ដំបូង​គេ ដែល​ទទួលបាន​ពានរង្វាន់​សន្តិភាព “The Gusi Peace Prize” នៅ​ប្រទេស​ហ្វីលីពីន​។ លោក ហ៊ុន ម៉ា​នី ទទួលបាន​ពានរង្វាន់​សន្តិភាព​នោះ ជាមួយនឹង​ឥស្សរជន​ពិភពលោក ១៨ រូប​ផ្សេងទៀត ដោយសារតែ​លោក ជា​អ្នកដឹកនាំ​យុវជន​ឆ្នើម និង​ជា​អ្នកការពារ​ស្រឡាញ់​សម្បត្តិ​វប្បធម៌​បេតិកភណ្ឌ​ពិភពលោក ជាដើម​។

​មន្ត្រីជាន់ខ្ពស់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បានលើកឡើង​ពី​ចំណុច​សំខាន់ៗ ដែល​ធ្វើ​ឲ្យ​គណៈកម្មការ​ទាំង ២១ ប្រទេស បានសម្រេច​ជ្រើសរើស​លោក ហ៊ុន ម៉ា​នី ជា​ម្ចាស់​ពានរង្វាន់​សន្តិភាព GUSI ដែល​រួមមាន​៖ ការរក្សាបាន​នូវ​សុខ​សុវត្ថិភាព យុត្តិធម៌ និង​សេរីភាព​របស់​យុវជន ដោយ​មិន​រើសអើង​ជាតិ​សាសន៍ ពណ៌​សម្បុរ វណ្ណៈ​សង្គម និង​និន្នាការ​នយោបាយ ការលើកកម្ពស់​ចលនា​ចូលរួម​ដោយ​ស្ម័គ្រចិត្ត​របស់​យុវជន​នៅក្នុង​ការអភិវឌ្ឍ ថែរក្សា​បូរណភាព​ទឹកដី សេចក្ដី​ថ្លៃ ថ្នូរ សាមគ្គីភាព សន្តិភាព លើកទឹកចិត្ត​យុវជន​ក្នុងការ​ស្វែងយល់​អំពី​ប្រវត្តិសាស្ត្រ ប្រពៃណី ទំនៀមទម្លាប់ បង្កើត​កិច្ចសហប្រតិបត្តិការ និង​ទំនាក់​ល្អជា​មួយអង្គ​ការ​សហគម​ន៍​ជាតិ និង​អន្តរជាតិ ព្រមទាំង​ផ្ដល់​ការបណ្ដុះបណ្ដាល​វិជ្ជាជីវៈ បំ​និ​ន​ជីវិត ការអប់រំ​យុវជន ជាពិសេស​សម្រាប់​ជនពិការ ជាដើម​។​

​ពានរង្វាន់​សន្តិភាព “Gusi Peace Prize” ត្រូវបាន​លោក Barry Gusi បង្កើតឡើង កាលពី​ឆ្នាំ​២០០២ ក្នុង​គោលបំណង​ឧទ្ទិស​ដល់​ឪពុក​របស់លោក គឺ​លោក Gemeniano Javier Gusi អតីតយុទ្ធជន នា​សម័យ​សង្គ្រាមលោក លើក​ទី​ពីរ ដែល​បាន​តស៊ូ​ប្រយុទ្ធ​ប្រឆាំងនឹង​កងទ័ព​ជប៉ុន ហើយ​ក្រោយមក បាន​ក្លាយជា​អ្នកនយោបាយ និង​ជា​សកម្មជន​សិទ្ធិមនុស្ស​៕​